ថៃ ផ្អាក​ការផ្គត់ផ្គង់​ស្រូវ​បណ្ដោះអាសន្ន ព្រោះ​ខ្លាច​លើស​តម្រូវការ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-14-2016, 10:59 pm         106

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ ផ្អាក​ការផ្គត់ផ្គង់​ស្រូវ​បណ្ដោះអាសន្ន ព្រោះ​ខ្លាច​លើស​តម្រូវការ​លោកស្រី Wiboonrak Ruamrak ប្រធាននាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកថៃ​ប្រទេស​ថៃ ដែលជា​ប្រទេស​នាំចេញ​ស្រូវ​ធំជាងគេ​របស់​អាស៊ាន បានប្រកាស​ផ្អាក​ការដេញថ្លៃ​លើ​ការទិញ​ស្រូវ​របស់​រដ្ឋ ជា​បណ្ដោះអាសន្ន​។ ការប្រកាស​នេះ ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ស្រូវ​អង្ករ​របស់​ថៃ នៅមុន​ការមកដល់​រដូវ​កាល​ប្រមូល​ផល​ស្រូវ​ខែវិច្ឆិកា​ខាងមុខ ដើម្បី​ចៀសវាង​ការផ្គត់ផ្គង់​លើស​តម្រូវការ​ទីផ្សារ​។​

​គណៈកម្មាធិការ​ស្រូវ​អង្ករ​ថៃ នៅ​ថ្ងៃទី​១៤ ខែកញ្ញា និយាយថា ថៃ​នឹង​ផ្អាក​ការទិញ​ស្រូវ​រដ្ឋ​ជា​បណ្ដោះអាសន្ន​សិន ខណៈដែល​សល់​តែ​ជិត​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ រដូវ​កាល​ប្រមូល​ផល​ស្រូវ​នឹង​ចាប់ផ្ដើម​។ ថៃ​ដែលជា​ប្រទេស​នាំចេញ​ស្រូវ​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក បន្ទាប់ពី​ឥណ្ឌា​នោះ មាន​ស្រូវ​ស្តុក​ទុក​ប្រហែល​៨.៤​លាន​តោន ដែល​សល់​ពី​ការទិញ​របស់​រដ្ឋាភិបាល​មុន​។​

​បន្ទាប់ពី​ដណ្ដើម​អំណាច​តាមរយៈ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រដ្ឋាភិបាលយោធា​ថៃ បាន​ព្យាយាម​លក់​ស្រូវ​ដែល​ស្តុក​ទុក​ទាំងនោះ​។ ចំពេល​ដែល​គ្រោះរាំងស្ងួត​វាយប្រហារ​នៅ​ថៃ និង​ប្រទេស​ផលិត​ស្រូវ​ផ្សេងទៀត​នោះ ទិន្នផល​ស្រូវ​បាន​ធ្លាក់ចុះ តែ​ក៏បាន​ផ្ដល់ឱកាស​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ចេញ​ស្រូវ​របស់ខ្លួន​ដែរ​។​

​យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែលជា​ប្រធាន​គណៈកម្មាធិការ​ស្រូវ​ខាងលើ និយាយថា ថៃ មាន​ផែនការ​ផ្អាក​ការដេញថ្លៃ​ស្រូវ​រដ្ឋ​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ការផ្គត់ផ្គង់​លើស​តម្រូវការ​។ បន្ទាប់ពី​កិច្ចប្រជុំ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការលក់​ស្រូវ នឹងត្រូវ​ផ្អាក​ចាប់ពីពេលនេះ​។ យើង​ត្រូវ​រង់ចាំ​ដល់​រដូវ​ការប្រមូល​ផល​ខែវិច្ឆិកា ទើប​សម្រេចចិត្ត​បន្តទៀត​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី Wiboonrak Ruamrak ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​និយាយថា ថៃ រំពឹងថា​នឹង​ទទួលបាន​ផល​ស្រូវ​ចំនួន​២៣.៥៥​លាន​តោន នៅ​ចន្លោះ​ខែតុលា ដល់​ខែធ្នូ​។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​ថៃ​ចង់​ឲ្យ​ធនាគារ​កសិកម្ម និង​ក្រុមហ៊ុន​កិនស្រូវ ទិញស្រូវ​ចំនួន​១០​លាន​តោន​ទៅតាម​តម្លៃ​ទីផ្សារ ពី​ចំនូ​ន​សរុប​២៣.៥៥​លាន​តោន​នេះ​។

​លោកស្រី Wiboonrak បន្តថា ធនាគារ​រដ្ឋ​ខាងលើ នឹងត្រូវ​ស្តុក​ស្រូវ​ទុក​ចំនួន​២​លាន​តោន ហើយ​រដ្ឋាភិបាល​នឹង​ផ្ដល់​លុយ​ឲ្យ​ក្រុមហ៊ុន​កិនស្រូវ សម្រាប់​ស្តុក​ទុក​បរិមាណ​៨​លាន​តោន​ទៀត​។ ក្នុង​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៦​នេះ ថៃ​នាំចេញ​ស្រូវ​អង្ករ​បាន​៦.៥៧ ហើយ​ថៃ មាន​ផែនការ​នាំចេញ​អង្ករ​ឲ្យ​បាន​៩.៥​លាន​តោន​នៅ​ដំណាច់​ឆ្នាំនេះ​៕