តើ​​ប្រកួត​មួយ​ណា​នៅ​លីគ​២០១៦​ដែល​គ្រូ​ការពារ​ជាតិ​​គិត​ថា​ អស្ចារ្យ​បំផុត?​

ពាន​រង្វាន់​បាល់ទាត់​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា មិត្ត​ហ្វូន​ខេមបូឌាន​លីគ​ បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​កញ្ញា​​ដែល​ក្រុម​នីមួយ​ៗ​​ត្រូវ​ឆ្លង​កាត់​១៨​ប្រកួត។ វា​ជា​ដំណើរ​ការ​ប្រកួត​ដ៏​វែង​ឆ្ងាយ​ និង​តាន់​តឹង​សម្រាប់​ក្រុម​ទាំង​អស់​ ហើយ​ការ​ប្រកួត​ខ្លះ​ក៏​សំខាន់​បំផុត​ដែល​មិន​អាច​ភ្លេច​បាន។

 

តើ​​ប្រកួត​មួយ​ណា​នៅ​លីគ​២០១៦​ដែល​គ្រូ​ការពារ​ជាតិ​​គិត​ថា​ អស្ចារ្យ​បំផុត?​ លោក ទេព ឡុងរចនា (អាវស)​ទទួលពាន​គ្រូ​បង្វឹក​ឆ្នើុម

 

និយាយ​ពី​ក្លឹប​ក្រួស​ការពារ​ជាតិ​វិញ​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​២​ ឬ​ជើង​ឯក​រង​ បន្ទាប់​ពី​ឆ្លង​កាត់​១៨​ប្រកួត​ក្នុង​នោះ​ឈ្នះ​​១៥​ ស្មើ​១​ និង​ចាញ់​២។ ក្នុង​ចំណោម​១៨​ប្រកួត​ពេញ​មួយ​រដូវ​កាល​នេះ​ លោក​ ទេព ឡុងរចនា​ គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​បាន​ចង​ចាំ​ការ​ប្រកួត​ដែល​សំខាន់​បំផុត​ និង​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ការ​ប្រកួត​ឈ្នះ​ក្រុម​បឹង​កេត​អង្គរ​កាល​ពី​ជើង​ទី​១​។

 

លោក ទេព ឡុងរចនា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​នេះ​ប្រាប់​ Sabay​ ​ថា​​ដោយ​សារ​កូន​ក្រុម​​របស់​លោក​លេង​ដោយ​ជំនឿ​ចិត្ត​ និង​មិន​ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ​ឬ​ត្រូវ​ប្រាប់​ច្រើន​បន្ថែម​ទៀត​នោះ​ទេ​សម្រាប់​ការ​ប្រកួត​ឈ្នះ​បឹងកេត​អង្គរ​ដោយ​លទ្ធផល​ ២-១ កាល​ពី​ជើង​ទី​១។ ការ​ប្រកួត​នេះ​ ក្រុម​របស់​លោក​​លេង​បាន​ល្អ​ និង​គ្រប់​គ្រង​បាល់​បាន​ច្រើន​ជាង​ក្រុម​បឹងកេត​អង្គរ​ទើប​បាន​ធ្វើ​ឲ្យ​​លោក​ពេញ​ចិត្ត​បំផុត​ និង​ចង​ចាំ​រហូត។

 

តើ​​ប្រកួត​មួយ​ណា​នៅ​លីគ​២០១៦​ដែល​គ្រូ​ការពារ​ជាតិ​​គិត​ថា​ អស្ចារ្យ​បំផុត?​លោក ទេព ឡុងរចនា​ទទួល​ប្រាក់​រង្វាន់

 

លោក​ ទេព​ ឡុងរចនា​​បាន​ជួយ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ឈ្នះ​ពាន​រង្វាន់​ Hun Sen Cup រដូវ​កាល​២០១៦​នេះ​ និង​ទទួល​បាន​​​ចំណាត់​ថ្នាក់​លេខ​២​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​របស់​លោក​ជាប់​ជា​ក្រុម​ Fair Play និង​អ្នក​ចាំ​ទី​វ័យ​ក្មេង ​អ៊ុំ សេរីរ័ត្ន​ជាប់​ជា​​កីឡាករ​ចាំ​ទី​ឆ្នើម​ថែម​ទៀត៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​​