ចូល​ស្រុក​ភ្លាម ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជិត​៤​ឆ្នាំ​ ពេល​វិល​ត្រឡប់​ចូល​​ប្រទេស​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ចាប់ខ្លួន​ភ្លាម តាម​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ថា បាន​ចេញ​សែក​ស្អុយ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ រិ​ទ្ធ ចំរើន អាយុ​៤៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ស្បូវ ឃុំ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៨៤ ផ្លូវ​សុក​ហុ​ក សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង លឹ​ម​អ៊ា​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​សុខ​ហុ​ក ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា តាម​ដីកា​លេខ​១២១ ត ព្រ ចុះ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៣ ដោយ​លោក​កែវ មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ចោទប្រកាន់​ពី​បទ​បាន​ចេញ​សែក​ស្អុយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១២ កន្លង​ទៅ ជនសង្ស័យ​បាន​ទៅ​ទិញ​ដែក​ពី​ជន​រង​គ្រោះ ដែល​មាន​ទឹកប្រាក់​តម្លៃ​៧.៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ជន​នោះ​បាន​ទូទាត់​ប្រាក់​ជា​សែក​ទៅ​ឱ្យ​ជន​រង​គ្រោះ ប៉ុន្តែ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទទួល​បាន​សែក​ហើយ​យក​ទៅ​បើក ស្រាប់តែ​អត់​មាន​ទឹកប្រាក់ ព្រោះ​ជា​សែក​ស្អុយ ។ ពេល​នោះ​ជនសង្ស័យ​មិន​បាន​ទទួលខុសត្រូវ​ចំពោះ​សែក​ស្អុយ​នោះ​ទេ ទើប​ជន​រង​គ្រោះ​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាត់​រយៈពេល​ជិត​៤​ឆ្នាំ រហូត​មក​ទល់​ពេល​នេះ​ទើប​ត្រឡប់​ចូល​ស្រុក​វិញ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​ប្រព្រឹត្ត​បែប​នោះ​មែន បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕