នារី​ម្នាក់​ប្ដឹង​ឪពុក​ម្ដាយ​ដែល​បង្ហោះ​រូប​​កាល​​ពី​ក្មេង​លើ​ Facebook

នារី​វ័យ​ ១៨ ឆ្នាំ​មួយ​រូប​មក​ពី​តំបន់​ Carinthia នៃ​ប្រទេស​អូទ្រីស​ បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​​ឪពុក​ម្ដាយ​​​ ពី​បទ​បង្ហោះ​រូប​មិន​សមគួរ​ និង រូប​បែប​ននល​គោក​របស់​នាង​កាល​ពី​ក្មេង​ ដោយ​គ្មាន​ការ​អនុញ្ញាត។

 

នារី​ម្នាក់​ប្ដឹង​ឪពុក​ម្ដាយ​ដែល​បង្ហោះ​រូប​​កាល​​ពី​ក្មេង​លើ​ Facebook

 

Michael Rami មេធាវី​ការពារ​ក្ដី​​របស់​នារី​​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បាន​អះអាង​ថា​ ឪពុក​ម្ដាយ​របស់​នាង​បាន​បង្ហោះ​រូប​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​សាមី​ខ្លួន​ជាង​ ៥០០ សន្លឹក​ លើ​បណ្ដាញ​ Facebook​ រួម​មាន​ទាំង​ការ​ដូរ​កន្ទប​ទឹក​នោម និង​ ការ​បង្រៀន​ឲ្យ​នាង​បត់ជើង​តូច/ធំ​ ​​ជា​ដើម។ នេះ​បើ​យោង​​​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ The Local។

 

​​​​​មេធាវី​ Rami បន្ត​ថា​ប្រសិន​បើ​កូន​ក្ដី​នាង​អាច​បញ្ជាក់​ថា​រូបភាព​ទាំង​នោះ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ នោះ​​នាង​នឹង​ឈ្នះ​ក្ដី​លើ​ការ​ប្ដឹង​ផ្ដល់​នេះ។ នារី​វ័យ​ក្មេង​រូប​នោះ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ The Local ថា៖ “ពួក​គាត់ (ឪពុក​ម្ដាយ) មិន​ស្គាល់​ភាព​អៀន​ខ្មាស​ ហើយ​​ធ្វើ​ដោយ​ហួស​ព្រំដែន​ មិន​តែ​ប៉ុណ្ណោះ​ពួក​គាត់​មិន​ខ្វល់​ថា​នោះ​ជា​រូបភាព​ខ្ញុំ​អង្គុយ​លើ​ចាន​បង្គន់​ ឬ ស្រាត​ននល​គោក​លើ​ប៉ាវ​អី​នោះ​ទេ, គ្រប់​សកម្មភាព​ទាំង​អស់​ត្រូវ​បាន​ថត​ទុក ហើយ​ក្រោយ​មក​បង្ហាញ​ជា​សាធារណ”។

 

ដើម​បណ្ដឹង​ធ្លាប់​សុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្លួន​លុប​រូប​ទាំង​នោះ​ចេញ​ដែរ ប៉ុន្តែ​ឪពុក​របស់​នាង​មិន​ព្រម​តាម​ឡើយ​ ដោយ​គាត់​អះអាង​ថា​រូប​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​គាត់​ ហើយ​គាត់​មាន​សិទ្ធ​​បង្ហាញ​វា​ដល់​សាធារណ​ជន។

 

រឿង​ក្ដី​នេះ​នឹង​បើក​សវនាការ​កាត់​ក្ដី​​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​ប្រសិន​បើ​ខាង​ឪពុក​ម្ដាយ​ចាញ់​ក្ដី​នោះ​​វា​នឹង​ជា​ការ​ដាស់​តឿន​ដល់​ឪពុក​ម្ដាយ​ជនជាតិ​អូទ្រីស​ដទៃ​ទៀត​ ដែល​​ចូល​ចិត្ត​បង្ហោះ​រូប​កូនៗ​លើ​បណ្ដាញ​សង្គម៕​​​​​

 

ចុច​អាន៖ បាន​ប្រាក់​រង្វាន់​ ២ សែន​ដុល្លារ​ពី​ Google បើ​អាច​ Hack ទូរសព្ទ​ Nexus 6P និង 5X

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​​