រូប​ថត​កុមារា​ស្គម​ស្គាំង​សល់​តែ​គ្រោង​ឆ្អឹង បង្ហាញ​ពី​ភាព​រន្ធត់​នៃ​សង្គ្រាម​ស៊ីវិល នៅ​យេម៉ែន

ភាព​ភ័យ​រន្ធត់​នៃ​សង្គ្រាម​ស៊ីវិល ក្នុង​ប្រទេស​យេម៉ែន ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​រូបថត ដោយ​ក្នុង​នោះ មាន​កុមារា​ដ៏​គួរ​ឲ្យ​អាណិត​ម្នាក់ បាន​ទទួល​រង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។ អង្គការ UNICEF បាន​ប៉ាន់​ស្មាន​ថា កុមារ​ប្រមាណ​ជា ៣២០ ០០០​នាក់ កំពុង​ប្រឈម​នឹង​ការ​អត់​ឃ្លាន ខណៈ​ក្មេងៗ​ចំនួន​ជាង ២​លាន​នាក់​ទៀត ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

 

រូប​ថត​កុមារា​ស្គម​ស្គាំង​សល់​តែ​គ្រោង​ឆ្អឹង បង្ហាញ​ពី​ភាព​រន្ធត់​នៃ​សង្គ្រាម​ស៊ីវិល នៅ​យេម៉ែន

 

រូប​ថត​កុមារា​ដ៏​គួរ​ឲ្យ​អាណិត មាន​ឈ្មោះ​ថា Salim Musabih អាយុ​៦​ឆ្នាំ​នោះ ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប របស់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ នៅ​ឯ​មន្ទីរពេទ្យ Al-Thawra Hospital ស្ថិត​នៅ​ក្បែរ​កំពង់ផែ Red Sea នៃ​ទីក្រុង Houdieda ប្រទេស​យេម៉ែន ដោយ​កុមារា​នោះ​កំពុង​អង្គុយ​នៅ​លើ​គ្រែ ក្បែរ​ម្ដាយ​របស់​គេ។ ខ្លួន​ប្រាណ​របស់ Salim បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​គ្រោង​ឆ្អឹង និង​ស្បែក​យ៉ាង​ជ្រៀវ​ជ្រួញ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អាណិត។

 

បុគ្គលិក​ស្ម័គ្រ​ចិត្ត​នៃ​មន្ទីរពេទ្យ​ខាង​លើ មាន​ឈ្មោះ​ថា Ibrahim Al Kalee បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «ពួក​គេ​មក​ពី​តំបន់​ដែល​រង​ការ​​បំផ្លិច​បំផ្លាញ ដោយ​ទីនោះ​គ្មាន​អាហារ ទឹក​ស្អាត ឬ ហេដ្ឋារចនា​សម្ព័ន្ធ​អ្វី​ទាំង​អស់។ ពួក​គេ​បាន​ស្រេក​ឃ្លាន ហើយ​ប្រភព​អាហារ​តែ​ម្យ៉ាង​គត់​ដែល​ពួក​គេ​អាច​រក​បាន គឺ​សមុទ្រ។ Salim បាន​មក​ដល់​មន្ទីរពេទ្យ​ជា​មួយ​ម្តាយ បន្ទាប់​ពី​ភូមិ​ស្រុក​របស់​ពួក​គេ ជួប​បញ្ហា​ខ្វះ​ខាត​ស្បៀង​អាហារ​ធ្ងន់ធ្ងរ ដោយ​សារ​តែ​កង្វះ​នៃ​ការ​នាំ​ចូល ដែល​បង្ក​ឡើង​ដោយ​ភាព​អសន្តិសុខ»។

 

រូប​ថត​កុមារា​ស្គម​ស្គាំង​សល់​តែ​គ្រោង​ឆ្អឹង បង្ហាញ​ពី​ភាព​រន្ធត់​នៃ​សង្គ្រាម​ស៊ីវិល នៅ​យេម៉ែន

 

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​យេម៉ែន បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ ខាត​បង់​អស់​ប្រាក់ ចំនួន ១៤​ពាន់​លាន​ដុល្លារ​ហើយ។ នេះ​បើ​យោង​តាម​របាយការណ៍​រួម​ជា​សម្ងាត់ ដែល​ចងក្រង​ដោយ ធនាគារ​ពិភពលោក (World Bank) អង្គការ​សហប្រជាជាតិ (UN) ធនាគារ​អភិវឌ្ឍន៍​អ៊ីស្លាម (Islamic Development Bank) និង សហភាពអឺរ៉ុប (European Union)៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ RT