ម្នាក់ៗក្តៅចិត្ត! វាអត់គិត​ជីវិតគេ ​អាងតែរត់ប្រះអាយុ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​ដឹក​កុងតឺន័រ​មួយ​គ្រឿង បាន​បើក​​តាម​ផ្លូវជាតិ​លេខ​​៤​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ស្រាប់តែ​វាក់​ជាមួយ​រថយន្ត​កូរ៉េ​​​១​គ្រឿង​កំពុង​បើក​ចេញពី​ផ្លូវ​បេតុង​ចូល​រោងចក្រ​កាត់ដេរ (QMI) ដោយ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ទៅ​​បុក​ចំ​គូទ​រថយន្ត​កូរ៉េ​នោះ​ពីក្រោយ​ ​បន្ទាប់​មក​​រថយន្ត​កុងតឺន័រ​នោះ មិន​បាន​ឈប់​ស្ងៀម​​ទេ បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ ហើយ​​ជ្រុល​ទៅ​បុក​រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទ្រុង​ដឹក​ភេសជ្ជៈ​មួយ​គ្រឿង​ ដែល​កំពុង​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ពីក្រោយទៀត ធ្វើ​ឱ្យ​​ក្រឡាប់​បះជើង​ដេក​ច្រង៉ាង​លើ​ផ្លូវ​តែ​ម្ដង ​។ ​ដោយឡែក អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿងមិន​បាន​គ្រោះថ្នាក់​នោះ​ឡើយ រីឯ​រថយន្ត​កូរ៉េ​មិន​ចាំ​ម៉ាក​បាន បើក​​បន្តដំណើរ​ទៅ​មុខ​បាត់​ស្រមោល ​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០​៥ ​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​កញ្ញា ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ កែង​នឹង​ផ្លូវ​បេតុង​រោងចក្រ​កាត់ដេរ​ (QMI)​ ទល់មុខ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ​ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

រថយន្ត​​​ដែល​ក្រឡាប់ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ទ្រុង​ព​ណ៌​ខៀវ ដឹក​ភេសជ្ជៈ​ចំនួន​៨០០​កេស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-7423 អ្នកបើកបរ​មិន​ត្រូវ​បានស្គាល់​អត្តសញ្ញាណ​ទេ​​ និង​រថយន្ត​មួយគ្រឿង​ទៀតម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌.សដឹង​កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0990 អ្នកបើកបរ ​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ដូច​គ្នា ព្រោះ​រត់គេច​ខ្លួន​បាត់​អស់ហើយ ។​

តាម​ប្រភព​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ទ្រុងដឹក​ភេសជ្ជៈចំនួន​៨០០​កេស ចូល​រោងចក្រ​កាត់ដេរ ​(QMI) ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​ពីក្រោយ​រថយន្ត​កូរ៉េ​មិន​ស្គាល់​ម៉ាក​១​គ្រឿង ហើយ​បាន​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្នុង​បំណង​បត់​ឆ្វេង​ដៃ​ចូល​ភ្នំពេញ​ ។​ ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​កុងតឺន័រ​១​គ្រឿង​ទៀត បាន​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ទៅ​ដល់​ល្មម ហើយ​បាន​វាក់​ជាមួយ​រថយន្ត​កូរ៉េ​មិន​ចាំ ម៉ាក ដែល​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ​។

ដោយសារ​តែ​មាន​ល្បឿន​លឿន ទើប​គេច​និង​ជាន់​ហ្វ្រាំង​ឈប់​មិនទាន់​រថយន្ត​កុងតឺន័រ​នេះ ក៏​បាន​បុក​ចំ​គូទ​រថយន្ត​កូរ៉េ​មិន​ចាំ​ម៉ាក ប៉ុន្តែ​មិន​បាន​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ បន្ទាប់​មក​រថយន្ត​កុងតឺន័រ មិន​បាន​ឈប់​ស្ងៀម​ឡើយ បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ រួច​ក៏​ជ្រុល​ទៅ​បុក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទ្រុង​ដឹក​ភេសជ្ជៈ​ចំ​កាប៊ី​ន​ចំហៀង​ឆ្វេង ពេញទំហឹង​រុញ​រហូត​ដល់​ក្រឡាប់ ស្ទើរតែ​ធ្លាក់​ចូល ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទៀត​ផង ទើប​រថយន្ត​កុងតឺន័រ​នោះ​ឈប់​ស្ងៀម នៅ​កាត់​ទទឹង​ផ្លូវ​តែ​ម្តង ។

គួរបញ្ជាក់ថា ហេតុការណ៍​នេះ ធ្វើឱ្យប្រជាពលរដ្ឋ​ជាច្រើននាក់ មានការខឹងសម្បារយ៉ាងខ្លាំង​ ជាមួយអ្នក​បើក​បរ​ដែល​គ្មាន​ទំនួល​ខុសត្រូវសោះ ដែលអាងតែ​រត់ប្រះអាយុ ឱ្យតែវាបង្កហេតុរួច ។