ប្រហែសមែន! កាន់ឌុយ​ដោតប៊្រីភ្លើងទាំងដៃខ្លួនឯង​សើម​

ខេត្តពោធិ៍សាត់ ៖​ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ​បុរសម្នាក់បានស្លាប់​​យ៉ាងអាណោចអាធ័ម ខណៈ​កំពុងដៃ​សើម​​​ភ្លេច​ខ្លួន បាន​ទៅ​ដោត​ប្រ៊ី​ភ្លើង​​ម៉ូទ័រ បណ្តាលឱ្យ​ឆក់​ភ្លាមៗ ដែលហេតុការណ៍​នេះបង្កឱ្យភ្ញាក់​ផ្អើល កាល​ពី​វេលា​​ម៉ោងជាង១១ព្រឹកថ្ងៃទី​១៤ កញ្ញា ២០១៦ ស្ថិត​នៅចំណុច​អូរសាបមាត់លើ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះដែលស្លាប់​ឈ្មោះភឹម សុខឃឿន អាយុ៣២ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​កើតហេតុខាងលើ ។ ប្រភព​បន្ត​ថា ​​មុនពេលកើតហេតុ បុរស​រងគ្រោះ​បានយកដុំម៉ូទ័រ​ទៅដាក់​បូម​ទឹក​​ក្នុងអូរ​ខាងលើ​ ស្រាប់តែ​ភ្លេច​ខ្លួន​​សើម​​ដៃ គាត់​ក៏​កាន់ឌុយទៅ​ដោតប្រ៊ីភ្លើងដែលនៅ​ជាប់នឹងសសរ ពេលដោតទៅ​បណ្តាលឱ្យ​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ ។

ប្រភពបន្តថា ក្រោយកើតហេតុ ក្រុមគ្រួសារ​​នាំគ្នា​រត់ជួយ​សង្គ្រោះ​បឋម តែ​ជាអកុសល​បុរសរងគ្រោះ​បានដាច់ខ្យល់​ស្លាប់ទៅហើយ ​បន្សល់​ការសោកស្តាយ​ដល់​គ្រួសារ​តែប៉ុណ្ណោះ ។