ប្រាសាទ ដា​វី​ន លេចមុខ​ចូលរួម​សម្តែង​ក្រោយ​ទៅ​រស់នៅ​បរទេស​ជិត​10​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប្រាសាទ ដា​វី​ន បាន​ត្រឡប់​ចូល​ពិភព​សិល្បៈ​វិញ​ក្រោយ​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស ដោយសារ​ការ​ភ័យ​ខ្លាច​មាន​គេ​ដាក់​គ្រាប់បែក​នៅ​មុខ​ផ្ទះ​នាង កាលពី​ជិត​១០​ឆ្នាំ​មុន ។ បង្ហាញ​រូប​សម្រស់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ខ្មែរ ដា​វី​ន ពិតជា​ស្រស់​ស្អាត ។ ចំពោះ​អាជីព​សិល្បៈ​របស់​ដា​វី​ន ថ្វីបើ​ទើប​ចាប់ផ្តើម​ឡើង​វិញ ប៉ុន្តែ​មាន​ច្រើន​ជា​ហូរហែ ។

អតីត Freshie Girl ចំណាត់ថ្នាក់​លេខ​៣ ឆ្នាំ​២០០៧ រាង​ខ្ពស់ស្រឡះ សម្បុរ​ខ្មៅ​ស្រអែម អ្នក​នាង​ប្រាសាទ ដា​វី​ន បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ ដា​វី​ន បាន​បង្ហាញមុខ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​អស់អ្នក​សិល្បៈ​ជាមួយនឹង​ស្នាដៃ​សម្តែង និង​ថត​ឈុត​ផ្សព្វផ្សាយ​មួយ​ចំនួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កាលពី​អំឡុង​ឆ្នាំ​២០០៨ ប្រាសាទ ដា​វី​ន ធ្លាប់​រង​ការ​គំរាម​សម្លាប់​ពី​ជនអនាមិក​ដូច្នេះ​ហើយ​នាង​គេច​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​។ កាលពី​៣​ឆ្នាំ​មុន គេ​បានឃើញ​ដា​វី​ន​ជា​លើក​ដំបូង​ពេល​នាង​មក​លេង​ប្រទេស​កំណើត​ក្រោយ​សម្ងំ​រស់នៅ​ក្រៅប្រទេស​ជាមួយ​ប្តី និង​កូន ។

ថ្មី​ៗ​នេះ​អ្នក​នាង​ប្រាសាទ ដា​វី​ន បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ ដោយ​បាន​បង្ហាញ​មុខជា​ថ្មី​ជាមួយនឹង​ស្នាដៃ​សិល្បៈ​មួយ​ចំនួន ។ ការ​បង្ហាញមុខ​នេះ​គេ​សង្កេត​ឃើញ​សម្រស់​មុខមាត់​បែប​បស្ចិមប្រទេស​របស់​ដា​វី​ន ហាក់​មិន​ថមថយ​ទៅ​តាម​វ័យ​ទេ ទោះបី​នាង​មាន​ប្តី និង​កូន​ទៅ​ហើយ​ក្តី ។

ប្រាសាទ ដា​វី​ន បាន​ចូលរួម​ថត​ឈុត​ផ្សព្វផ្សាយ​សម្អាងការ​ដ៏​ល្បី​មួយ​នៅ​រាជធានី​ភ្នំពេញ​។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​គឺ​នាង​ចូលរួម​ថត MV របស់​បទ​ចម្រៀង​ដ៏​ល្បី​មួយ គឺ​បទ «​ភ្លើង​» ដែល​ជា​បទ​ចម្រៀង​កំពុង​ពេញ​និយម និង​ច្រៀង​ដោយ​តារាចម្រៀង​អេ​ដា ។ ឈុត​ឆាក ខ្លី​ៗ​នៃ​បទ​ចម្រៀង​នេះ​បង្កើត​ឲ្យ​អ្នកគាំទ្រ​នាង​កន្លង​មក​មានការ​ភ្ញាក់ផ្អើល ហើយ​កោតសរសើរ​ពី​ទេព​កោសល្យ​នៃ​ការ​សម្តែង​របស់​នាង​ក្នុង​បទ​ចម្រៀង​មួយ​នេះ​មាន​សភាព​រស់​រវើក​បើ​ទោះបីជា​បទ​ចម្រៀង​មិន​ទាន់​ចេញ​ពេញលេញ​ក្តី​។ ទស្សនិកជន​នៅ​ទន្ទឹងរង់ចាំ​ស្នាដៃ​សម្តែង​ថ្មី​នេះ ព្រោះតែ​មិន​ត្រឹមតែ​ជា​បទ​ចម្រៀង​ដ៏​ល្បី​ទេ គឺ​ថែម​ទាំ​អញ្ជើញ​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​ដែល​បាត់​មុខ​ជិត​មួយ​ទសវត្សរ៍​ចូលរួម​សម្តែង​ផង​ដែរ ។

ប្រាសាទ ដា​វី​ន មាន​ពេល​មិន​ដល់​មួយ​ខែ​ទេ​មក​កម្សាន្ត និង​សួរសុខទុក្ខ​សាច់ញាតិ ហើយ​ឆ្លៀតពេល​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ថត MV ។ ការ​ចូលរួម​សម្តែង​សិល្បៈ​របស់​ដា​វី​ន អាច​បញ្ជាក់​ថា នាង​នៅ​តែ​ស្រលាញ់​ចូល​ចិត្ត និង​មិន​បោះបង់​ចោលការ​ងារ​សិល្បៈ​ទេ បើ​ទោះបីជា​នាង​ចេញ​ទៅ​រស់នៅ​បរទេស​ក្តី ។

ប្រាសាទ ដា​វី​ន គឺជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​មួយ​រូប​ដែល​មាន​ប្រជាប្រិយ​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់​ពី​នាង​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣ ក្នុង​ការ​ប្រឡង​ជ្រើសរើស​ស្រី​ស្អាត​ប្រចាំឆ្នាំ​២០០៧ ។ ដា​វី​ន បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​វិស័យ​សិល្បៈ ពិសេស​នាង​មាន​លក្ខណៈ​លេចធ្លោ​ខាង​ថត​ផ្សាយពាណិជ្ជកម្ម ពីព្រោះ​រូបរាង​របស់​នាង​សិច​ស៊ី ហើយ​នាង​មាន​កម្ពស់​ខ្ពស់​សក្តិ​សម​នឹង​ការ​ផ្សាយពាណិជ្ជកម្ម ។

ប្រាសាទ ដា​វី​ន ដែល​ជួប​ហេតុការណ៍​ជនអនាមិក​ដាក់​គ្រាប់បែក​នៅ​មុខ​ផ្ទះ​នោះ ត្រូវ​គេ​សង្ស័យ​ថា គឺជា​រឿងប្រឌិត ហើយ​ក្រោយមក​នាង​ទទួល​បាន​សិទ្ធិ​ជ្រកកោន​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ក្រោម​ការ​ធានា​ពី​គូ​ដណ្តឹង​របស់​នាង​ជា​បុរស​អាណិកជន​អូស្ត្រាលី និង​បាន​ចូល​រោងការ​នៅ​ឆ្នាំ​២០១១ ៕