ប្រមុខការទូតភូមា លោកស្រីអ៊ុងសានស៊ូជី បំពេញទស្សនកិច្ចជាលើកដំបូងនៅអាមេរិក

ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជានិម្មិតរូបនៃលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក លោកស្រី អ៊ុង សានស៊ូជី នឹងត្រូវទទួលស្វាគមន៍ដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសេតវិមាន នាថ្ងៃពុធនេះ ក្នុងនាមជាប្រមុខការទូតភូមា ដែលមានអំណាចពិតជា ប្រមុខដឹកនាំប្រទេស។

លោកស្រី អ៊ុងសានស៊ូជី និងលោក អូបាម៉ា ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពដូចគ្នា ស្គាល់គ្នាច្បាស់លាស់ និងត្រូវជួបពិភាក្សាគ្នាមួយទល់មួយ នៅព្រឹកថ្ងៃពុធនេះ នៅសេតវិមាន ដែលមានអត្ថន័យនិងការចាប់អារម្មណ៍ដូចទទួលស្វាគមន៍ប្រមុខដឹកនាំរដ្ឋយ៉ាងដូច្នោះ។ មានថានៈជាផ្លូវការ ជារដ្ឋមន្ត្រីក្រសួងការបរទេសមែន តែលោកស្រី មានតួនាទីសំខាន់ទីពីរ ជាទីប្រឹក្សាពិសេសរបស់រដ្ឋ ដែលផ្តល់អំណាចឱ្យលោកស្រី អាចបញ្ជាដឹកនាំរដ្ឋាភិបាលបាន ដើម្បីបង្វៀងបម្រាមចែងក្នុងរដ្ឋធម្មនុញ្ញហាមមិនឱ្យលោកស្រីបានក្លាយជាប្រធានាធិបតីភូមា ព្រោះមានកូនកាន់សញ្ជាតបរទេស។

នៅ៥ខែមុនចាកចេញពីអំណាច និងដោយទើបត្រលប់មកពីបំពេញទស្សនកិច្ចថ្មីៗនៅអាស៊ី ផង លោកអូបាម៉ា ចង់ប្រែក្លាយដំណើរទស្សនកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី ទៅជាការលើកតម្កើងដំណើរអន្តរកាលឆ្ពោះទៅរកគន្លងលទ្ធិប្រជាធិបតេយ្យដ៏លឿនស្លេវរបស់ភូមា។ ការលើកទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកបានដាក់ប្រឆាំងនឹងរបបសឹកភូមា តាំងពី១៩៩០មក ក៏ទំនងក្លាយជាប្រធានបទ ដ៏សំខាន់មួយ នាជំនួបថ្ងៃនេះ។

ប៉ុន្តែនៅក្នុងប្រទេសដែលយោធានៅតែរក្សាឥទ្ធិពលនិងអំណាចខ្លាំងខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ (មួយភាគបួននៃអសនៈនៅក្នុងសភាជាយោធា គ្មានឆ្លងកាត់ការបោះឆ្នោត) វ៉ាស៊ីនតោនពិតជាពិបាកស្វែងរកផ្លូវកណ្តាល រវាងភូមាមិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវ និងទណ្ឌកម្មដែលមិនប៉ះពាល់ដល់ការវិនិយោគបរទេស ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋខ្លាំងណាស់។

បើតាមទីប្រឹក្សាលោកអូបាម៉ាម្នាក់ រាល់ការសម្រេចចិត្តទាក់ទងនឹងទណ្ឌកម្មអាមេរិកលើភូមា រំពឹងទាំងស្រុងទៅលើកិច្ចសហប្រតិបត្តិការរបស់លោកស្រីអ៊ុងសាងស៊ូជី។ ហើយចំណុចខ្ទាស់ខ្លាំងរបស់អាមេរិក គឺស្ថានភាពរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលលោកស្រី បិទមាត់រហូតមក និងទើបពឹងពាក់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ កូហ្វី អាណាន់ឱ្យជួបដោះស្រាយកាលពីដើមខែកញ្ញា ប៉ុណ្ណោះ។

ប្រភព៖ RFI


Related Posts