ហាង​ធ្លាប់​ជួប​ខាត ពេល iPhone ស៊េរី​ថ្មី​មក​ដល់​ខ្មែរ​ដំបូង

ជា​ទូទៅ iPhone មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ថ្មីៗ តែង​មាន​តម្លៃ​ថ្លៃ​មិន​ក្រោម​ខ្ទង់​ពាន់​ដុល្លារ​ទេ។ ប៉ុន្តែ​​អ្នក​លក់​អះអាង​ថា​​ក៏​ជួប​ខាត​ដូច​គ្នា ដោយ​សារ​អ្នក​ទិញ​រង់​ចាំ​ដល់ iPhone ស៊េរី​ថ្មី​ធ្លាក់​ថ្លៃ។

 

ហាង​ធ្លាប់​ជួប​ខាត ពេល iPhone ស៊េរី​ថ្មី​មក​ដល់​ខ្មែរ​ដំបូង

 

ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី សារភាព​ថា កាល​ជំនាន់ iPhone 6s/6s Plus ហាង​លោក​ធ្លាប់​ជួប​បញ្ហា​ខាត​ច្រើន​ដែរ ដោយ​សារ​អ្នក​ទិញ​រង់​ចាំ​ទិញ iPhone ស៊េរី​ថ្មី​នេះ​នៅ​ពេល​ធ្លាក់​ថ្លៃ ហើយ​ម្យ៉ាង​ដោយ​សារ​ទូរសព្ទ​ទាំង​ពីរ​នេះ​មិន​ប្ដូរ​រូបរាង​អ្វី​ប្លែក​ច្រើន​ពី iPhone 6/6 Plus។

 

“ខាត​អូន ខាត​គួរ​សម​ដែរ ព្រោះ​អី​អា iPhone 6s/6s Plus ហ្នឹង រាង​វា​មិន​ខុស​អី​ពី iPhone 6/6 Plus ទេ ប្លែក​តែ​ពណ៌ Rose Gold ហ្នឹង។ ដល់​អ៊ីចឹង អ្នក​ទិញ​ច្រើន​គេ​រង់​ចាំ​ដល់​វា​ធ្លាក់​ថ្លៃ”។

 

iPhone 6s/6s Plus កាល​ឆ្នាំ ២០១៥ មាន​មុខងារ 3D Touch និង​កាមេរ៉ា​ក្រោយ​ដល់​ទៅ 12MP ហើយ​តម្លៃ​ដល់​ស្រុក​ខ្មែរ​ដំបូង ដល់​ទៅ​ជាង ១ ៦០០ ដុល្លារ។

 

យ៉ាងណា​ម្ចាស់​ហាង​រូប​នេះ ពុំ​ទាន់​អាច​បញ្ជាក់​ថា តើ​តម្លៃ iPhone 7/7 Plus ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ខាង​មុខ នឹង​ថ្លៃ​ប៉ុន្មាន​នោះ​ទេ។ លោក​គ្រាន់​តែ​ប្រាប់​ថា ហាង​ប្រហែល​យក iPhone កាមេរ៉ា​ភ្លោះ​ស៊េរី​ក្រោយ​នេះ ប្រហែល ១០គ្រឿង​ដំបូង ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក៕

 

អាន៖ ចាំ​មើល​ស្រុក​ខ្មែរ នរណា​ហ៊ាន​ចាយ​​លុយ​ពាន់​ដុល្លារ ទិញ iPhone 7 មុន​គេ?

 

អត្ថបទ៖ ប៉ែត ផាន់និត