លោក Duterte៖ ខ្ញុំ​ជា​ប្រធានាធិបតី បើ​ចង់​រិះគន់ ត្រូវ​ប្រយ័ត្ន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-15-2016, 9:45 am         991

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte៖ ខ្ញុំ​ជា​ប្រធានាធិបតី បើ​ចង់​រិះគន់ ត្រូវ​ប្រយ័ត្នលោក Ridrigo Duterte ប្រធានាធិបតីហ្វីលីពីន។ រូបថត Xinhua​ដើម្បី​ចៀសវាង​ត្រូវ​លោក Duterte និយាយ​ពាក្យ​មិន​សមរម្យ​ដាក់ ឬក៏​ត្រូវ​លោក​រិះគន់​វិញ អ្នក​រិះគន់​ទាំងអស់ មិនត្រូវ​និយាយ​ពី​លោក​ជា​សាធារណៈ​ឡើយ ហើយ​ពួកគេ​ទាំងនោះ អាច​លើកយក​រឿងនេះ​ទៅ​និយាយ​នៅ​អង្គការសហប្រជាជាតិ​បាន​។ នេះ​ជា​ពាក្យសម្ដី​ផ្ដែផ្ដាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន ដែល​តែងតែ​និយាយ​រិះគន់​មិន​សំចៃមាត់​លើ​អ្នកណា​ដែល​ចង់​បង្រៀន​លោក​នោះ​។

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅ​ក្រុម​អ្នក​រិះគន់​លោក ជុំវិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​សម្លាប់​មនុស្ស​អស់​ជាង​បី​ពាន់​នាក់​មកហើយ​នោះ​។ លោក Duterte បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់ ត្រូវ​ប្រយ័ត្ន ពេល​និយាយ​រិះគន់​លោក ព្រោះ​លោក​លែង​ជា​ចៅហ្វាយក្រុង​ទៀតហើយ និង​ត្រូវ​ចៀសវាង​រិះគន់​លោក​ជា​សាធារណៈ បើ​មិន​ចង់​ត្រូវ​លោក​ជេរ​វិញ​ទេនោះ​។​

​ថ្លែង​ទៅកាន់​កងទ័ពអាកាស​ហ្វីលីពីន នៅ​ថ្ងៃទី​១៣ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន Duterte និយាយថា ប្រសិន​ចង់វាយ​ប្រហារ​លោក ឬក៏​រិះគន់​លោក​នោះ គឺ​មិនត្រូវ​ធ្វើជា​សាធារណៈ ដូច​ប្រធានាធិបតី​ខ្លះ និង​មន្ត្រី​អង្គការសហប្រជាជាតិ​ខ្លះ​ឡើយ​។ នេះ គឺ​លោក​ចង់​សំដៅលើ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​រិះគន់​លោក​ខ្លាំងៗ​នោះ​។

​ប្រធានាធិបតី​ហ្វីលីពីន​បន្តថា នៅពេលដែល​គេ​រិះគន់​លោក លោក​មិន​សប្បាយចិត្ត​ឡើយ​។ ហើយ​ប្រតិកម្ម​របស់លោក តែង​ត្រូវបាន​អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​រហូត ជាជាង​បញ្ហា​ពី​ដើម​។ យ៉ាងណាក្ដី លោក Duterte ក៏​ប្រាប់​អ្នក​រិះគន់​លោក ឲ្យ​ប្រើ​វេទិកា​អង្គការសហប្រជាជាតិ ដើម្បី​រិះគន់​លោក ព្រោះ​វា​ជា​ផ្លូវ​សមស្រប​មួយ​។ លោក​អះអាងថា នៅពេល​មានការ​រិះគន់​នៅ​អង្គការសហប្រជាជាតិ លោក​នឹង​ឆ្លើយ​ដោយផ្ទាល់ ឬក៏​ឲ្យ​តំណាង​ជា​អ្នកបកស្រាយ​ជំនួស​។​

​សារព័ត៌មាន Rappler ផ្សាយ​ដែរ ប្រធានាធិបតី​ដែល​គេ​ឲ្យ​ឈ្មោះថា​បុរស​ខ្លាំង ក៏​ព្រមាន​អ្នក​រិះគន់​ទាំងឡាយ​ឲ្យ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​លោក​មិនមែនជា​អភិបាលក្រុង Davao ទៀតឡើយ តែ​ជា​ប្រធានាធិបតី​ហ្វីលីពីន​។ ហើយ​លោក​ក៏​មិន​ចូល​ចិត្តការ​ទូន្មាន​ពី​អ្នកតូចតាច​ដែរ ដ្បិត​លោក​នឹង​ជេរប្រទេច​វិញ​មិន​ខាន​ទេ​។

​រយៈពេល​ជិត​បី​ខែក្រោយ​ស្បថ​ចូលកាន់​តំណែង ប្រធានាធិបតី​ហ្វីលីពីន Duterte រង​ការរិះគន់​ខ្លាំង​ជុំវិញ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​។ អ្នក​រិះគន់​លោក Duterte មាន​ទាំង​ឥស្សរជន​ក្រៅ​ស្រុក ដូចជា​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មន្ត្រី​អង្គការសហប្រជាជាតិ​ជាដើម ឯ​អ្នក​ក្នុងស្រុក​វិញ​មាន សមាជិក​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល ព្រមទាំង​មេដឹកនាំ​សាសនា​ផងដែរ​។ ប៉ុន្តែ​លោក Duterte មិនសូវ​ឈឺក្បាល​វិលមុខ​នឹង​ពាក្យរិះគន់​នោះ​ប៉ុន្មាន​ឡើយ តែ​លោក​រឹតតែ​បង្កើន​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក​ដដែល​៕