លោក ហ៊ុន សែន បង្កើន​​ការ​គំរាម​​កំហែង​​​ ស្រប​ពេល​ចល័ត​​​​​​​កង​ទ័ព

រថយន្តរាប់សិបគ្រឿងដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធគ្រប់ដៃ បានបើកចល័តជាច្រើនម៉ោងតាមបណ្ដោយផ្លូវត្រង់ចំណុចពីមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ ដើម្បីសម្ញែងសាច់ដុំយោធា បន្ទាប់ពីគណបក្សប្រឆាំងបានប្រកាសថា ខ្លួនគ្រោងធ្វើមហាបាតុកម្ម។ ការចល័តទ័ពនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារគំរាមកំហែងដោយប្រើពាក្យពេចន៍ធ្ងន់ៗតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថានឹងកម្ចាត់ចោលរាល់កម្លាំងដែល “បំផ្លាញសណ្ដាប់ធ្នាប់សង្គម”។ លោកសរសេរថា “ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន ទោះដោយតម្លៃណាក៏ដោយ”។ លោកបានបន្តប្រៀបធៀបការបង្ក្រាបបាតុកម្មទៅនឹងការសម្លាប់សត្វពស់ថា “សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល”។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាររបស់លោកមិនមែនគ្រាន់តែជាការគំរាមកំហែងនោះទេ។ លោកបានសរសេរថា “វាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិនឹងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី”។ អ្នកឃើញហេតុការណ៍ចល័តទ័ពនេះនិយាយថា ប្រហែលពីរម៉ោងបន្ទាប់ពីសារនេះត្រូវបានបង្ហោះ រថយន្តយោធាចន្លោះពី៣០ទៅ៤០គ្រឿង រួមទាំងរថយន្តមកពីអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បានចាប់ផ្ដើមបើកចល័តយឺតៗកាត់ខាងមុខទីស្នាក់ការកណ្ដាលគណបក្សប្រឆាំងតាមបណ្ដោយផ្លូវជាតិលេខ២ ចំណែកឯអូប័រដែលបំពាក់ដោយកាំភ្លើងយន្តបានចល័តលើទន្លេបាសាក់ ត្រង់ចំណុចខាងក្រោយទីស្នាក់ការគណបក្សនេះ។ យុវជន សួង នាគព័ន្ធ អាយុ២៦ឆ្នាំ ជាសមាជិកក្រុមនិស្សិតបញ្ញវន្តគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅកន្លែងកើតហេតុនិយាយថា “រថយន្តដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធបានមកដល់នៅម៉ោង១០:២០នាទីយប់ ហើយនៅម៉ោងប្រហែល១:៣០ ពួកគេបានចតពីមុខគណបក្សសង្គ្រោះជាតិជាងកន្លះម៉ោង។ ពួកគេបានបញ្ចាំងភ្លើងហ្វាមកលើទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយព្រមានប្រជាពលរដ្ឋឱ្យឈប់ថតពួកគេ”។ ទោះជាយ៉ាងណា មិនមានការប៉ុងប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលបានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការនេះចាប់តាំងពីចុងខែឧសភា  និងត្រូវបានផ្ដន្ទាទោសកាលពីសប្ដាហ៍មុនឱ្យជាប់ពន្ធនាគារ៥ខែពីបទមិនចូលខ្លួនទៅតុលាការក្នុងសំណុំរឿងមួយដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយឡើយ។ យុវជន សួង នាគព័ន្ធ និយាយទៀតថា រថយន្តយោធាទាំងនោះបានចេញទៅវិញត្រឹមម៉ោងប្រហែល២រំលងអធ្រាត្រ ចំណែកឯអូប័រចេញទៅវិញប្រហែលពេលព្រះអាទិត្យរះ។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា […]

The post លោក ហ៊ុន សែន បង្កើន​​ការ​គំរាម​​កំហែង​​​ ស្រប​ពេល​ចល័ត​​​​​​​កង​ទ័ព appeared first on The Cambodia Daily.