សុំ​មក​ធ្វើការ​នៅ​ភ្នំពេញ បាន​ប៉ុន្មាន​ថ្ងៃ​ឃើញ​សព​អណ្ដែត​ទឹក

រាជធានី​ភ្នំពេញ ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​តាម​ទឹក​មក​ទើរ​ក្បែរ​ផ្ទះ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​ពួក​គេ​យក​ខ្សែ​ចង​រួច​ទាញ​ឡើង​លើគោក និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​កាលពី​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​ដង​ទន្លេ​ស្ថិត ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ម៉ុ​ត ហុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​លាង​រថយន្ត មានស្រុក​កំណើត ភូមិ​ព្រៃ​រុន ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ប្រភព​ពី​បងប្អូន​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​សុំ​អ្នក​ផ្ទះ​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ ។ ដោយសារ​តែ​ជន​រង​គ្រោះ​ឧស្សាហ៍​ចុះឡើង​ភ្នំពេញ ទើប​អ្នក​ផ្ទះ​អនុញ្ញាត​ឲ្យ​មក​ដោយ​មិន​មានការ​ព្រួយបារម្ភ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​មក​ដល់​ភ្នំពេញ​គ្រួសារ​ជន​រង​គ្រោះ​តែងតែ​ទូរស័ព្ទ​មក​សួរសុខទុក្ខ​ជា​រឿយ​ៗ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ទូរស័ព្ទ​ជន​រង​គ្រោះ​មិន​អាច​ទាក់ទង​បាន ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​បារម្ភ​មិនដឹង​ជា​មានរឿង​អ្វី​កើតឡើង ។ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ មាន​គេ​ទាក់ទង​មក​ប្រាប់​ថា កូន​គាត់​បាន​ស្លាប់​ហើយ សាកសព​គេ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ទន្លេ​ឯ​ភ្នំពេញ ។ គ្រាន់តែ​ទទួល​បាន​ដំណឹង​ភ្លាម ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ដើម្បី​ពិនិត្យ​មើល​ឲ្យ​កាន់តែ​ច្បាស់ ។ ពេល​មក​ដល់​ទើប​ដឹង​ថា ពិតជា​ឈ្មោះ ម៉ុ​ត ហុត មែន តែ​ហេតុ​អ្វី​បានជា​ស្លាប់​អណ្តែត​ទឹក​ទៅ​វិញ បើ​សព​មិន​ដែល​មានរឿង​រកាំរកូស​ជាមួយ​គ្រួសារ​ផង​ហ្នឹង ។ ដោយ​មិន​អស់ចិត្ត ក្រុម​គ្រួសារ​សព​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ ថា​តើ​សព​ស្លាប់​ដោយ​គេ​វាយ​សម្លាប់ ឬ​យ៉ាងណា ។

បន្ទាប់​ពី​ពិនិត្យ​ហើយ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​មិន​មាន​អ្នក​ណា​សម្លាប់​ទេ គឺ​ស្លាប់​ដោយ​លោតទឹក ។ សមត្ថកិច្ច​បាន​បង្ហើប​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​យប់ មាន​គេ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ពេល​សមត្ថកិច្ច​មក​ដល់​ជន​រង​គ្រោះ​បាន​លោត​បាត់​ទៅ​ហើយ មិនដឹង​ថា ករណី​នេះ​អាច​ជា​រឿង​តែ​មួយ​ឬ​យ៉ាងណា ។

ក្រោយ​ពេល​ពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕