ស្រែកសួរ​មិន​ទាន់​បាន​ឆ្លើយ​ផង នាំ​គ្នា​យក​ដុំ​ថ្ម​ព្រួត​វាយ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៥​នាក់​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ បន្ទាប់​ពី​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​ស្រែកសួរ​ថា ​អាណា​វ៉ៃ​ប្អូន​អញ រួច​យក​ដុំ​ថ្ម​នាំ​គ្នា​ព្រួត​វាយ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ច្បារ​អំពៅ ផ្លូវ​២៦៦ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ  ។

ជន​រង​គ្រោះ​ឈ្មោះ ខន អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ប្រភព​ពី​មិត្តភក្ដិ​ជន​រង​គ្រោះ​ដែល​រង​របួសស្រាល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក ZOOMER X ១​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង បាន​ចេញ​ដើរ​លេង​នៅ​ចុង​ភូមិ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​ជូន​ឈ្មោះ ខន ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ភូមិ​បឹង​ឈូក ខណៈ​មក​ដល់​ចំណុច​កើតហេតុ មុខ​វត្ត​ច្បារ​អំពៅ ស្រាប់តែ​មាន​បុរស​ជិត​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង ជិះ​មក​កៀរ​ម៉ូតូ​ពួក​គេ ហើយ​ស្រែ​កថា នរណា​វ៉ៃ​ប្អូន​របស់​ពួក​គេ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់តែ​ជន​ទាំង​១០​នាក់​នោះ​បាន​ធាក់​ម៉ូតូ និង​យក​ដុំ​ថ្ម​វាយ​ពួក​គេ​ទាំង​៥​នាក់​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម ចំណែក​៤​នាក់​ទៀត​រង​របួសស្រាល បាន​លើក​ម៉ូតូ​ជិះ​រត់គេច នៅ​សល់​តែ​ឈ្មោះ ខន ត្រូវ​បក្សពួក​ដែល​មាន​គ្នា​១០​បាន​វាយ​បន្ថែម​ទៀត ហើយ​ក៏​នាំ​គ្នីគ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដោយ​បន្សល់​ទុក​ដំ​ថ្ម និង​ជរង​គ្រោះ​ដែល​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​បង្អែក​មាន​ជ័យ​ដឹក​យក​ទៅ​សង្គ្រោះ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ពេក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រង់ចាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​សិន​ទើប ទៅ​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ ៕