លោក សម រង្ស៊ី បញ្ជាក់ថា រដ្ឋអំណាច​បណ្តោយ​ឲ្យ​កសិផល​ចុះថ្លៃ ធ្វើ​ឲ្យ​កសិករ​កាន់តែ​ក្រ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត បាន​បញ្ជាក់ថា រដ្ឋអំណាច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បណ្តោយ​ឲ្យ​កសិផល​ចុះថ្លៃ ធ្វើ​ឲ្យ​កសិករ​កាន់តែ​ក្រ​។ លោក សម រង្ស៊ី បាន​បន្ថែមថា កសិករ​រក​ទីផ្សារ​កសិផល​មិនបាន តែ​រដ្ឋអំណាច​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​កសិផល​កាន់តែ​ច្រើនឡើង​ពី​បរទេស ពិសេស​ពី​វៀតណាម​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ពន្យល់​ដោយ​លើក​ឧទាហរណ៍​ជាក់ស្តែង​មក​បង្ហាញថា​៖ ករណី​ទី​១- ប្រជាកសិករ​កំពុង​ត្អូញត្អែរថា ឈ្មួញ​ទិញស្រូវ​ថោក​ជាង​ឆ្នាំ​២០១៥ គឺ​ឲ្យ​តម្លៃ​ឡើង​ចុះ​តាមតែ​មាត់ ឧទាហរណ៍​ដូចជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​នៅ​អំឡុង​ដើមខែ​កញ្ញា​នេះ ឈ្មួញ​ទិញ​១​តោន​ប្រមាណ​១​លាន​រៀល ហើយ​មកដល់​ថ្ងៃទី​១១ ខែកញ្ញា ឈ្មួញ​ទម្លាក់​ថ្លៃ​មក​នៅត្រឹមតែ​៧០​ម៉ឺន​រៀន​ប៉ុណ្ណោះ ក្នុង​១​តោន (​គឺ ៧០០ រៀល​ក្នុង​មួយ​គីឡូក្រាម​)​។​

ករណី​ទី​២- កសិករ​នៅ​ខេត្តមណ្ឌលគិរី​និង​ខេត្តក្រចេះ ត្អូញត្អែរ​ពី​តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ និង​ពិបាក​រក​ទីផ្សារ​សម្រាប់​លក់​ដែល​ពួកគាត់​អះអាងថា ការធ្លាក់​ថ្លៃ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព ព្រោះ​ដើមទុន​សម្រាប់ធ្វើ​កសិក​ម្ម​នេះ​ខ្ចី​ពី​ធនាគារ​។ ករណី​ទី​៣-​កសិករ​ជាច្រើន​ពាន់​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ កំពុងតែ​អស់សង្ឃឹម​ដោយសារ​ផ្លែ​ល្ពៅ​ដែល​ពួកគាត់​ដាំ​បាន គ្មាន​ទីផ្សារ​លក់​មិន​ដាច់​យ៉ាងច្រើន​បាន ១៥០​ទៅ​២០០ រៀល​ក្នុង​មួយ​គីឡូក្រាម តែ​មួយចំនួនធំ​នៅ​រលួយ​ចោល និង​ករណី​ទី​៤- រដ្ឋអំណាច​កម្ពុជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គល់​ស្លឹកគ្រៃ​ពី​ប្រទេស​វៀតណាម​ប្រមាណ​៥០​តោន​ក្នុង​មួយថ្ងៃ និង​ប្រមាណ​ជិត​២០០០០ តោន​ក្នុង​មួយឆ្នាំៗ ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ខាតបង់​ទីផ្សារ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់ថា​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពអន់ថយ​ខ្លាំងណាស់​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​កសិករ​ជួប​ការលំបាក​ច្រើន និង​បាន​ជំរុញ​ឲ្យ​កសិករ​សម្រេចចិត្ត​ចំណាកស្រុក​ទៅធ្វើជា​ពលករ​នៅ​បរទេស​កាន់តែ​ច្រើនឡើងៗ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ផលិតផល​កសិកម្ម​ដែល​ប្រជាកសិករ​កម្ពុជា​ខិតខំ​បង្កបង្កើនផល​ស្ទើរតែ​គ្រប់​ប្រភេទ​ពុំមាន​ទីផ្សារ បានកើត​ឡើងជា​រៀងរាល់ឆ្នាំ ដែល​វា​ជា​បរាជ័យ​នៃ​គោលនយោបាយ​ដឹកនាំ​ប្រទេស និង​គោលនយោបាយ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជ​ន​កម្ពុជា​ដែល​បាន​ក្រាញ​អំណាច​ជិត​៤០​ឆ្នាំ​មកហើយ ដូចនេះ​ពួកគេ​នឹង​បន្ត​ដឹកនាំ​ដល់ពេល​ណា​៕

13903352_1160333220690076_6195592203670868954_n 14370234_1194280550628676_1827217848123902489_n