បទល្មើស​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ពួកគាត់​ប្រទះឃើញ​រថយន្ត​ដឹកឈើ​មូល​ចេញពី​តំបន់​ខាងក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​យ៉ាង​អនាធិបតេយ្យ ហើយ​មិនឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រការនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​នៅ​ខាងក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​វា​រី​អគ្គិសនី បន្ត​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ឲ្យ​វិនាស​ហិនហោច​ចៀស​មិន​ផុត​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា ឈើមូល​ធំៗ​ត្រូវគេ​កាប់​ពី​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ហើយ​ដឹក​ទៅ​ស្តុក​ទុក​នៅ​បរិវេណ​ផ្ទៃ​អាង​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ដែល​បាន​ពី​ការសម្អាត​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។ ការដែល​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​បាត​អាង​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​មិន​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​នោះទេ​។​

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​បានឃើញ​រថយន្ត​យី​ឌុប​ធំៗ​៤​ទៅ​៥​គ្រឿង​ត្រៀម​ដឹកជញ្ជូន​ឈើ​ចេញពី​ផ្ទៃ​អាង​វា​រី​អគ្គិសនី ហើយ​ឈើ​ទាំងនោះ​ត្រូវកា​ប់យក​មកពី​តំបន់​ផ្សេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​គេ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​គឺជា​ប្រភេទ​ផ្ចឹក សុ​ក្រំ និង​ឈើទាល​ជាដើម ដែលមាន​មុខកាត់​ចាប់ពី​២០​សង់ទីម៉ែត្រ​ឡើងទៅ ហើយ​បើតាម​ដឹង​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា​មួយផ្នែកធំ​នៃ​ឈើ​ដែល​គេ​ដឹក​ចេញពី​បរិវេណ​បាត​អាង​វា​រី​អគ្គិសនី គឺជា​ឈើ​ដែល​កាប់​នៅ​តំបន់​ព្រៃស្រោង​ភ្នំ​ក្រឡា​ពស់ នៅ​ចន្លោះ​ទន្លេសេសាន និង​ទន្លេស្រែពក ជាពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ឡាវ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

351

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ 01