សភា​សហរដ្ឋអាមេរិក​នឹង​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​យកចិត្តទុកដាក់

ស្ថានភាព​នយោបាយ​តានតឹង​ក្នុងប្រទេស​កម្ពុជា ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ជាក់ស្ដែង​សហរដ្ឋអាមេរិក សហគមន៍​អន្តរជាតិ និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​។ កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ សមាជិកសភា​អាមេរិក​បាន​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​លើ​សេចក្ដីសម្រេច​លេខ​៧២៨ ស្ដីពី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​លេខ​៧២៨ ធ្វើឡើង​ដើម្បី​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ខាង​ផ្នែក​នយោបាយ និង​ការដាក់ទណ្ឌកម្ម​ចំពោះ​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាននៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសនយោបាយ គោរព​សិទ្ធិសេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ជួបប្រជុំ និង​ការធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ជាដើម​។

​ជាងនេះទៅទៀត​សេចក្ដីសម្រេច​លេខ​៧២៨ បាន​ផ្ដោត​សំខាន់​អំពី​ដំណើរ​ការកែទម្រង់ការ​បោះឆ្នោត ក៏ដូចជា​ការរៀបចំ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧-២០១៨ ដោយមាន​ការចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​។ សេចក្ដីសម្រេច​លេខ​៧២៨ គឺអាច​ធ្វើ​ឲ្យ​សមាជិកសភា​អាមេរិក​ទាំងអស់​បានដឹង​កាន់តែច្បាស់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក​អាចធ្វើ​ទៅបាន លុះត្រាតែ​ការបោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ ដូច​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ព្រមព្រៀង​ជាមួយ​អាមេរិក​។

សូមបញ្ជាក់ថា លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល (Alan Lowenthal) សមាជិកសភា​អាមេរិក​ដែលជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​សេចក្ដីសម្រេច​លេខ​៧២៨​បាន​បញ្ជាក់ថា​សហរដ្ឋ​អាមេរិក​នឹង​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់​។ លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​មិន​ខ្វល់​ថា​គណបក្ស​ណា​ឈ្នះ​ឬ​ចាញ់​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​នីតិរដ្ឋ ដែល​កម្ពុជា​ធ្លាប់បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​នាពេល​កន្លងមក​។ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នោះទេ គឺ​សភា​អាមេរិក​នឹងមាន​តួនាទី​ចាប់ផ្ដើម​ពិភាក្សា​តើ​នឹងត្រូវ​ធ្វើ​អ្វី​បន្តទៀត​ជាមួយ​កម្ពុជា​។ ជុំវិញ​បញ្ហា​នេះ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ បានកត់សម្គាល់​ថា​រដ្ឋា​ភិ​បាល ក៏ដូចជា​រដ្ឋសភា​អាមេរិក បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដូច្នេះ​រាល់​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​អំពើ​រំលោភសិទ្ធិ​មនុស្ស ការគាបសង្កត់​ទៅលើ​គ​ណ​បក្ស​ជំទាស់​និង​ក្រុម​សង្គម​ស៊ីវិល គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​៕

lowenthal-mug_1

លោក អា​ឡាន់ ឡូ​វិ​ន​ថ​ល (Alan Lowenthal) សមាជិកសភា​អាមេរិក 03