ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អាមេរិក​ឈប់​ចាប់​បញ្ជូន​​ខ្មែរ​ធ្លាប់​មាន​ទោស​ទៅ​កម្ពុជា

មន្ត្រី​អង្គការ​សភា​ខ្មែរ​អន្តរជាតិ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​សភា​តំណាងរាស្ត្រ នៃ​ទីក្រុង​មីនេអាប៉ូលីស (Minneapolis) ក្នុង​រដ្ឋ​មីនីសូតា (Minnesota) កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា។

​បាតុកម្ម​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក បញ្ឈប់​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​មានទោស​នៅ​អាមេរិក ទៅ​កម្ពុជា​វិញ។

ប្រធាន​អង្គការ​សភា​ខ្មែរ​អន្តរជាតិ លោក សេក កុសល មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង រួម​នឹង​ជនជាតិ​បរទេស​មួយ​ចំនួន​ទៀត​ផង ចង់​ឲ្យ​សហរដ្ឋអាមេរិក លុប​គម្រោង​នេះ ឬ​ច្បាប់​នេះ​ចោល​វិញ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ខ្លះ​មាន​កំហុស​តាំង​ពី​នៅ​ក្មេងៗ​អាយុ​ប្រមាណ ១០​ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ ពួកគេ​ខ្លះ​មាន​អាយុ​ជាង ៣០​ឆ្នាំ ខ្លះ​ទៀត​មាន​អាយុ​ជាង ៤០​ឆ្នាំ​ទៅ​ហើយ។

លោក​បន្ត​ថា ការ​មាន​កំហុស​នោះ ដោយសារ​ពួកគេ និង​គ្រួសារ​មិន​ទាន់​ចេះ​ភាសា​អង់គ្លេស​អាច​ពន្យល់​ទៅ​ប៉ូលិស​បាន​ត្រឹមត្រូវ​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ និង​ពុំ​មាន​មេធាវី​ការពារ​ក្តី​បាន​ត្រឹមត្រូវ៖ «បងប្អូន​ដែល​បាន​ធ្វើ​ខុស ១០-​២០​ឆ្នាំ​ហើយ ទើប​បញ្ជូន​ទៅ​ស្រុក​ខ្មែរ ដោយ​អត់​ចេះ​និយាយ​ភាសា​ខ្មែរ​ផង ហើយ​មិន​ដឹង​ទៅ​នៅ​ណា​ទៀត…។ នេះ​ជា​ចំណុច​ខ្លះៗ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក ហើយ​ជា​សារ​មួយ​បញ្ជូន​ទៅ​ដល់​មេដឹកនាំ​សហរដ្ឋ​អាមេរិក ពិចារណា​អំពី​រឿង​នេះ​នៅ​ខាង​មុខ​សភា​តំណាងរាស្ត្រ នៃ​ទីក្រុង​មីនេអាប៉ូលីស ក្នុង​រដ្ឋ​មីនីសូតា»

អង្គការ​លោក​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ទទួល​យក​កិច្ច​ព្រមព្រៀង​បញ្ជូន និង​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​គេ​ចាត់​ទុក​ជា​ជនរងគ្រោះ​ដោយសារ​មិន​ទាន់​ស្គាល់​ស្ថានភាព​កា​រស់​នៅ​សហរដ្ឋអាមេរិក កាល​ពី​ពួកគេ​ទើប​មក​ដល់​ថ្មីៗ​នោះ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

លោក សេក កុសល ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​គេ​គ្រោង​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ​នោះ​មាន​ជិត ៣០០​នាក់ ក្នុង​នោះ​អ្នក​រស់​នៅ​ក្នុង​រដ្ឋ​មីនីសូតា មាន​ជាង ២០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។