នាង Amanda Sayfried និងលោក Thomas Sadoski លេច​ភស្ដុ​តាង​ភ្ជាប់ពាក្យ​នឹង​គ្នា

នាង​Amanda Seyfried បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​Thomas Sadoski ក្រោយ​ពី​បាន​ដើរ​កម្សាន្ដ​ជាមួយ​គ្នា ។ សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Thomas Sadoski និង​Amanda Sayfried ទើបតែ​ភ្ជាប់ពាក្យ​នឹង​គ្នា ហើយ​ជា​ដំណឹង​ប្រាកដប្រជា​តាម​រយៈ​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មិត្ដភក្ដិ និង​ក្រុម​គ្រួសារ ។

គូស្នេហ៍​នោះ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៥ ខណៈ​ពេល​រួម​ការងារ​សម្ដែង​ក្នុង​រឿង​«The Way We Get By» ។ ក្រោយមក​អ្នក​ទាំង​២​រួមការ​ងារ​ជា​ថ្មី​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៦​នេះ ក្នុង​រឿង​«The Last World» ហើយ​ពន្លក​ស្នេហ៍​ចាប់ផ្ដើម​ឡើង ។

ពាក្យ​ចចាមអារ៉ាម​ពី​ការ​ភ្ជាប់ពាក្យ​របស់​នាង​Amanda Sayfried និង​Thomas Sadoski កើតឡើង​តាំងពី​ថ្ងៃ​ទី​៦ កញ្ញា កន្លង​មក ក្រោយ​ពី​នារី​អាយុ​៣០​ឆ្នាំ​រូប​នេះ​បាន​នាំ​ឆ្កែ​ដើរ​កម្សាន្ដ និង​មាន​គេ​សង្កេត​ឃើញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ពាក់​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​របស់​នាង ។

កន្លង​មក នាង​Amanda Sayfried ធ្លាប់​សាង​ស្នេហ៍​ជាមួយ​លោក​Justin Long និង​លោក​Dominic Cooper នៅ​ឆ្នាំ​២០១៥ ។ ចំណែក​លោក​Thomas Sadoski តារា​សម្ដែង​អាយុ​៤០​ឆ្នាំ ទើប​លែងលះ​ជាមួយ​នាង Kimberly Hope បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​រយៈពេល​៨​ឆ្នាំ ៕