ធន រដ្ឋា៖ ខ្ញុំ​​សន្តិសុខ​​មែន ​តែ​​​សុបិន​ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​មួយ​របស់​សិល្បៈ

លោក ធន រដ្ឋា​ ជា​សន្តិសុខ​ដែល​បម្រើ​ការងារ​នៅ​ហាង​បឺហ្គឺ Lotteria សាខា​មុនីវង្ស​លោក​​បាន​ថ្លែង មក​កាន់ Sabay ​ប្រាប់​ពី​ក្ដី​ស្រមៃ​​របស់​ខ្លួនថា ដ្បិត​លោក​ជា​សន្តិសុខ ប៉ុន្តែ​មាន​ក្ដី​ស្រមៃ​មួយ​ធំ គឺ​​ចង់​ក្លាយ​ជា​ចំណែក​មួយ​របស់​សិល្បៈ​មិន​ថា​ស្ថិត​ក្នុង​ទម្រង់​អ្វី​ឡើយ។

ធន រដ្ឋា៖ ខ្ញុំ​​សន្តិសុខ​​មែន ​តែ​​​សុបិន​ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​មួយ​របស់​សិល្បៈ

ជាមួយ​មហិច្ឆតា​នេះ លោក​តែង​ស្វះស្វែង​ប្រជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​កម្មវិធី​​សិល្បៈ​នានា  ដោយ​ថ្មីៗនេះ ​លោក​​ទើប​តែ​​ប្រកួត​ចប់​ក្នុង​កម្មវិធី​សិល្បៈ​មួយ​ដែល​រៀប​​ចំ​ដោយ​ក្រសួង​ព័ត៌មាន​​ដែល​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា “តន្ត្រី​យុវវ័យ”។ រដ្ឋា បញ្ជាក់​ថា កម្មវិធី​នេះ មិន​មែន​តែ​ចម្រៀង​សម័យ​តែ​មួយ​មុខ​នោះ​ទេ ​គឺ​រួម​បញ្ចូល​ទាំង​តន្ត្រី​បុរាណ​ផង​ដែរ ​ហើយ​ការ​ប្រកួត​នោះ ​គឺ​តម្រូវ​ជា​​ក្រុម​​ដោយ​ក្រុម​របស់​លោក​មាន​សមាជិក​១៣​រូប។ ​​​ជា​លទ្ធផល ​ក្រុម​របស់​លោក​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ចំណោម​ក្រុម​ជា​ច្រើន។

 

“ខ្ញុំ​ស្រម៉ៃ​ចង់​ក្លាយ​ជា​អ្នក​​សិល្បៈ​មិន​ថា​ក្នុង​ទម្រង់​អ្វី​នោះ​ទេ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ឲ្យ​តែ​មាន​ឱកាស​ សព្វ​ថ្ងៃ​ខ្ញុំ​ជា​សន្តិសុខ​ទេ​ ហើយ​កាល​ដែល​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​នោះ​ កត្តា​​​កាន់​តែ​ជំរុញ​ចិត្ត​គឺ​ដោយ​សារ​ពុក​​ម៉ែ​ខ្ញុំ​គាត់​ស្រលាញ់​សិល្បៈ​ខ្លាំង​ដែរ” លោក​និយាយ​បន្ថែម។

 

ក្រៅ​ពី​ការ​ប្រឡង​ចម្រៀង​ខាង​លើ រដ្ឋា ក៏​ឆ្លៀត​ទៅ​សម្ដែង​ភាពយន្ត​ខ្លះ​ៗ​ផង​ដែរ​ តាម​និស្ស័យ​របស់​លោក។ ក្រោយ​ប្រឡូក​ការងារ​សន្តិសុខ​មួយ​រយៈ ដោយ​យល់​ថា​ ការងារ​នេះ​មិន​អាច​ជួយ​ជ្រោង​វាសនា​ខ្លួន​ឲ្យ​ខ្ពស់​ជាង​នេះ​បាន លោក​ប្រាប់​ថា នឹង​លា​ឈប់​ក្នុង​ពេល​​ឆាប់​ៗ​នេះ​ហើយ។

“សម្រាប់​ខ្ញុំ​ការងារ​ជា​សន្តិសុខ​​ដែល​ខ្ញុំ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ធ្លាប់​គិត​ថា​អាច​ជួយ​ពុក​ម៉ែ​នៅ​ព្រៃវែង​បាន​ខ្លះ​ តែ​ជាក់​ស្ដែង​មិន​ដូច្នេះ​ទេ​ ខ្ញុំ​ទទួល​បាន​កម្រៃ​ពី​ការងារ​នេះ​តិច​តួច​ប៉ុណ្ណោះ​ ខ្ញុំ​ចិញ្ចឹម​ខ្លួន​ឯង​ស្ទើរ​មិន​រស់​ផង​កុំ​ថា​ឡើយ​ជួយ​គ្រួសារ”។

 

 

លោក​លើក​ឡើង​បន្ថែម​ថា​ កាល​ដែល​សម្រេច​ឈប់​ធ្វើម​សន្តិសុខ​មិន​មែន​លោក​ខ្លាច​ការងារ​លំបាក​ឬ​ហាល​ថ្ងៃ​​នោះ​ទេ ​តែ​ដើម្បី​ក្រពះ​​ លោក​​ត្រូវ​តែ​​ខិត​ខំ​ស្វែង​រក​អ្វី​​ថ្មី ​ដែល​អាចឲ្យ​លក្ខខណ្ឌ​ជីវិត​របស់​លោក​មាន​ភាព​ប្រសើរ​ជាងមុន​ ជាមួយ​ក្ដី​សង្ឃឹម​ថា ​នឹង​​អាច​រក​អ្វី​មួយ​ឲ្យ​ប្រាកដ​ក្នុង​វិថី​សិល្បៈ​នេះ​ ដែល​អាច​​ចញ្ចឹម​ជីវិត​ខ្លួន​ឯង ​និងឪពុក​ម្ដាយ​ចាស់​ជរា​ដែល​រង់​ចាំ​នៅ​ឯ​ស្រុក ៕

 

អត្ថបទ៖ SAMEDY
​​​​​