លោក ប៉ា សុជាតិវង្ស៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាឲ្យបានច្បាស់លាស់ពីគម្រោងសាងសង់ស្ពានអាកាសចោមចៅ

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញានេះបានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅចំណុចសំខាន់ៗ មួយចំនួនក្នុងនោះរួមមាន ចំណុចរង្វង់មូលចោមចៅ ចំណុចស្ពានអាកាសក្បាលថ្នល់ និងចំណុចរង្វង់មូលទួលគោក។

លោកអភិបាលបានបញ្ជាក់ថា នៅរង្វង់មូលចោមចៅ ស្វែងរកជម្រើសល្អបំផុត ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិប្បរមា និងត្រូវសិក្សាបច្ចេកទេស ផ្លូវឱ្យបានច្បាស់លាស់ ព្រោះទីតាំងនេះជាតំបន់ ឧស្សាហកម្មសំខាន់មួយ ដែលមានរថយន្តធំៗដឹកទំនិញចេញ-ចូល និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជាច្រើនឆ្លងកាត់ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាស នៅត្រង់រង្វង់មូលចោមចៅ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅច្រកចេញចូលក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរ។ តាមផែនការស្ពានអាកាស ចោមចៅគ្រោងនឹងស្ថាបនា នៅក្នុងឆ្ នាំ២០១៧ ខាងមុខនេះ។

ជាមួយគ្នានេះ កិច្ចប្រជុំខាងលើក៏មានការបង្ហាញ គំរូប្លង់ស្ពានអាកាសចោមចៅ ៣ជម្រើសផ្សេងគ្នាផងដែរ។ ពាក់ព័ន្ធនឹងការដោះស្រាយការស្ទះចរាចរណ៍ នៅស្ពានអាកាសក្បាលថ្នល់ លោកប៉ា សុជាតិវង្សបានបញ្ជាក់ថា សាលារាជធានីភ្នំពេញកំពុងសិក្សាទីតាំងនេះ ដើម្បីបន្ថែមស្ពានអាកាស៣ខ្សែទៀត ដើម្បីដោះស្រាយការកកស្ទះនាពេលបច្ចុប្បន្ន។

/គម្រោងនេះមានការយឺតយ៉ាវបន្តិច ដោយសារផលប៉ះពាល់ ជាមួយបំពង់ទឹកស្អាតធំមួយ ទំហំរហូតដល់ ១.៦ម៉ែត្រ ដែលអាចដាច់ទឹកប្រើប្រាស់រយ:ពេលដល់ទៅ ៣ខែ ប៉ុន្តែក្រុមការងារបច្ចេកទេស នឹងសិក្សាកែសម្រួលឡើងវិញ ដើម្បីចាប់ផ្តើមស្ថាបនាបាននៅពេលឆាប់ៗខាងមុខ។

ដោយឡែកចំពោះរង្វង់មូលទួលគោក លោកអភិបាលបានឲ្យដឹងថា នឹងត្រូវកែសម្រួលដាក់ជាភ្លើងស្តុប ព្រោះទីតាំងរង្វង់មូលនេះតូច មានផ្លូវជួបគ្នា៥ខ្សែ ដូច្នេះមានការកកស្ទះខ្លាំង៕

ប្រភព៖ freshnewsasia


លោក ប៉ា សុជាតិវង្ស៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាឲ្យបានច្បាស់លាស់ពីគម្រោងសាងសង់ស្ពានអាកាសចោមចៅ

លោក Duterte ថា ចិនចង់ឲ្យយន្តហោះលោក ព្រោះចិនបារម្ភពីលោក

លោក ប៉ា សុជាតិវង្ស៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាឲ្យបានច្បាស់លាស់ពីគម្រោងសាងសង់ស្ពានអាកាសចោមចៅ

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសចាកចេញពីនយោបាយ