តូចចិត្ត​ខ្លាំង​ណាស់ ! ណែនាំ​ប្តី​ខ្លួនឯង​មិន​ស្តាប់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ សង្ស័យ​តូចចិត្ត​និយាយ​ណែនាំ​ប្តី​មិន​ស្តាប់ ក៏​គិត​ខ្លី​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨៥ តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ ម៉ែ​ន ម៉ា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​ជ្រុំ ភូមិ​ដំបូក​កកោះ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រីឯ​បុរស​ជា​ប្ដី​ឈ្មោះ យ៉ែ ធា​រ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្ដាម ស្រុក​ពញាឮ ខេត្តកណ្ដាល មានកូន​ស្រី​ម្នាក់​អាយុ​២​ខួប ។

ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជិត​៦​ឆ្នាំ​ហើយ ដោយ​បង្កើត​បានកូន​ស្រី​ម្នាក់​អាយុ​២​ខួប​ទុក​ឲ្យ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ស្រុក​កំណើត ។

ប្រភពបន្តថា កន្លង​មក​ពេល​គាត់​ផឹកស៊ី​តែងតែ​យកប្រពន្ធ​ទៅ​ជាមួយ​រហូត ប៉ុន្តែ​ប្រពន្ធ​មិន​ចង់​ឲ្យ​ផឹកស៊ី​ស្រវឹង​មក​ដល់​ផ្ទះ​វិញ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ទើប​នាង​ជា​ប្រពន្ធ​តែងតែ​ហាម​មិន​ឲ្យ​គាត់​ផឹកស្រា តែ​គាត់​នៅ​តែ​ផឹក ។ នៅ​យប់​កើតហេតុ ពេល​គាត់​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ គាត់​បាន​សម្រាក​នៅ​ខាងក្រោម ចំណែក​ប្រពន្ធ​ឡើង​ទៅ​សម្រាក​នៅ​បន្ទប់​ឡៅតឿ​តែ​ម្នាក់ឯង ហើយ​ក៏​មិន​បានដឹង​ថា ប្រពន្ធ​យក​កន្សែង​បង់ក​ចងក​តាំងពី​ពេល​ណា​ទេ ព្រោះ​គាត់​ស្រវឹងស្រា​ដេក​លក់​អត់​ដឹង រហូត​ដល់​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​កញ្ញា គាត់​ឈឺ​បត់ជើង​ភ្ញាក់​ឡើង​បើកភ្លើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​បាន​ចងក​នៅ​លើ​បន្ទប់​ឡៅតឿ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សាកសព ហើយ​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ស្លាប់​ដោយ​ចងក​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​បុរស​ជា​ប្តី​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ៕