ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ក៏ដូចជា​ព្រៃ​ការពារ​និង​ព្រៃ​សហគមន៍​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឡើយ​។ ប្រភពពី​ប្រជា​សហគមន៍​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ម៉ាស៊ីន​កាប់​ឈើ​រាប់សិប​គ្រឿង​ត្រូវបាន​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​យក​ចូល​ក្នុងព្រៃ​សហគមន៍ ហើយ​អារ​រំលំ​ដើមឈើ​និង​អារច្រៀក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ពួកគាត់​គ្មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី​ទាល់តែសោះ​។

តាម​ការអះអាង​របស់​ជនជាតិដើម​ភាគតិច​ព្នង​ក្នុងភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះ កំពុង​ធ្វើ​ឲ្យ​ហិនហោច​ធនធានធម្មជាតិ ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ដែល​ពឹងផ្អែក​លើ​ផល​និង​អនុផល​ព្រៃឈើ​តាំងពី​ដូនតា​មក​។ ជនជាតិដើម​ភាគតិច​ព្នង​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅនេះ​មាន​ម៉ាស៊ីន​កាប់​ឈើ​ជាង​១៥​គ្រឿង និង​រថយន្តស្ទូច​ជញ្ជូន​ឈើ​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រៃ​សហគមន៍​ចំណុច​ខាងកើត​អូរ​ល្វា ឃុំ​ស្រែ​ឈូក រួច​ដឹកជញ្ជូន​តាមផ្លូវ​លំ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នក​កាប់​ឈើ​គឺជា​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការទប់ស្កាត់​។

ក្នុងខណៈដែល​បទល្មើស​កាប់​ឈើ​នៅ​តំបន់​អូរ​ល្វា កំពុង​រាលដាល​កាន់តែខ្លាំង​នោះ​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ឃុំ​ស្រែ​ឈូក កំពុង​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ព្រោះ​ឈើ​ប្រភេទ​លេខ​១​និង​ប្រភេទ​លេខ​២​ស្ទើរតែ​វិនាស​អស់​ទៅហើយ​។ សូម្បីតែ​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​ស្រែ​ឈូក​រាប់ពាន់​ដើម ក៏​ត្រូវគេ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​បច្ចុប្បន្ន​សូម្បី​ឈើ​ប្រភេទ​ខ្លុង និង​ត្បែង​ក៏​កំពុង​ប្រឈម​នឹង​ការ​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ដែរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​នោះទេ​៕

image-copy-2 image-copy-copy image