ទីក្រុង​ហូជីមិញ ​ហាម​គ្រូ​ដាក់​កិច្ចការ​ផ្ទះ​​​​ឲ្យ​សិស្ស​​ថ្នាក់​បឋម​សិក្សា

ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​​ ​កំពុង​រៀប​ចំ​កម្មវិធី​ថ្មី​មួយ​​សម្រាប់​​ឆ្នាំ​ ២០១៦ ដល់​២០១៧ ​ដោយ​​​​ឲ្យ​សិស្ស​ថ្នាក់​បឋម​​សិក្សា​​​​មិន​ត្រូវ​មាន​​កិច្ចការ​ផ្ទះ (Homework) ក្រោយ​ចេញ​​ពី​រៀន​ឡើយ​។

 

ទីក្រុង​ហូជីមិញ ​ហាម​គ្រូ​ដាក់​កិច្ចការ​ផ្ទះ​​​​ឲ្យ​សិស្ស​​ថ្នាក់​បឋម​សិក្សា

 

 

នាយកដ្ឋាន​​អប់រំ​បណ្ដុះ​បណ្ដាល​ ​បាន​​ចេញ​សេចក្ដី​ប្រកាស​​​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​​​​ ដោយ​ណែនាំ​​​ឲ្យ​​សាលា​បឋម​​​​ក្នុង​ក្រុង​​​​​ទាំង​អស់​ ​ត្រូវ​​​ឲ្យ​សិស្ស​​​រៀន​​ ២វេន​​​ក្នុង​​មួយ​ថ្ងៃ​ ដើម្បី​​​​​កាត់​បន្ថយ​ការ​ធុញថប់​​របស់​សិស្ស និង​​​​ចៀសវាង​ការ​បង្រៀន​​គួរ​បន្ថែម​ខុស​ច្បាប់។

 

​​យោង​តាម​សេចក្ដីណែនាំ ​វេន​ដំបូង​​គ្រូ​ត្រូវ​បង្រៀន​តាម​មុខ​វិជ្ជា​​សំខាន់​ៗ​​ធម្មតា ឯ​វេន​​បន្ទាប់​​​​ឲ្យ​សិស្ស​​បញ្ចប់​​​​​មេរៀន​ណា​ដែល​ពួកគេ​ធ្វើ​មិន​ទាន់​រួច​រាល់​​​ពី​​វេន​​ទី​មួយ។

 

វេន​ទី​​​ពីរ​ ឬ​​វេន​រសៀល​​ ​គឺ​ជា​ពេល​​​ដែល​សិស្សានុសិស្ស​​ត្រូវ​​រៀន​ស្វែង​យល់​ខ្លួន​ឯង​ និង​អនុវត្ត​​អ្វី​ដែល​​ពួក​គេ​​បាន​​​រៀន​នៅ​​វេន​ទី​មួយ​ ​ហើយ​​ណែនាំ​​​ផ្ដល់​យោបល់​ដោយ​គ្រូ​ជំនួយ​បម្រុង​ផ្សេង​ទៀត។ អ្វី​ដែល​ជា​​រឿង​​​​សំខាន់ ​ក្រោយ​បញ្ចប់​​​ការ​សិក្សា​ទាំង​ពីរ​វេន ​គ្រូ​ទាំង​អស់​​​​មិន​អនុញ្ញាត​ឲ្យ​​​ដាក់​​កិច្ចការ​ផ្ទះ​​​បន្ថែម​ទៅ​​ឲ្យ​កូន​សិស្ស​ទៀត​ឡើយ។

 

​​​​​តាម​​​នាយកដ្ឋាន​​អប់រំ​ក្រុង​​ ​កម្មវិធី​នេះ​​​នឹង​​ត្រូវ​​អនុវត្តន៍​​​លើ​សាលា​ដែល​ណា​​​​​ចង់​បាន ការ​យល់ព្រម​ពី​អាណាព្យាបាល ​និង​​​​ពី​លោក​គ្រូ​អ្នកគ្រូ​។ ​ក្រៅ​ពី​នេះ នាយកដ្ឋាន​ក៏​​ជំរុញ​​​ឲ្យ​សាលា​ទាំង​នោះ​មាន​ចង្ក្រាន​​បាយ​ ​​និង​​ចំណី​អាហារ​​ប្រកប​​សុវត្ថិភាព​សម្រាប់​កូន​សិស្ស​ផង​ដែរ៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Tuoitrenews​