លោកស្រី​ស៊ូ​ជី​៖ ពី​អ្នកទោសនយោបាយ ក្លាយជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​បាន​ជួប​លោក​អូ​បា​ម៉ា​នៅ​ការិយាល័យ​ពងក្រពើ​ និពន្ធដោយ : ទេព អ៊ីវិសាល       September-15-2016, 11:43 am         843

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី​ស៊ូ​ជី​៖ ពី​អ្នកទោសនយោបាយ ក្លាយជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​បាន​ជួប​លោក​អូ​បា​ម៉ា​នៅ​ការិយាល័យ​ពងក្រពើ​​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ទឹកដី​អាមេរិក​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ជិត​ផុតអាណត្តិ​បា​រ៉ា​ក់ អូ​បា​ម៉ា​។ តាមរយៈ​ទស្សនកិច្ច​ផ្លូវការ​នេះ លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ ក៏បាន​ជួប​ជជែក​និង​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្នុង​ការិយាល័យ​ពងក្រពើ​ដែលជា​កន្លែង​សម្រាប់​ប្រធានាធិបតី​អាមេរិក ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កំពូលៗ​ពិភពលោក​ផងដែរ​។

​មេដឹកនាំ de facto (​ពិតប្រាកដ​) មី​យ៉ាន់​ម៉ា លោកស្រី​អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​១៤ ខែកញ្ញា បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្នុង​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក​។ ជំនួប​ផ្លូវការ​នេះ គឺជា​ជំនួប​ចុងក្រោយ​ហើយ​របស់​លោកស្រី ស៊ូ​ជី និង​លោក​អូ​បា​ម៉ា​ក្នុងនាម​លោក​ជា​ប្រធានាធិបតី​អាមេរិក​។​

​តាមរយៈ​ជំនួប​ផ្លូវការ​លើកដំបូង​ប្រ​វ​តិ្ត​សាស្ត្រ​ក្នុងនាមជាប្រមុខដឹកនាំ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​​អរគុណ​សហគមន៍​អន្តរជាតិ ជាពិសេស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​តែង​គាំទ្រ និង​ជ្រោមជ្រែង​ចំពោះ​ដំណើរការ និង​ចលនា​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា ដែល​បាន​បាត់បង់​អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ​។ លោកស្រី ស៊ូ​ជី បាន​ឡើងកាន់តំណែង និង​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជា​ផ្លូវការ​នៅ​ខែមេសា​កន្លងទៅ បន្ទាប់ពី​បក្ស​លោកស្រី បានឈ្នះ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ចុងឆ្នាំ​២០១៥​។

​ជាការ​ឆ្លើយតប​ទៅនឹង​ដំណើរ​ឆ្ពោះទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា លោក អូ​បា​ម៉ា បាន​ប្រាប់​លោកស្រី ស៊ូ​ជី ថា «​អាមេរិក កំពុងតែ​ត្រៀម​ដក​ទណ្ឌកម្ម ដែល​អាមេរិក បានដាក់​លើ​មី​យ៉ាន់​ម៉ា​ក្នុងពេល​យោធា​ដឹកនាំ​ប្រទេស ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​» នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្តី​លោក អូ​បា​ម៉ា ដែល​លោក​ប្រាប់​លោកស្រី​ស៊ូ​ជី​ដែរ​ថា នេះ (​គម្រោង​ដក​ទណ្ឌកម្ម​) គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ​ដើម្បី​ធានា​ឲ្យ​បាន ថា ប្រជាជន​មី​យ៉ាន់​ម៉ា នឹង​ទទួលបាន​រង្វាន់​ថ្មី​សម្រាប់​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ពាក់កណ្ដាល​ខែឧសភា​កន្ល​ង​ទៅ អាមេរិក បាន​លុបចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​មួយចំនួន​ដែល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ក្នុងពេល​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​របប​យោធា​។ មន្ត្រី​អាមេរិក​អះអាងថា ការសម្រេចចិត្ត​របស់​ខ្លួន គឺមាន​ការផ្ដល់​យោបល់​ពី​លោកស្រី ស៊ូ​ជី ដ្បិត​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ចង់​រក្សា​ឥទ្ធិពល​ប្រឆាំង​ក្រុម​យោធា និង​ក្រុមហ៊ុន​ពួកគេ​គាំទ្រ ដែល​រកស៊ី​មុខ​ជំនួញ​ធំៗ​របស់​ប្រទេស​។​

​ងាក​មក​ចាប់អារម្មណ៍​ទំនាក់ទំនង​រវាង​ប្រធានាធិបតី​អាមេរិក​លោក អូ​បា​ម៉ា និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ស៊ូ​ជី បន្តិច ! តាមពិតទៅ លោក អូ​បា​ម៉ា និង​លោកស្រី ស៊ូ​ជី មិនមែន ទើបតែ​ជួបគ្នា​លើកដំបូង​នោះទេ ពោលគឺ រាប់ទាំង​ជំនួប​ចុងក្រោយ​នេះ អ្នក​ទាំងពីរ បាន​ជួបគ្នា​បី​លើក​រួចទៅហើយ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ជំនួប​ពីមួយ​លើក​ទៅមួយ​លើក លោកស្រី ស៊ូ​ជី បាន​ប្រែប្រួល​តំណែង​ខុសៗ​គ្នា ខណៈពេលដែល​លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​។

​លោកស្រី ស៊ូ​ជី ធា្ល​ប់​ជួប​លោក​អូ​ប៉ា​ម៉ា​ដំបូង​ក្នុងនាម​ជា​ប្រមុខ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១២​។ ហើយ ពេលនោះ ក៏​ជា​លើកដំបូង​ដែល​អាមេរិក បានបង្ហាញ និង​លើក​មុខមាត់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុង​ឆាក​អន្តរជាតិ ក្រោយ​លោកស្រី​ត្រូវបាន​ដោះលែង​ជា​ផ្លូវការ​ពី​ការឃុំ​រយៈពេល​១៧​ឆ្នាំ​ក្នុងផ្ទះ​ដោយ​ក្រុម​យោធា​ក្នុងនាម​ជា​អ្នកទោសនយោបាយ​។ ក្នុងពេល​នោះដែរ លោកស្រី ក៏បាន​ទទួលបាន​ល​មេដាយមាស​ពី​អាមេរិក​ផងដែរ​។​

​ក្រោយមកទៀត ភាគី​ទាំងពីរ ក៏បាន​ជួបគ្នា​ជា​លើក​ទី​ពីរ ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា នាឱកាស​ដែល​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រធាន​អាស៊ាន​។ ក្នុងពេលនោះ លោកស្រី ស៊ូ​ជី នៅតែ​ជា​ប្រមុខ​បក្សប្រឆាំង​នៅឡើយ​នោះទេ​។​

​ដោយឡែក​សម្រាប់​ជំនួប​ក្នុង​ការិយាល័យ​ពងក្រពើ លោកស្រី ស៊ូ​ជី លែង​ជា​មេដឹកនាំ​បក្សប្រឆាំង​ទៀតហើយ ពោលគឺ​លោកស្រី គឺជា​តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហើយ​ជា​ប្រមុខ​បក្ស​កាន់អំណាច​ផងដែរ​។ តែ​វា ក៏​ជា​ជំនួប​ផ្លូវការ​ចុងក្រោយ​ផងដែរ​រវាង​មេដឹកនាំ​ទាំងពីរ ដ្បិត​លោក អូ​បា​ម៉ា នឹងត្រូវ​ចាកចេញ​ពី​ការិយាល័យ​នៅ​ចុងឆ្នាំ​២០១៦​នេះ ក្រោយ​លោក បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ពីរ​អាណត្តិ​ហើយ​នោះ​៕