ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​ឆ្នាំ​នេះ​មិន​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ទទួល​បានការ​គាំទ្រ​ច្រើន​ទាំង​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ នៅ​ឆ្នាំ​២០១៦​នេះ តាម​គម្រោង​ស្ករត្នោត​កំពង់ស្ពឺ មាន​តម្រូវការ​រហូត​ដល់​៣០០​តោន​(​ស្ករ​GI និង​ស្ករ​សរីរាង្គ​) តែ​ក្រុម​អ្នក​ផលិត​មិន​អាច​ផ្គត់ផ្គង់​ឱ្យ​ឆ្លើយ​តប​តាម​ទីផ្សារ​បាន ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើក កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា ៖ «​ក្នុង​ឆ្នាំ​២០១៦​នេះ សមាគម​អាច​ផលិត​ស្ករត្នោត​បាន​ចំនួន​សរុប​២២៥​តោន កើន​លើស​ឆ្នាំ​មុន​៧៥​តោន ។ ប៉ុន្តែ​ចំនួន​នេះ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​លើ​ទីផ្សារ​បាន​ទេ ដោយសារ​តែ​ត្នោត​មិន​អាច​ផ្តល់​ផល​បានច្រើន ។ ម្យ៉ាងទៀត សមាគម​មិន​បាន​ពង្រីក​តំបន់​គោលដៅ​បន្ថែម​ឱ្យ​បាន​ច្រើន » ។

លោក​បន្ត​ថា ទោះបីជា​ឆ្នាំ​នេះ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​លើ​ទីផ្សារ​ក្តី តែ​ចំណេះដឹង​ក្នុង​ការ​ផលិត​ស្ករត្នោត​របស់​សមាជិក​មានការ​រីក​ចម្រើន​ជាង​ពេល​មុន​ៗ តាម​រយៈ​សមាគម​ដោយ​ពង្រឹង​ការ​តាមដាន​សៀវភៅ​បន្ទុក ណែនាំ​អំពី​ការ​ផលិត​ស្ករ​ឱ្យ​ត្រូវ​នឹង​កម្រិតស្តង់ដា និង​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ខាងក្នុង ដែល​អាច​ជួយ​ពង្រឹងសមត្ថភាព​ក្នុង​ការ​ផលិត​ដើម្បី​បង្កើន​គុណភាព​ផលិតផល ។

លោក​បន្ថែម​ថា បរិមាណ​ស្ករ​ដែល​ផលិត​បាន​ចំនួន​២២៥​តោន​នា​ពេល​កន្លង​មក បាន​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ចំនួន​២៥%  និង​៧៥%​ទៀត​បាន​នាំ​ចេញ​ទៅ​បរទេស ។ លោក​ថា ៖ « បើ​តម្រូវការ​ក្នុងស្រុក​មាន​ចំនួន​ច្រើន​ដូច​ការ​នាំ​ចេញ​នោះ វា​ជា​រឿង​ល្អ ព្រោះ​ស្ករត្នោត​កំពង់ស្ពឺ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ទេ ។ លើស​ពី​នេះ​ទៀត ក៏​ធ្វើ​ឱ្យ​ក្រុម​អ្នក​ផលិត​សប្បាយចិត្ត​ផង​ដែរ » ។

ដើម្បី​ឱ្យ​ការ​ផ្គត់ផ្គង់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៅ​គ្រា​បន្ទាប់ ប្រធាន​សមាគម​រូប​នេះ​គូសបញ្ជាក់​ថា ៖ « នៅ​ខែតុលា ខាង​មុខ ខាង​សមាគម​នឹង​ប្រជុំ​គណៈកម្មការ​ដើម្បី​រៀបចំ​យន្តការ​ថ្មី ធ្វើ​យ៉ាងម៉េច ឱ្យ​ឆ្លើយ​តប​តាម​ការ​បញ្ជា​ទិញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មិន​ឱ្យ​ខ្វះ​ដូច​ឆ្នាំ​នេះ​ទេ » ។

សមាគម​ក៏​គ្រោង​នឹង​រើស​សមាជិក​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត​ឱ្យ​បាន​ដល់​៣០០​គ្រួសារ​នា​ពេល​ខាង​មុខ ដើម្បី​បង្កើន​ការ​ផលិត​ផង​ដែរ » ។

ឆ្នាំ​នេះ ក្រុមហ៊ុន​ដែល​បាន​បញ្ជា​ទិញ​ស្ករត្នោត​ពី​សមាគម​មាន​តែ​៥​ក្រុមហ៊ុន ខុស​ពី​ឆ្នាំ​មុន​ៗ​មាន​ចំនួន​៨​ក្រុមហ៊ុន ដែល​បាន​នាំ​ទៅ​គោលដៅ​ធំ​គឺ​សហគមន៍​អឺរ៉ុប និង​អាស៊ី ។ ចំណែក​តម្លៃ​ឆ្នាំ​នេះ ស្ករត្នោត​ម្សៅ ថ្លៃ​១.៣៧៥​ដុល្លារ​ក្នុង​១​តោន ស្ករ​សាច់ ថ្លៃ​១​ពាន់​ដុល្លារ​ក្នុង​១​តោន និង​ស្ករ​ធម្មតា​ថ្លៃ ៨០០​ដុល្លារ​ក្នុង​១​តោន ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សំ សា​រឿ​ន ៕