ដល់ម្លឹង! ភ្ញាក់ព្រើតក្រោយចាប់​ខ្លួន២នាក់នេះ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ នេះ កម្លាំង​នគរបាល​ល្បាត​ខណ្ឌព្រែកព្នៅខ ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ បន្ទាប់​ពី​​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​៣​កញ្ចប់ជាប់ខ្លួន ​ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ពួក​គេ​កំពុង​ជិះ​ម៉ូតូ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ពួក​គេ​ជា​មន្ត្រី​យោធា​​ ។

ជនសង្ស័យ​ទាំង​២ ម្នាក់​ឈ្មោះ​គង់ ទី អាយុ​២១​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​ស្រែ​កក់ ឃុំ​រលាំង​ចេក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ​កែវ វណ្ណៈ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល់វង់ ឃុំ​សេដ្ឋី ស្រុក​សាម្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។ កម្លាំង​ដកហូត​វត្ថុ​តាង​មាន ថ្នាំ​ញៀន​ប្រភេទ​ក្រាម​.​ស​ថ្លា​៣​កញ្ចប់ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Nex ពាក់​ស្លាក​លេខ​ភ្នំពេញ​1CD-3528 ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ទើប​ត្រឡប់​មក​ពី​ទិញ​ថ្នាំ​ញៀន ដើម្បី​យក​ទៅ​ជក់ លុះ​ជិះ​តាម​ផ្លូវជាតិ​លេខ​៥​ខាងលើ ក៏​ជួប​ជាមួយ​កម្លាំង​នគរបាល​ល្បាត​សង្ស័យ ទើប​ហៅ​ពួក​គេ​នាំ និង​ឆែក​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង ។ បច្ចុប្បន្ន ទាំង​២​នាក់ ត្រូវ​បាន កម្លាំង​ជំនាញ​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។