នៅ​សម្តីឡូយ​ «ខ្ញុំមិន​ត្រឹម​លក់​ទេ ប្រើជាមួយ​អតិថិជនយ៉ាង​សប្បាយ​ទៀត»

ខេត្តបាត់ដំបង ​៖ មនុស្ស​២០​នាក់ត្រូវ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤​ កញ្ញា ស្ថិត​នៅក្នុង​​ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ដែល​ក្នុង​​​នោះ​ មាន​ម្នាក់​ជា​មេខ្លោង​ ។

​ប្រភពឱ្យ​ដឹង​​ថា ជន​ពាក់ព័ន្ធ​និង​ការ​ប្រ​ព្រឹត្តបទ​ល្មើស​ថ្នាំ​ញៀន​ទាំង​២០​នាក់​នោះ គឺ​បង្ក្រាប​បាន​ដោយ​កម្លាំង​នគរបាល​ស្រុក​ថ្ម
គោល​។ ក្នុង​ចំណោម​នោះ​ មាន​ម្នាក់​ឈ្មោះ​អាង វ៉ា​ន់​ឌឿ​ន ហៅ​ចាង អាយុ​២៤​ឆ្នាំ ជា​​មេខ្លោង​នៃ​ការ​ប្រ​ព្រឹត្តបទ​ល្មើស​ថ្នាំ​ញៀន និង​ជា​អ្នក​ផ្ដល់​ទីតាំង​ដ៏​សំខាន់​សម្រាប់​ក្រុម​អ្នក​ប្រើប្រាស់ ។

​ជន​សង្ស័យ​ឈ្មោះ​អាង វ៉ា​ន់​ឌឿ​ន នេះ​ ជា​មុខសញ្ញា​ដ៏​សំខាន់​ក្នុង​ការ​ចែកចាយ​ថ្នាំ​ញៀន​ ដល់​អ្នក​ប្រើប្រាស់នៅ​ក្នុង​មូល​ដ្ឋាន ​។ មន្ត្រី​ជំនាញ​បាន​តាមដាន​សកម្មភាព​​​ជន​នេះ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បានទាំង​អ្នកលក់ ទាំង​អ្នក​ប្រើប្រាស់​ចំនួន​២០​នាក់ ជា​បន្ត​បន្ទាប់​​តែង​ម្ដង ថែម​ទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​​បានទៀត ​។

ឈ្មោះ​អាង វ៉ា​ន់​ឌឿ​ន ហៅ​ចាង ដែល​ជា​មេខ្លោង​ធ្វើ​អាជីវកម្ម​ថ្នាំ​ញៀន​ក្នុង​មូល​ដ្ឋាន​បាន​សារភាព​ថា «ខ្ញុំក្រៅពី​​​លក់ដូរ​ថ្នាំ​ញៀន​បន្ត​ទៅឱ្យម៉ូយ​​​​ និង​អ្នក​ប្រើប្រាស់​នៅ​ក្នុង​មូល​ដ្ឋានហើយ​ ខ្ញុំ​ក៏​ជា​អ្នក​ប្រើប្រាស់យ៉ាង​សកម្ម​ជាមួយ​អតិថិជន​របស់​ខ្លួន​យ៉ាង​សប្បាយ​ទៀត​ផង ​។

ជន​នេះ​មិន​បាន​លម្អិតពី​សកម្មភាព​របស់​ខ្លួន​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​ប្រភព​ថ្នាំ​ដែល​ខ្លួន​តែង​ទិញ​យក​មក​លក់​បន្ត​នោះ​ដែរ ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​។ ប៉ុន្តែ​ជន​នេះ បាន​អះអាង​ហាក់​ផ្ទុយ​ពី​ការ​តាមដាន​របស់​សមត្ថកិច្ច​ថា ខ្លួន​ទើបនឹង​ប្រ​ព្រឹត្តបទ​ល្មើស​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន​នេះ​។

មន្ត្រី​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ឈ្មោះ​អាង វ៉ា​ន់​ឌឿ​ន ហៅ​ចាង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មុនគេ និង​ដកហូត​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម្យ៉ៅ​ក្រាម​ព​ណ៌​.​ស (​ម៉ា​ទឹកកក​) ចំនួន​២​ថង់​តូច​។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ ទើប​ឈាន​​ដល់​ការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​មួយ​ចំនួន​១៩​នាក់​ទៀត ដែល​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ផងជាស​ម្ភា​រ​ប្រើប្រាស់​ថ្នាំ​ញៀន​ ។