លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ កំពុង​ព្យាយាម​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​

ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមក ធ្វើ​ឲ្យ​លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ ព្យាយាម​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​។ ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បានបញ្ជាក់​ថា អ្វីដែល​លោក ឡង ឌី លើកឡើង​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​នោះ គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ព្រោះ​ជាក់ស្ដែង​លោក ឡង ឌី ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​ព័ត៌មាន​ដែល​បែកធ្លាយ​ចេញ​ក្រៅ​ទៅទៀត​។

ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លោក ឡង ឌី ទទួលបន្ទុក​ផ្នែក​វិនិយោគ សណ្ឋាគារ ផ្សារ ភាស៊ី​ផ្សារ និង​ចំណតរថយន្ត​ជាដើម ហើយ​ទើប​ទទួលបាន​តំណែង​នេះ​ប្រមាណ​២​ខែ​កន្លងមក ក៏​ចាប់​ផ្ដើមធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ឡង ឌី បាន​បំពាន​ទៅលើ​ការងារ​លទ្ធកម្ម​ដែលមាន​លោក ប៊ុន សារ៉េត ជា​អ្នកទទួលខុសត្រូវ​ទៀតផង ដោយសារតែ​លោក ឡង ឌី មាន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជា​ខ្នងបង្អែក​រឹងមាំ​របស់ខ្លួន​។ មានន័យថា​ប្រភព​ចំណូល​ពី​វិនិយោគ​និង​លទ្ធកម្ម ក៏ដូចជា​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ស្ថិតក្នុង​កណ្ដាប់ដៃ​លោក ឡង ឌី ដែលជា​ក្មួយ​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​ឲ្យ​ដឹងថា ពេល​លោក ប៉ា សុជាតិ​វង្ស ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ភ្លាម ក៏​យក​លោក ឡង ឌី ពី​ខេត្តបាត់ដំបង មក​ធ្វើជា​ជំនួយការ​និង​មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រមូល​ចំណូល​ពី​គ្រប់​ច្រកល្ហក​តែម្តង​។ នៅពេលដែល​លោក ឡង ឌី មក​ធ្វើជា​ជំនួយការ​របស់លោក ប៉ា សុជាតិ​វង្ស គឺ​មន្ត្រី​កាន់កាប់​ប្រភព​ចំណូល​របស់​សាលា​រាជធានី​ភ្នំពេញ ជំនាន់​អភិបាល​រាជធានី​មុនៗ​ត្រូវ​អង្គុយ​ស្ងាប​គ្មាន​សិទ្ធិ​ចាត់ចែង​ចំណូល​ចំណាយ​ដូច​មុន​ទៀតឡើយ​។ លោក ប៉ា សុជាតិ​វង្ស បានផ្ដល់​សិទ្ធិអំណាច​យ៉ាង​ធំធេង​សម្រាប់​លោក ឡង ឌី ក្នុងការ​ប្រមូល​ចំណូល​ពី​គម្រោង​វិនិយោគ ឬ​គម្រោង​សាងសង់​ផ្សេងៗ​យ៉ាង​រលូន​ព្រោះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​សូមបញ្ជាក់ថា​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡង ឌី ដែលជា​មន្ត្រី​ទទួលបន្ទុក​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ឡង ឌី ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​ផលប្រយោជន៍​ដោយ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ចំណូល​ផ្នែក​វិនិយោគ ក៏ដូចជា​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា ធ្វើ​ផ្លូវ ស្ដារលូ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ ធ្វើ​សួនច្បារ​សាធារណៈ​ជាដើម ត្រូវ​លោក ឡង ឌី ក្ដោប​ក្ដាប់​ចំណូល​ចំណាយ​ទាំងស្រុង​។ ដោយហេតុថា​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​គម្រោង​សាងសង់​របស់​សាលា​រាជធានី​ភ្នំពេញ​យកទៅ​អនុវត្តន៍ គឺ​ទាល់​តែមាន​ភាគហ៊ុន​រប​ស់លោក ឡង ឌី ឬ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រូបនេះ​។ អាច​និយាយបានថា​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡង ឌី ដែល​ត្រូវ​លាតត្រដាង​ជា​បន្តបន្ទាប់​កន្លងទៅនេះ គឺជា​ការពិត​ទាំងស្រុង ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក ឡង ឌី មន្ត្រី​ទទួលបន្ទុក​វិនិយោគ​នៃ​សាលា​រាជធានី​ភ្នំពេញ​នោះទេ​៕

image-566

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ