រដ្ឋាភិបាល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​បាតុកម្ម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​អំពី​វិធានការ​បង្ក្រាប​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​យ៉ាងណាក៏ដោយ​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក៏ដូចជា​មេបញ្ជាការ​យោធា​សំខាន់ៗ​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​បញ្ជាក់​អំពី​ការរង់ចាំ​ទទួលបញ្ជា​ដើម្បី​បង្ក្រាប​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ជាពិសេស​មេបញ្ជាការ​ក​ង​ពល​តូច​លេខ​៧០ បាន​អះអាង​រួចមកហើយ​អំពី​ការត្រៀម​កម្លាំង​អនុវត្តន៍​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​បង្ក្រាប​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

បញ្ហា​ខាងលើនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​ស្ថានភាព​នយោបាយ​ដែល​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ ហើយ​ការត្រៀម​កម្លាំង​របស់រ​ដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ក្នុងការ​បង្ក្រាប​បាតុកម្ម​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ផងដែរ​។ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច គិតគូរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​សង្គម​។ ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​រវាង​ខ្មែរ​និង​ខ្មែរ រវាង​គណបក្សកាន់អំណាច​និង​គណបក្សជំទាស់ គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ពង្រឹង​ស្ថិរភាព​នយោបាយ​និង​ធានា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។

មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា មួយ​រយៈពេល​កន្លងទៅ​នេះ​រដ្ឋាភិបាល​ហាក់ដូចជា​បញ្ចេញ​កម្លាំង​ប្រដាប់អាវុធ​កាន់តែ​ច្រើនឡើងៗ ដើម្បី​គំរាម​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហាញ​អំពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ កម្លាំងប្រដាប់អាវុធ​ទាំងនោះ​បាន​ចល័ត​ទៅមក​ឆ្លង​កាត់មុខ​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងយប់​ទាំង​ថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​តានតឹង​ផ្នែក​នយោបាយ​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម គឺជា​បាតុកម្មអហិង្សា​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​នយោបាយ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនគួរ​ត្រៀមកម្លាំង​និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដើម្បី​បង្ក្រាប​បាតុកម្ម​នោះឡើយ​។

តាម​តាន​ដាន​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ ករណី​ចោរប្លន់​ប្រដាប់អាវុធ និង​បទល្មើស​ផ្សេងៗ​បានកើត​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​បញ្ចេញ​កម្លាំងប្រដាប់អាវុធ​ទាំងនោះ ដើម្បី​បង្ក្រាប​ក្រុមចោរប្លន់ ក៏ដូចជា​ក្រុម​ជនល្មើស​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សន្តិសុខ​សង្គម​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។ ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រៀមកម្លាំង​និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ ដើម្បី​បង្ក្រាប​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​រឿង​ល្អ​នោះទេ ព្រោះ​គម្រោង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា ហើយ​អ្នកចូលរួម​គឺ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ពុំមាន​អាវុធ​ក្នុង​ដៃ​នោះទេ​៕

14360302_195424107545224_1311097161_o 14316008_195424334211868_1031184845_o 14315481_195423967545238_1403756498_o 14339279_195424040878564_1018770009_o