ផលិតករ​សាទរ​ចំណាត់​ការ​​ក្រសួង​វប្បធម៌ រឹត​បន្តឹង​គុណភាព​ភាពយន្ត

ក្រោយ​ពី​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​​បាន​ចេញ​ច្បាប់​រឹត​បណ្តឹង​ទៅ​លើ​អ្នក​ដឹក​នាំ​រឿង ​និង​អ្នក​ផលិត​មួយ​​ចំនួន​ឈាន​ទៅ​បង្កើន​គុណភាព​ភាពយន្ត ផលិតករ​ទាំង​ជើង​ចាស់​ ជើង​ថ្មី បាន​សាទរ​ចំពោះ​ចំណាត់​ការ​នេះ ព្រោះថា ​នោះ​ជា​អ្វី​ដែល​ពួក​​គេ​ចង់​បាន​ដូច​គ្នា។

 

ថ្មី​ៗ​នេះ ក្រសួង​វប្បធម៌​ តាម​រយៈ​នាយកដ្ឋាន​ភាពយន្ត​ បាន​ចេញ​សេចក្ដី​មួយ​ដែល​បង្គាប់​ឲ្យ​ផលិតករ ​ទាំង​ជើង​ចាស់ និង​ផលិតករ​ជំនាន់​ក្រោយ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ក្រសួង​ដើម្បី​ធានា​ដល់​គុណភាព​ខ្ពស់​នៃ​ភាពយន្ត​ខ្មែរ រួម​ទាំង​និរន្តរភាព​នៃ​ដំណើរ​ការ​ដឹកនាំ​ និង​ផលិត​រឿង​របស់​ផលិតករ​ផង។

 

ផលិតករ​សាទរ​ចំណាត់​ការ​​ក្រសួង​វប្បធម៌ រឹត​បន្តឹង​គុណភាព​ភាពយន្ត

 

រូប​តំណាងភាពយន្ត​ខ្មែរ

 

លក្ខខណ្ឌ​ទាំង​នោះ មាន​ជា​អាទិ៍ គឺ​ក្រសួង​ទាម​ទារ អ្នក​ដឹកនាំ​រឿង គប្បីមាន​លក្ខណៈ​សម្បត្តិ​វិជ្ជា​ជីវៈ​ បទ​ពិសោធន៍​ និង​សមត្ថភាព​ ទើប​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​ដឹកនាំ​ ក៏​ដូច​ជា​ផលិតរឿង​បន្ត​ទៀត។ ទី២ អត្ថបទ​ភាពយន្ត គួរ​មាន​ខ្លឹមសារ​ល្អ មាន​គុណភាព​ល្អ ទើប​ក្រសួង​អនុញ្ញាត​ឲ្យ​ចេញ​ថត​ជា​ដើម។ ដ្បិត​ជា​ចំណាត់​តឹង​តែង​មួយ ប៉ុន្តែ​ផលិតករ​សាទ។

 

លោក ទិត្យ ធារិទ្ធ ជា​អ្នក​និពន្ធ​ និង​ជា​ដឹកនាំ​រឿង​ជើង​ចាស់​បានប្រាប់ Sabayឲ្យ​ដឹង​ថា​ លោក​សាទរ​យ៉ាង​ខ្លាំង​នៅ​ចំណាត់​ការ​របស់​ក្រសួង​​ ព្រោះ​ចំណាត់​ការ​នេះ​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ និង​មាន​គុណ​ភាព​ល្អ​មិនមាន​តែ​បរិមាណ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ លោក​បាន​បន្ត​ថា​ ខ្សែភាព​យន្ត​ខ្មែរ​​នា​ពេល​បច្ចុបន្បន្ននេះ​បើ​មើល​ពី​សំបកក្រៅ​រីក​ចម្រើន​ខ្លាំង​ណាស់​តែ​ធាតុ​ពិត​ភាព​យន្ត​ខ្មែរ​​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

 

អ្នកដឹកនាំ​រឿង​ជើង​ចាស់​ដដែលលើកឡើង​ទៀត​ថា​ “ដូច​សព្វថ្ងៃនេះ​ អញ្ចឹង​ក្រសួង​បាន​ចេញ​វិធាន​ការ​រឹត​បណ្តឹង​មិន​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​​​ភាព​យន្ត​ថៃ​នៅ​​ក្នុង​ម៉ោង​មាស គឺ​ផ្សាយតែ​​ខ្សែ​ភាព​យន្ត​ខ្មែរ​នៅ​ក្នុង​ម៉ោង​មាស​វិញ​។ ដល់​អីចឹង​​ផលិតករ​មួយ​ចំនួន ​គាត់​មិន​បាន​គិត​ពីគុណភាព​នោះ​ទេ អ្នកខ្លះ​មិន​ចេះ​នោះ​ទេ ​តែ​ចេញ​មុខ​មក​ធ្វើ​ជាអ្នកដឹកនាំ និង​អ្នក​ផលិត​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​រឿង​ចាក់​បញ្ចាំង​”។​

 

ជា​ចុង​ក្រោយ​លោក​បន្ត​ថា លោក​គាំទ្រ ចំពោះ​ចំណាត់​ការ ព្រោះ​នោះ​អាច​ជា​កម្លាំង​ជម្រុញ​ឲ្យ​ផលិត​ផល​ភាពយន្ត​ក្នុង​ស្រុក កើន​គុណភាព​ជាង​បរិមាណ។

 

ផលិតករ​សាទរ​ចំណាត់​ការ​​ក្រសួង​វប្បធម៌ រឹត​បន្តឹង​គុណភាព​ភាពយន្ត

 

រូប​តំណាងភាពយន្ត​ខ្មែរ

 

​ចំណែក​ឯអ្នកដឹកនាំ​រឿង​វ័យក្មេង​លោក​ រ៉ូណាន់ ចាន់ណា ក៏បានលើកឡើង​ស្រដៀង​នឹង​​លោក ទិត្យ​ ធារិទ្ធ ដែរ​​ ដោយ​លោក​បាន​លើកឡើង​ថា​ លោក​​​គាំ​ទ្រ នូវ​​ចំណាត់​ការ​របស់​ក្រសួង​ ដែល​បាន​ចេញ​ថ្មី​ៗ​នេះ ដើម្បី​រឹត​បណ្តឹង​ទៅលើ​​ដឹកនាំ​រឿង​ និង​អ្នក​ផលិត​ដែល​គ្មាន​សមត្ថភាព​។ យ៉ាង​នេះ​ក្ដី លោក​លើក​ឡើង​ថា ​​ទន្ទឹម​គ្នា​នេះ ក្រសួង​​គួ​តែ​មាន​វិធាន​ការ​ជួយ​ឧបត្ថម​​ និង​ផ្គត់​ផ្គង់​ទៅ​លើ​អ្នក​ដែល​មាន​សមត្ថភាព​ និង​ទេពកោលសល្យ​មួយ​ចំនួន ឲ្យ​ទទួល​បាន​​ឱកាស​ក្នុង​ការ​រៀន​សូត្រ​​បន្ថែម។

 

លោក ស៊ិន ច័ន្ទសាយ៉ា ប្រ​ធាន​នាយ​ដ្ឋាន​សិល្បៈ​ភាព​យន្ត​ និង​ ផ្សព្វផ្សាយ​វប្បធម៌​​មាន​ប្រសាន៍​មក​ Sabay ថា បាន​ជា​ក្រសួង​ចេញ​សេចក្តីសម្រេច​រឹត​បណ្តឹង​ទៅ​លើកត្តាធំៗ២ ទី១កត្តា​អ្នកនិពន្ធ ទី២កត្តា​អ្នក​ដឹកនាំ​រឿង​ព្រោះ​កត្តាទាំង​ពីរនេះដើរតួនាទីសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​រឿង​ទាំង​មូល​បើសិន​ជា​អ្នកនិពន្ធ​គាត់​សរសេរ​​រឿង​ល្អ​តែ​បើអ្នក​ដឹកនាំ​រឿងគាត់​មិន​ចេះ​ដឹកនាំ​រឿង​ក៏ធ្វើ​ឲ្យ​រឿង​ទាំង​មូល​គ្មាន​គុណ​ភាព​​កត្តា​ទាំងពី​រ​នេះ​គឺ​វាមាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។

 

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ដែល​ទើប​ចេញ​ គឺ​ជា​ជំហាន​បន្ត​មួយ​ពី​សិក្ខាសាលា​កាល​ពី​ចុង​ឆ្នាំ​២០១៦ ក្រោម​ប្រធាន​បទ​ “ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង” ដែល​តាម​ ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាព​យន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​ លោក​ ស៊ិន ច័ន្ទសាយ៉ា បាន​មាន​ប្រសាន៍​បន្ថែម​​ថា​ ខ្សែ​ភាពយន្ត​​​ខ្មែរ​យើង​សព្វថ្ងៃនេះ​មិន​អាច​ទៅប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​នោះ​ទេ​។

 

ការ​​រៀន​ចេះ​ត​ៗ​គ្នា​ពី​ការ​ដឹកនាំ និង​ផលិត​ភាពយន្ត​របស់​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក ត្រូវ​បាន​មើល​ឃើញ​ច្បាស់​ក្នុង​វិស័យ​ភាពយន្ត​របស់​កម្ពុជា។ ចំណុច​នេះ ជា​មូលហេតុ​ដែល​ធ្វើ​គុណភាព​ភាពយន្ត​យើង​​នៅ​មិន​ទាន់​អនុលោម​តាម​ស្ដង់ដា។ ដូច្នេះ​ហើយ លោក​ថា ដល់​ពេល​ចាំ​បាច់​ហើយ​ ដែល​ក្រសួង​ត្រូវ​ចាត់​វិធានការណ៍​ពង្រឹងគុណភាព​ភាពយន្ត​របស់​យើង។

 

ពាក់​ព័ន្ធ​នឹង​កង្វល់ខ្លះ​របស់​ផលិតករ​លើ​វគ្គ​បណ្ដុះ​បណ្ដាល លោក ស៊ិន ច័ន្ទសាយ៉ា បាន​ឆ្លើយ​តប​ថា ក្រសួង​ក៏​បាន​បង្កើត​វគ្គបណ្តុះ​បណ្តាល​ខ្លី​​ៗ​មួយ​ចំនួន​ដែរ សុទ្ធ​វគ្គ​សិក្សា​​មិន​គិត​ថ្លៃ​ដើម្បី​ពង្រឹង​សមត្ថភាព​ផលិត​របស់​ផលិតករ។ ជាក់​ស្ដែង ​វគ្គខ្លី​មួយ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​សរសេរ និង​អ្នកដឹកនាំ​រឿង​ បាន​និង​កំពុង​ចាប់​ផ្ដើម​នៅ​នាយ​កដ្ឋាន​សិល្បៈភាព​យន្ត​ នៅ​ទល់​មុខ​វត្ត​គៀនឃ្លាំង​។

 

បន្ថែម​​​ពី​នេះ លោក ស្នើ​ឲ្យ​ផលិត​ករយក​ចិត្ត​ទុក​ដាក់​ និង​ចូល​មក​ទទួល​យក​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​នេះ នា​វគ្គ​បណ្ដុះបណ្ដាល​បន្តបន្ទាប់​ទៀត។ ជា​ចុង​ក្រោយ លោក​​ថា ក្រៅ​ពី​នេះ លោក​​ ក៏​មាន​មូល​និធិ​ទ្រ​ទ្រង់​ និង​អភិ​វឌ្ឍន​សិល្បៈ​ជាតិ​ ​សម្រាប់​ជួយ​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ ក្រសួង​វប្បធម៌ ដាក់​វិធានការណ៍​តឹង​ពង្រឹង​ផលិតផល​ភាពយន្ត

អត្ថបទ៖ ព័ត៌មាន​ទើប​បញ្ចេញ “សិស្ស​ប្អូន​សំណព្វចិត្ត” រក​ចំណូល​​​បាន​ខ្ពស់​ហួស​ការ​រំពឹង​ទុក

អត្ថបទ៖ ចាប់បាន​អ្នក​លួច Live រឿង “ចន្ទ្រា” និង “រថភ្លើង​ទៅ​ប៊ូសាន” នៅ Major Cineplex by Cellcard

អត្ថបទ៖ ឆុង ស៊ីណាន​​​

​​