ចិន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ចំពោះ​ព្យុះ MERANTI

យោង​តាម​ស៊ី​ន​ហួ​ថា មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​អាកាសធាតុ​សម្រាប់​បរិស្ថាន​សមុទ្រ​របស់​ចិន បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ជា​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ចំពោះ​រលក​សមុទ្រ​ធំ​ៗ​បណ្តាល​មក​ពី​ព្យុះ​ទី​ហ្វុ​ង MERANTI ។

មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ហើយ​រលក​យក្ស​ធំ​ៗ​អាច​មាន​កម្ពស់​ដល់​ទៅ​១២​ម៉ែត្រ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​របស់​តៃវ៉ាន់ ខណៈ​ព្យុះ​ទី​១៤​ប្រចាំឆ្នាំ​នេះ​កំពុង​បោកបក់​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​រលក​សមុទ្រ​ធំ​ៗ​កើត​មាន​នា​ថ្ងៃ​ទី​១៤ និង​១៥ កញ្ញា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខេត្ត​ហ្វូ​ជាន ហ្សេ​យ៉ាង និង​ក្វា​ង​ទុង ។ ព្យុះ​នេះ​ត្រូវ​បោកបក់​ដល់​ខេត្ត​ហ្វូ​ជាន និង​ក្វា​ង​ទុង​នា​ថ្ងៃ​ទី​១៥ កញ្ញា ហើយ​ការិយាល័យ​ជាតិ​កិច្ចការ​សមុទ្រ​បាន​ដំឡើង​ការ​ប្រកាស​អាសន្ន កម្រិត​ខ្ពស់​បំផុត ។

នៅ​កោះ​តៃវ៉ាន់​ព្យុះ MERANTI បាន​បោកបក់​កាត់​យ៉ាង​ខ្លាំង​អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់ ។ ព្យុះ​នេះ​ជាម​ហា​ព្យុះ​មាន​ល្បឿន​ដល់​ទៅ​៣៧០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​លឿន​ជាង​រថយន្ត​ប្រណាំង FORMULA ONE ទៅ​ទៀត ។ នៅ​តៃវ៉ាន់ ព្យុះ​នេះ​បាន​បំផ្លាញ​ផ្ទះសម្បែង​យ៉ាងច្រើន ហើយ​សូ​ម្បី​តែ​រថយន្ត​ក៏​ប៉ើង​ក្រឡាប់​ដែរ ៕