លោក​អូ​បា​ម៉ា ប្រកាស​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​ភូមា

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដោយ​មាន​វត្តមាន​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ពី​ការ​លុប​ចោល​នា​ពេល​ខាង​មុខ​បណ្តា​ទណ្ឌកម្ម​ប្រឆាំង​ភូមា ដែល​ធ្វើការ​ឆ្លងកាត់​បែប​ប្រជាធិបតេយ្យ​ក្រោយ​ពី​ស្ថិត​នៅ​ឯកោ​រយៈពេល​ជា​ច្រើន​ទស​វត្ស ។

ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ពេល​លោក​អូ​បា​ម៉ា ចាក​ចេញពី​សេត​វិមាន​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ការិយាល័យ​ពងក្រពើ​ជាមួយ​លោក​ស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស  ។ លោក​អូ​បា​ម៉ា អះអាង​ថា សហរដ្ឋ​អា​មេ​រិ​ក​ពេល​នេះ​ត្រៀម​លុប​ចោល​បណ្តា​ទណ្ឌកម្ម​ដែល​បាន​ដាក់​អំឡុង​ពេល​នៃ​ការ​កាន់​អំណាច​របស់​របប​យោធា ។ លោក​បញ្ជាក់​ថា ក្រសួង​រតនាគារ​អា​មេ​រិ​ក​ត្រូវ​ធ្វើការ​ប្រកាស​មួយ​ក្នុង​ន័យ​នេះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

កាលពី​ខែឧសភា សហរដ្ឋ​អា​មេ​រិ​កបាន​កាត់​បន្ថយ​រួច​ហើយ នូវ​ការ​រឹតត្បិត​នានា​ខាង​ផ្នែក​ធនាគារ រ៉ែ និង​ឈើ ក៏​ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​រក្សា​ទុក​បញ្ជីខ្មៅ​មួយ​របស់​មនុស្ស​ជាង​១០០​នាក់ ដែល​ជួប​ការ​ចោទប្រកាន់​ថា ទាក់ទិន​នឹង​អតីត​របប​យោធា ។ អា​មេរិ​ក​ពុំ​អាច​ចុះហត្ថលេខា​លើ​កុងត្រា​នានា ជាមួយ​បណ្តាជន​ភូមា​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នោះ ឬ​ក៏​ជាមួយ​ក្រុមហ៊ុន​ទាំងឡាយ​របស់​ពួក​គេ​ឡើយ ។

ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​ទាំង​២​រូប​ដែល​ធ្លាប់​ជាប់​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ​នោះ​នៅ​ការិយាល័យ​ពងក្រពើ​បាន​លើក​ឡើង​ពី​ផ្លូវ​ដែល​ត្រូវ​ដើ​​រ ក្រោយ​ពី​ភូមា​ស្ថិត​នៅ​ឯកោ​ជា​ច្រើន​ទស​វត្ស ។

លោកស្រី​ស៊ូ​ជី ថ្លែង​ពេល​ជួប​គ្នា​នោះ​ថា ពេល​នេះ​យើង​ឈាន​ដល់​ចំណុច​មួយ​ដែល​មាន​មនុស្ស​តិចតួច​ណាស់​នឹក​ស្មាន​ដល់ ។ ចំណែក​លោក​អូ​បា​ម៉ា វិញ មាន​ប្រសាសន៍​ថា យើង​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​លើ​អនាគត​របស់​ភូមា ។ លោក​គូសបញ្ជាក់​ថា​នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ក៏​ប៉ុន្តែ​ភូមា​កំពុង​ដើ​​រលើ​ផ្លូវ​ដ៏​ល្អ ៕