បុរស​ម្នាក់​ជាប់ចោទ​ទិញ​ខោ​ទឹកនោម​ តម្លៃ​៥ពាន់​ដុល្លារ​មិន​ឱ្យ​លុយ

បុរស​ម្នាក់​ជាប់ចោទ​ទិញ​ខោ​ទឹកនោម​ តម្លៃ​៥ពាន់​ដុល្លារ​មិន​ឱ្យ​លុយ



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជាប់ចោទ​ថា​ទិញ​ខោ​ទឹកនោម​គេ​អត់​ឲ្យ​លុយ និង​ត្រូវ​បាន​ម្ចាស់​ទំនិញ​ឲ្យ​កូនចៅ​តាម​រក​ឃើញ​និង​ឃាត់ខ្លួន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ធ្វើការ​សាកសួរ ។

ម្ចាស់​ទំនិញ​ខាងលើ​បាន​អះអាង​ប្រាប់​នគរបាល​ថា ជនសង្ស័យ​បាន​ឆបោក​ខ្លួន​ដោយ​ទិញ​ខោ​ទឹកនោម​ជាង​២០០​កេស​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ តែ​មិន​ឲ្យ​លុយ​និង​បាន​ព្យាយាម​គេចខ្លួន​បាត់ ។ លុះ​មក​ដល់​ពេល​នេះ​ទើប​កូនចៅ​ខ្លួន​តាម​រក​ឃើញ ក៏​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង ។ ប៉ុន្តែ​បុរស​ជាប់ចោទ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្បែរ​របង​វត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គង់ ឧត្តម អាយុ​ជាង​៣០​ឆ្នាំ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រែក​អញ្ចាញ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។ ចំណែក​ម្ចាស់​ខោ​ទឹកនោម​ឈ្មោះ សេង លាប ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥០ ផ្លូវ​លេខ​១៨៦ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ជា​អាជីវករ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់​របស់់​ម្ចាស់​ខោ​ទឹកនោម​នោះ គឺ​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ជនសង្ស័យ​ខាងលើ​បាន​ទៅ​ទិញ​ខោ​ទឹកនោម​ពី​ផ្ទះ​របស់​ខ្លួន​ចំនួន​២០៦​កេស ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ ខណៈនោះ​ក៏​បាន​ធ្វើ​បុ​ង​ឲ្យ​ជន​នោះ ចំណែក​ជនសង្ស័យ​បាន​សន្យា​ថា​នឹង​ទូទាត់​ប្រាក់​ឲ្យ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា គឺ​១​ថ្ងៃ​បន្ទាប់ ។

ផ្ទុយ​ទៅ​វិញ ពេល​ដល់​ថ្ងៃ​កំណត់​ត្រូវ​ទូទាត់​ប្រាក់ ស្រាប់តែ​ចាំ​បាត់​ៗ​មិនឃើញ​ជន​នោះ​ទៅ​ទូទាត់​ប្រាក់​ឡើយ ទើប​ម្ចាស់​ទំនិញ​ឱ្យ​កូនចៅ​របស់​ខ្លួន​ទៅ​ទូទាត់​ថ្លៃ​ទំនិញ​ដល់​ផ្ទះ​របស់​ជន​នោះ​តែ​ម្ដង ។ ប៉ុន្តែ​ពេល​ទៅ​ដល់ ជនសង្ស័យ​ខាងលើ​បាន​គេចខ្លួន​បាត់​ស្រមោល ទើប​នាំ​គ្នា​តាម​ស្វែងរក​ហើយ​ប្រទះ​កំពុង​បើក​រ៉ឺ​ម៉ក​ម៉ូតូ ដឹក​ទំនិញ​ដើរ​លក់​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន ។ ពេល​នោះ ក៏​បាន​ឃាត់ខ្លួន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​បាន​ប្ដឹង​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប៉ុន្តែ​ដោយសារ​តែ​ទីកន្លែង​ឆបោក​នោះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​ម្ចាស់​ទំនិញ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទឹកល្អក់​ទី​៣ ចាត់ការ​វិញ ។

ទោះបីជា​បែប​ណា ជនសង្ស័យ​ខាងលើ បាន​បដិសេធ​ដោយ​និយាយ​ថា ការ​រៀបរាប់​របស់​ម្ចាស់​ទំនិញ​គឺជា​ការ​ចោទប្រកាន់​ទាំងស្រុង​មក​លើ​ខ្លួន តាម​ពិត​ខ្លួន​មិន​បាន​បោកប្រាស់​ទេ ហើយ​នេះ​ជា​ការ​រកស៊ី​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ៕