លាក់​គ្រឿងញៀន​ក្នុង​ផ្លៃ​ស្វាយ​ឱ្យ​កូន​ក្នុង​គុកបាន​6​លើក ​ចុង​ក្រោយ​ជាប់គុក​ជាមួយ​កូន

លាក់​គ្រឿងញៀន​ក្នុង​ផ្លៃ​ស្វាយ​ឱ្យ​កូន​ក្នុង​គុកបាន​6​លើក ​ចុង​ក្រោយ​ជាប់គុក​ជាមួយ​កូន



ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ញ៉ាម​ក្នុង​ការ​លាក់​គ្រឿងញៀន​ក្នុង​ចំណីអាហារ យក​ទៅ​ឱ្យ​កូន​ជា​ទណ្ឌិត ចែកចាយ​ក្នុង​ពន្ធនាគារ​ចំនួន​៦​លើក​មក​ហើយ មិន​អាច​គេច​ផុតរហូត​នោះ​ទេ លើក​នេះ​ក៏​ត្រូវ​អស់លក្ខណ៍ ខណៈ​លាក់​ថ្នាំ​ញៀន​១០​កញ្ចប់​ក្នុង​ផ្លែស្វាយ ហើយ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​រក​ឃើញ កាលពី​ម៉ោង​២​និង​៥០​នាទីរ​សៀ​ស​ថ្ងៃ​ទី​១២ កញ្ញា គ្រា​ដែល​ស្ត្រី​នោះ​ទៅ​សួរសុខទុក្ខ​កូនប្រុស​ជា​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ខេត្ត ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សាត បូ​រ៉ា​នី ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រចាំការ​នៅ​ច្រក​ត្រួតពិនិត្យ និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀនចំនួន​១០​កញ្ចប់​នៅ​ក្នុង​ផ្លែស្វាយ​របស់​គាត់​ពេល​មក​សួរសុខទុក្ខ​កូនប្រុស​ជា​ទណ្ឌិត​ឈ្មោះ ជឹ​ម រ​ដ្ឋា ហៅ​កែប ជាប់​ទោស​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៣ តុលា ២០១១ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​ធ្លាប់​លាក់​ថ្នាំ​ញៀន​ក្នុង​ម្ហូបចំណី​យក​ទៅ​ឱ្យ​កូនប្រុស​ជា​ទណ្ឌិត​ពេល​ទៅ​សួរសុខទុក្ខ​ដើម្បី​ចែកចាយ​ក្នុង​ពន្ធនាគារ​បាន​ចំនួន​៦​លើក​មក​ហើយ មិន​ដែល​ត្រូវ​គេ​ឆែកឆេរ​រក​ឃើញ​ទេ ទើបតែ​លើក​នេះ​ត្រូវ​អស់លក្ខណ៍ ។ ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំណំ​ុ​រឿង​ចាត់ការ​តាម​ច្បាប់ ៕