នាយ​វីតាមីន​សេ មិនសូវ​សម្តែង​ញឹកញាប់​ ព្រោះ​ជំងឺ​យាយី

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ជំងឺ​ចាស់​របស់​នាយ​ វីតាមីន​សេ នៅ​តែ​បន្ត​យាយី​ដល់​គាត់​ដដែល ។ មូលហេតុ​នេះ​ក្លាយជា​ឧបសគ្គ​មួយ​ចម្បង ធ្វើ​ឲ្យ​នាយ​វីតាមីន​សេ​អាក់ខាន​ក្នុង​ការ​សម្តែង​ញឹកញាប់​ដូច​មុន ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រិ​យ​មិត្ត​ទស្សនិកជន​មួយ​ចំនួន​ងឿងឆ្ងល់ ព្រោះ​ហាក់​មិនសូវ​បានឃើញ​នាយ​វីតាមីន​សេ ចូលរួម​សម្តែង​កំប្លែង ។

ជុំវិញ​បញ្ហា​នេះ​ក្រុម​គ្រួសារ​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​កំប្លែង​វីតាមីន​សេ មិនសូវ​ចេញ​មុខ​សម្តែង​ញឹកញាប់​ដូច​មុន​នោះ គឺ​ដោយសារ​បញ្ហា​សុខភាព ។ នាង​ប៉េងប៉ោង អះអាង​ប្រាប់​កោះសន្តិភាព​ថា «​រហូត​មក​ដល់​ពេល​នេះ​លោកប៉ា​របស់ខ្ញុំ​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ចាស់​របស់​គាត់​នៅឡើយ ។ បច្ចុប្បន្ន​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ប៉ុន្តែ​ត្រូវ​ទៅ​ពិនិត្យ​នៅ​ពេទ្យ​ជា​ប្រចាំ​ផង​ដែរ នៅ​ពេល​ដែល​ជំងឺ​បាន​រើ​ឡើង​» ។

បើ​តាម​អ្នក​នាង ប៉េងប៉ោង ថា​នាយ​វីតាមីន​សេ មាន​ជំងឺលើសឈាម និង​ជំងឺ​ផ្សេង​ទៀត តម្រូវ​ឲ្យ​លេបថ្នាំ​ជា​ប្រចាំ ក្នុង​ពេល​ដែល​វ័យ របស់​គាត់​កាន់តែ​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ជរា ។

នាយ​វីតាមីន​សេ នៅ​អាច​ចូលរួម​សម្តែង​បាន​ខ្លះ​ដែរ​ក្នុង​វង់​កំប្លែង​របស់​គាត់​សម្រាប់​កម្មវិធី​វិស្សមកាល​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​រៀងរាល់ថ្ងៃ​សុក្រ ។

អ្នក​នាង​ប៉េងប៉ោង ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​នាយ​វីតាមីន​សេ នៅ​តែ​តាំងចិត្ត​បន្ត​អាជីព​សម្តែង​ទៀត ប្រសិនបើ​ទស្សនិកជន​នៅ​តែ​គាំទ្រ និង​អាស្រ័យ​លើ​បញ្ហា​សុខ​ភាព ។ ជាង​នេះ​ទៅ​ទៀត​នាយ​វីតាមីន​សេ ទទួលយក​ការ​សម្តែង​តាម​បណ្តា​ខេត្ត​នានា​ដដែល ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ទៅ​ជា​ក្រុម ជា​ពិសេស​គឺ​មាន​វត្តមាន​នាង​ទៅ​ជាមួយ​ដែរ ។

កាលពី​អំឡុង​ឆ្នាំ​២០១៥​តារា​កំប្លែង​លោក ម៉ៅ សា​មឿ​ន ហៅ​វីតាមីន​សេ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​វះកាត់ ភ្លាម​ៗ ដោយ​គាត់​មាន​បញ្ហា​ដោយសារ​ជំងឺ​បូស​ហូរ​ខ្ទុះ​។ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ជំងឺ​បូស​ហូរ​ខ្ទុះ​ដោយ​ជោគជ័យ​រួច​មក តារា​កំប្លែង​វីតាមីន​សេ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត ដូច​ជា​ជំងឺលើសឈាម លើស​ជាតិ​ស្ករ និង​ឫសដូងបាត​ជាដើម ដែល​ទាមទារ​ឲ្យ​មានការ​ព្យាបាល​ជា​ប្រចាំ ៕

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ដោយមើលឃើញ ពីការលំបាក របស់តារាកំប្លែងជើងចាស់ពីរដួង និងកំពុងតែមានជំងឺ ប្រចាំកាយទៀតនោះ ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច  បាននាំយកថវិកាមួយចំនួន ដែលបានមកពីសប្បុរសជន ទៅឧបត្ថម្ភ ជូនលោកតា វីតាមីនសេ និងតាចេក ដែលបច្ចុប្បន្នកំពុងមានជំងឺជាប់ខ្លួន និងជូបការលំបាក សម្រាប់ជីវភាពប្រចាំថ្ងៃ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ លោក សុះ ម៉ាច បានសរសេរ នៅលើហ្វេសប៊ុកថា ព្រឹកនេះខ្ញុំបានយកថវិកា ទៅឧបត្ថម្ភលោក តាវីតាមីនសេ ចំនួន ៣០,០០០០រៀល លោក តាចេក២០,០០០០រៀល និងអ្នក មីងស៊ីថា ១៥,០០០០រៀល។ 

លោក សុះ ម៉ាច បានបញ្ជាក់ទៀតថា «ថវិកាខាងលើនេះ គឺបានមកពីសប្បុរសជន រួមមានលោកពៅ និង ភរិយា, ប្អូនស្រី chan DA និង ថវិកាផ្ទាល់ខ្លួនរបស់លោកខ្លះផងដែរ។ លោកក៏សូមអរគុណ ចំពោះសន្តានចិត្ដ ដ៏សប្បុរស របស់លោកអ្នក និងសូមជូនឲ្យជួបនូវពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលះ កុំបីឃ្លាតឡើយ»។

សូមបញ្ជាក់ថា តារាកំប្លែងនាយ វីតាមីនសេ កាលពីថមុននេះ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនបន្ទាន់ ទៅសង្គ្រោះ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ខណៈដែលជំងឺចាស់ ត្រូវរើសឡើងវិញ។បើតាមការឲ្យដឹង ពីក្រុមគ្រួសារតារា កំប្លែងនាយ វីតាមីនសេ បច្ចុប្បន្នកំពុងប្រឈមមុខជំងឺដូចជា លើសឈាម ទឹកនោមផ្អែម ខ្លាញរុំបេះដូង និង ជំងឺពុកឆ្អឹងដែលតម្រូវឲ្យ មានការព្យាយាបាល ដោយយកចិត្តទុកដាក់ព្រមទាំង ការតាមដានជាប្រចាំ ពីសំណាក់ក្រុមគ្រូពេទ្យ។

ដោយឡែក ទន្ទឹមគ្នានេះដែរតារាកំប្លែង ស្ថិតនៅក្រុមរបស់នាយកុយ គឺតាចេក កាលពីកន្លង ទៅក៏បានធ្លាក់ខ្លួនឈឺត្រូវសម្រាកព្យួសេរ៉ូម នៅឯផ្ទះផងដែរ។ ការដែលនាយចេកសម្រេចជ្រើស យកការព្យាបាលនៅគេហដ្ឋាន របស់គាត់នោះក៏ព្រោះតែនាយជួបភាពលំបាក មកពីកត្តាគ្រួសារ មានវិភាពខ្វះខាត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload