ស្លុតចិត្ត! តារាសម្តែងស្រីសាច់សខ្ចីម្នាក់ ស្លាប់ដោយសារជំងឺមហារីក ក្រោយពីជ្រើសយក…

ចិន៖ តារាសម្តែងស្រីជនជាតិចិន Xu Ting វ័យ២៦ឆ្នាំ រូបសម្រស់ស្រស់សោភា និងថែមទាំងមានប្រជាប្រិយភាព បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែកើតជំងឺមហារីក បន្ទាប់ពីរូបនាងបានជ្រើសរើស វិធីព្យាបាលតាមបែបបុរាណចិនវិញ ជំនួសការព្យាបាលដោយសារធាតុគីមី ឬប្រើប្រាស់ថ្នាំពេទ្យ។

ខណៈបច្ចុប្បន្ន រឿងរ៉ាវរបស់តារាសម្តែងស្រីរូបនេះ បានក្លាយជាចំណុចរសើបមួយ ដល់អ្នកនិយមលេងអីុនធឺណែតជាច្រើន ជាពិសេសអ្នកគាំទ្រលើរូបនាងតែម្តង មានការងឿងឆ្ងល់យ៉ាងខ្លាំង ទាក់ទងនឹងវិធីព្យាបាលតាមបែបបុរាណចិននេះ រហូតដល់ថ្នាក់រូបនាង ស្លាប់ទាំងវ័យក្មេងយ៉ាងច្នេះផងដែរ។ 

បើតាមប្រភពបានឲ្យដឹងថា កាលពីក្នុងអំឡុងខែកក្កដា កន្លងទៅ Xu Ting នាងធ្លាប់បានបង្ហើបរឿងរ៉ាវអាថ៌កំបាំងរបស់នាង ទៅកាន់អ្នកគាំទ្រ ប្រមាណ៣សែននាក់ លើបណ្តាញទំនាក់ទំនងសង្គម Weibo ថា នាងកើតមានជំងឺមហារីកកូនកណ្តុរ។

«ខ្ញុំពិតជាមិនដឹងទេថា ខ្ញុំអាចមានជីវិតរស់នៅ បានយូរដល់ពេលណានោះទេ! ខ្ញុំចង់បានជីវិតមួយរស់នៅ ប្រកបដោយសុភមង្គល ជារៀងរាល់ថ្ងៃណាស់»

បន្ទាប់ពីដឹងថា ខ្លួននាងកើតមានជំងឺមហារីកដ៏កាចសាហាវនេះហើយ Xu បានសម្រេចចិត្តមិនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលតាមបែបវេជ្ជសាស្រ្តឡើយ។ នោះក៏ដោយសារតែនាងមានការព្រួយបារម្ភខ្លាំង ខ្លាចក្រែងថ្នាំ ឬសារធាតុគីមីតាមបែបវេជ្ជសាស្រ្ត ធ្វើទុក្ខបុកម្នេញលើខ្លួននាង ដែលអាចធ្វើឲ្យនាង ងាយនឹងស្លាប់បានយ៉ាងឆាប់រហ័ស។

ផ្ទុយវិញតារាសម្តែងស្រីសាច់សខ្ចីរូបនេះ បែរជាជ្រើសរើសយក វិធីព្យាបាលតាមបែបបុរាណចិនទៅវិញ ទោះមាន ឬគ្មានប្រសិទ្ធភាព  ព្យាបាលជំងឺមហារីករបស់នាងក៏ដោយ។

គួររំលឹកដែរថា កាលពីថ្ងៃទី ២៤ កក្កដា ២០១៦​ តារាស្រី Xu ធ្លាប់បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់នាងចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គម អំពីការព្យាបាលដោយជប់ខ្យល់ពេញដងខ្លួន តាមបែបបុរាណ ពីសំណាក់គ្រូបុរាណចិនម្នាក់ ដែលមានជំនាញខ្ពស់ ឬអាចថាជាអនុបណ្ឌិតគ្រូបុរាណចិនផងដែរ។ ក្នុងនោះ នាងបានបង្ហើបដោយលាក់លៀមថា «ការព្យាបាលដោយរបៀបនេះ វាពិតជាមានការឈឺចាប់ខ្លាំងណាស់»

អ្នកគាំទ្រជាច្រើន ក្រោយពីបានឃើញនូវទិដ្ឋភាពយ៉ាងដូច្នោះហើយនោះ ម្នាក់ៗក៏បានជំរុញ និងលើកទឹកចិត្តនាង ឲ្យមានការគិតពិចារណាឡើងវិញដែរថា «វាគ្រាន់តែជាការបោកប្រាស់មួយតែប៉ុណ្ណោះ ប្រភេទជំងឺរបស់អ្នក គួរណាស់ត្រូវតែទទួលការព្យាបាល តាមបែបវេជ្ជសាស្រ្ត (ដូចជាការវះកាត់ ឬប្រើថ្នាំពេទ្យជាដើម) មិនមែនទទួលការព្យាបាលតាមរយៈ ក្បួនសែចិនឬឱសថបុរាណចិន យ៉ាងដូច្នោះទេ»

ទោះបីជាយ៉ាងណាក៏ដោយ Xu នៅតែមិនបញ្ឈប់ការព្យាបាលរបស់នាង តាមវិធីសាស្រ្តក្បួនចិននេះឡើយ។ នាងតែងតែបន្តការចាក់ម្ជុលវិទ្យាសាស្រ្ត តាមក្បួនចិន ជប់ខ្យល់ និងកោសខ្យល់ (ត្រង់ផ្នែក.ក) ជាដើម រហូតធ្វើឲ្យមានស្នាមឈាមកក ជាច្រើនកន្លែងលើខ្លួនប្រាណរបស់នាង។ ជាហេតុពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្វើឲ្យសភាពជំងឺរបស់នាង ចុះដុនដាបទ្រុឌទ្រោមទៅៗ និងអស់កម្លាំងរហិតរហៃក្នុងខ្លួនថែមទៀតផង។

លុះដល់ខែសីហា Xu ត្រូវបានបងប្អូនស្រីរបស់នាង និយាយបញ្ចុះបញ្ចូល លួងលោមនាងឲ្យមានការគិតជាថ្មី ដោយចាប់ផ្តើមព្យាបាលតាមបែបវេជ្ជសាស្រ្តវិញម្តង ដោយប្រើនូវសារធាតុគីមី។  ប៉ុន្តែជាអកុសល វាយឺតពេលណាស់ទៅហើយ សម្រាប់តារាសម្តែងស្រីរូបនេះ ព្រោះថាប្រព័ន្ធរាងកាយរបស់នាង កាន់តែចុះអន់ខ្សោយ ខ្លាំងឡើងៗបាត់ទៅហើយ ដែលមិនអាចធ្វើការសង្គ្រោះបាន រហូតឈានដល់ស្លាប់តែម្តង។

គួរឲ្យដឹងដែរថា Xu បានស្លាប់កាលពីថ្ងៃទី៧ កញ្ញា ២០១៦ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយអ្វីដែលអាចធ្វើបាននៅពេលនេះ បន្សល់ទុកត្រឹមពាក្យស្តាយក្រោយតែប៉ុណ្ណោះ និងធ្វើឲ្យអ្នកគាំទ្រលើរូបនាង បានត្រឹមស្លុតចិត្ត អាណិតយ៉ាងខ្លាំងពន់ពេកផងដែរ ៕ 

ប្រភព ៖
Shanghaiist

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload