គង់ សំបូរ និង​ថុ​ល មក​រា ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​ខានស្អែក​នេះ មួយ​ណា​សម្រេច​គោលដៅ ?

រាជធានី​ភ្នំពេញ ៖ គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Singthorng Or Pradabyung និង​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phutnoy Sor Viravan នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN ថ្ងៃ​សៅរ៍​ ទី​១0៧ ខែកញ្ញា ខានស្អែក​នេះ​មិនដឹង​ថា​ ទៅ​រួច​ឬ​អត់​នោះ​ទេ​ ដោយសារ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នៅ​ពេល​នេះ មាន​សមត្ថភាព​មិនធម្មតា​បែប​នេះនោះ ។

កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​គង់ សំបូរ លើក​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ ។ ប៉ុន្តែ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ថា កីឡាករ​ថៃ​រូប​នេះ​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​។​យោង​លើ​ប្រវត្តិ កីឡាករ គង់ សំបូរ ធ្លាប់​ប្រកួត​បាន​៥១​ដង ឈ្នះ​៣៨​ដង ចាញ់​១០​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ សង្វៀន​បាន​១២​ដង ។ ចំណែក​Singthorng Or Pradabyung វិញ ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៥៦​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ  ទើប​គេ​ពិបាក​ប៉ាន់​ស្មានថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

មួយគូ​ទៀត កីឡាករ​ថៃ​Phutnoy Soviravan ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា ច្រើន​លើក​រួច​មក​ហើយ គ្រាន់តែ​គេ​មិន​ធ្លាប់​ជួប ប្រកួត​ជាមួយ ថុ​ល មក​រា ប៉ុណ្ណោះ។ ថុ​ល មក​រា ធ្លាប់​ប្រកួត​បាន​៥៤​ដង ឈ្នះ​៣៦​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦០​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង ។ ចាំ​មើល ថុ​ល មក​រា អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ខ្លួន​ឬ​អត់ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ មាន​កីឡាករ ឃ​ន គឹ​ម​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ បឺត ជីវ៉ា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ឡុ​ង លឿង​រ៉ា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ឡ​ន លឿ​ប មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ គង់ ហូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ៕