ព្រឹត្តិការណ៍​ប្រដាល់ TV5 Knock Out Series ស​ប្ដា​ហ៍​នេះ​កាន់តែ​បង្ហាញ​តម្រុយ​តានតឹង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១៨ កញ្ញា ស​ប្ដា​ហ៍​នេះ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ TV5 Knock Out Series បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​ហើយ​សម្រាប់​ការ​ប្រកួត​១៦​នាក់​ជម្រុះ​យក​៨​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ៗ ក៏​មើលឃើញ​ថា​មាន​ភាព​តានតឹង​ដែរ ។ កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​នាក់​បាន​បន្ត​ធ្លាក់​ដោយសារ​តែ​ហេតុផល​ប៉ះ​អ្នក​ខ្លាំង​ជាង​ខ្លួន និង​ដោយសារ​តែ​ភ្លាត់​ចាញ់​ប្រៀប​គូប្រកួត ។ ទោះបី​យ៉ាងណា គេ​មើល​មិនឃើញ​កីឡាករ​ណា​ម្នាក់​ឈ្នះ​ដោយ​មិន​វេទនា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ក្នុង​វគ្គ​១៦​នាក់​សុទ្ធតែ​ជា​កីឡាករ​ខ្លាំង​ទើបនឹង​ជម្រុះ​ចេញពី​៣២​នាក់​នៅ​ខាង​ដើម​កម្មវិធី ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា ការ​ប្រកួត​របស់​កីឡាករ​៣២​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series បាន​ឈាន​ដល់​វគ្គ​៨​នាក់​ហើយ ដោយ​រង់​ចាំតែ​ការ​ប្រកួត​របស់​កីឡាករ​៤​នាក់​ចុង​ក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ពេល​បន្តិចទៀត​ប៉ុណ្ណោះ គឺ​នឹង​ជ្រើស​បាន​៨​នាក់​សម្រាប់​ជុំ​បន្ទាប់ ។ លោក​ថា ឆ្លង​តាម​ការ​ប្រកួត កីឡាករ​៦​នាក់​រួច​មក​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​ជា​អ្នក​ខ្លាំង​សម្រាប់​វគ្គ​៨​នាក់ ខណៈ​ដែល​កីឡាករ​ធ្លាក់​លោក​ថា​គឺ​មួយ​ចំនួន​ជា​កីឡាករ​ល្អ​មែនទែន ដោយ​សឹង​នឹង​ធ្វើ​ឱ្យ​លោក​សោកស្ដាយ​ជំនួស ។ លោក​ថា ព្រឹត្តិការណ៍​មួយ​នេះ នៅ​ពេល​ការ​ជម្រុះ​ឈាន​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ​ទើប​ធ្វើ​ឱ្យ​ការ​សម្រាំង​កីឡាករ​ល្អ​ៗ ចាប់ផ្ដើម​មើលឃើញ ។

ជាក់ស្ដែង​កីឡាករ​ដែល​បាន​ជម្រុះ​កាលពី​២​ស​ប្ដា​ហ៍​មុន​លោក​ថា គឺ​សុទ្ធតែ​ខ្លាំង ប៉ុន្តែ​មក​ពី​គូប្រកួតរបស់​ពួក​គេ​មាន​កម្រិត​វាយ​ចេញ​ល្អ​ជាង ទើប​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​កៅអី ។ លោក​ចាត់​ទុក​ថា ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាន់តែ​មាន​កម្រិត​គាំទ្រ បន្ទាប់​ពី​កីឡាករ​ដែល​ឈ្នះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​កាន់តែ​ខ្លាំង និង​មាន​សមត្ថភាព​ប្រកួត​ខ្ពស់ ។

លោកទស្សន៍​ទាយ​ថា កីឡាករ​៤​នាក់​ចុង​ក្រោយ​ដែល​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ថ្ងៃអាទិត្យ​ទី​១៨ កញ្ញា ពិតជា​កាន់តែ​កក្រើក​សង្វៀន ។ លោក​ថា ៤​នាក់​ចុង​ក្រោយ​សម្រាប់​វគ្គ​១៦​នាក់​ជម្រើស​យក​៨​នាក់​នោះ​រួម​មាន​កីឡាករ​លី​ន វិបុល មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​កីឡាករ​ពេជ្រ សា​ម៉ុ​ន មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ និង​២​នាក់​ទៀត​គឺ​កីឡាករ​ប៊ុ​ន សុធា មក​ពី​ក្លិប​ខេមរភូមិន្ទ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​គឿ​ន សុវណ្ណ​ឌឿ​ត មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ។ លោក​ថា កីឡាករ​ទាំង​៤​រូប​ទម្រាំ​បាន​ឡើង​មក​ដល់​វគ្គ​១៦​នាក់​របស់​ព្រឹត្តិការណ៍ គឺ​ពួក​គេ​បាន​យកឈ្នះ​គូប្រកួត​យ៉ាង​លំបាក​បំផុត ដោយ​ក្នុង​ចំណោម​នោះ គឺ​មាន​៣​នាក់​ជា​កីឡាករ​ជើង​ថ្មី ប៉ុន្តែ​ពួក​គេ​មាន​ថ្វីដៃ​ល្អ ។

លោក សេង ក​ដិ​កា បាន​អះអាង​ថា មក​ទល់​ពេល​នេះ ប៉ុស្ដិ៍​លេខ​៥​របស់​លោក​មិន​ធ្វើការ​បើក​ប្រកួត​ក្រៅពី​ការ​ប្រកួត TV5 Knock Out Series នោះ​ទេ ដោយសារ​តែ​លោក​ក៏​កត់​សម្គាល់ថា ការ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​មាន​គ្រប់​ទូរទស្សន៍ និង​មាន​ច្រើន​សង្វៀន​ដែល​មិន​ចេះ​តែ​បង្កើត​ឱ្យ​មើលឃើញ​ច្រើន​នោះ​ទេ ។ លោក​ថា ប៉ុស្ដិ៍​លេខ​៥​ចង់​ពង្រឹងគុណភាព​ការងារ​ឱ្យ​បាន​ល្អ​សិន ទើប​បន្តដំណើរ​បើក​ការ​ប្រដាល់​មួយ​សង្វៀន​ទៀត ។ លោក​មាន​ប្រសាសន៍​ថា ៖«​រាល់ថ្ងៃ​យើង​ចង់​បើក​ការ​ប្រកួត​ចំនួន​១​ទៀត តែ​ប៉ុស្ដិ៍​លេខ​៥​អត់​ចង់​បើក​ឱ្យ​ដូច​គេ​ទេ ទើប​យើង​ផ្អាក​សិន ហើយ​គិត​ថា​ពង្រឹង​ការ​ប្រកួត TV5 Knock Out Series ឱ្យ​បាន​ខ្លាំង​សិន​ចាំ​បើក​មួយ ឬ​២​សង្វៀន​ទៀត​តែ​ម្ដង​!» ។

លោក​ថា ការ​សម្រេចចិត្ត​មិន​បើក​ការ​ប្រកួត​ក្រៅពី​រៀបចំ​ព្រឹត្តិការណ៍​ដែល​មាន​តែ​មួយ​សព្វថ្ងៃ​គឺជា​កត្តា​ដែល​ជួយ​ឱ្យ​ការ​ប្រកួត​របស់​កីឡាករ​៣២​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock out   series កាន់តែ​មានគុណ​ភាព​ក្នុង​ការ​សម្រាំង​យក​ជើង​ខ្លាំង​មក​ទល់​ពេល​នេះ ។ លោក​ថា ប៉ុស្ដិ៍​លេខ​៥​មិន​ចង់បាន​កីឡាករ​ដែល​មាន​ស្នាដៃ​ស្រាប់​យក​មក​ប្រកួត​​ដណ្ដើម​ពាន​នោះ​ទេ ដោយសារ​តែ​ប៉ុស្ដិ៍​លេខ​៥​មាន​បំណង​បំផុស​ឱ្យ​កីឡាករ​ថ្មី​ៗ ដែល​មាន​សមត្ថភាព​បាន​ក្លាយជា​កីឡាករ​អាជីព​វិញ ។ លោក​ថា ប៉ុស្ដិ៍​លេខ​៥​គឺជា​កន្លែង​​បណ្ដុះ​កីឡាករ​ជើង​ថ្មី ហើយ​បើ​គ្មាន​ចលនា​បណ្ដុះ​ទំពាំង​ក្រោយ​ជំនួស​អ្នក​ចាស់​បែប​នេះ​ទេ គឺ​ការ​រីក​ចម្រើន​នៃ​សង្វៀន​ប្រដាល់​ជានា​ពេល​ចុង​ក្រោយ​ពិតជា​ខ្វះ​ធនធាន​មនុស្ស ។ លោក​ថា កីឡាករ​ល្អ​ៗ​ជា​ច្រើន​ត្រូវ​បាន​សម្រាំង​ចេញពី​ព្រឹត្តិការណ៍ TV5 Knock Out  Series ហើយ​ស្ថាប័ន​របស់​លោក​ក៏​មាន​ជំនឿ​ថា ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​នេះ នឹង​មាន​អ្នក​ឈ្នះ​ដែល​មាន​ថ្វីដៃ​ល្អជា​អ្នក​ឈាន​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ​នោះ​ផង​ដែរ​។ លោក​ថា កីឡាករ លី​ន វិបុល កីឡាករ​ពេជ្រ សា​ម៉ុ​ន កីឡាករ​ប៊ុ​ន សុធា និង​កីឡាករ​គឿ​ម សុវណ្ណ​ឌឿ​ត សុទ្ធតែ​មាន​សមត្ថភាព​ប៉ុនគ្នា បើ​ទោះជា​គឿ​ម សុវណ្ណ​ឌឿ​ត គឺជា​ជើង​ចាស់​ម្នាក់​ដែល​មានបទពិសោធន៍​លោត​ជាង​កីឡាករ​ល្អ​៣​នាក់​ទៀត ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​មួយ​នេះ​កាន់តែ​តានតឹង​ជាង​មុន អ៊ីចឹង​ហើយ​ទើប​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ក៏​ត្រូវ​ប៉ុស្ដិ៍​លេខ​៥ បើក​កិច្ចប្រជុំ​រំលឹក​ដដែល​ជា​ដដែល ដើម្បី​ឱ្យ​ការ​កាត់ក្ដី​មាន​ភាព​យុត្តិធម៌ និង​កុំឱ្យ​កីឡាករ​ដែល​ចាញ់​មានការ​អន់ចិត្ត​ព្រោះតែ​កាត់ក្ដី​ច្រឡំ ។ លោក​ថា​ដំណាក់កាល​នេះ ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់​កាន់តែ​ខ្លាំង ដូច្នេះ​មាន​តែ​ភាព​ច្បាស់លាស់​ប៉ុណ្ណោះ ទើប​ផ្ដល់​យុត្តិធម៌​ពេញលេញ​ទាំង​អ្នក​ចាញ់ និង​អ្នក​ឈ្នះ ៕