អ្នកស្រុក​តវ៉ា​ខ្លាំង ចៅហ្វាយស្រុក​ថា​ មក​ពី​មាន​បក្ស​ប្រឆាំង​ចាក់រុក

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣​កញ្ញា លោក ម៉​ន នី​បណ្ឌិត អភិបាលស្រុក​ស៊ី​ធរ​កណ្តាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​អំពី​គម្រោង​ធ្វើ​ផ្លូវ​នៅ​ក្នុង​ឃុំ​ល្វេ ដែល​មាន​ប្រវែង​៣៥៥០​ម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន​៣ គឺ​ភូមិ​កោង​ទន្លេ កោង​ស្រែ និង​ភូមិ​ព្រហ្ម​នី ។

ការ​កោះហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​ដោយសារ​ថ្មី​ៗ​នេះ​អ្នក​ភូមិ​ព្រហ្ម​នី បាន​សម្តែង​នូវ​ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​ក្រុម​កង​វិស្វកម្ម ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​យក​ដី​នៅ​មុខ​ផ្ទះ​ពួក​គាត់​ទៅ​ចាក់​ធ្វើ​ផ្លូវ ធ្វើ​ឱ្យ​កើត​ទៅ​ជា​រណ្តៅ និង​ប្រឡាយ​ជ្រៅ​ៗ​នៅ​ខាង​មុខ​ផ្ទះ​ពួក​គាត់​ដែល​តាំងពី​ដូនតា​មក វា​មិន​ដែល​មាន​បែប​នេះ ។

នៅ​ក្នុង​ពេល​ជួប​ប្រជុំ​នោះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ពិតជា​សប្បាយចិត្ត​ណាស់ នៅ​ពេល​ដែល​អាជ្ញាធរ​ជួយ​ធ្វើ​ផ្លូវ​ឱ្យ​ពួក​គាត់ ហើយ​អ្វី​ដែល​ពួក​គាត់​ចង់​សំណូមពរ​នៅ​ពេល​នេះ គឺ​គ្រាន់តែ​សុំ​កុំឱ្យ​ក្រុម​កង​វិស្វកម្ម​ជីកដី​មុខ​ផ្ទះ​របស់​ពួក​គាត់​យក​ទៅ​ធ្វើ​ផ្លូវ ព្រោះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ពួក​គាត់​នោះ​ទេ គឺ​ថែម​ទាំង​គំរាមកំហែង​ដល់​សុវត្ថិភាព​កូន​ៗ​របស់​ពួក​គាត់​ថែម​ទៀត​ផង ព្រោះតែ​ឪពុក​ម្តាយ​រវល់​ទៅ​ស្រែ​ចំការ បើ​មាន​រណ្តៅ ឬ​ប្រឡាយ​នៅ​មុខ​ផ្ទះ កូន​ៗ​ច្បាស់​ជា​លង់ទឹក​ស្លាប់​អស់​មិន​ខាន ។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​នេះ​លោក អុ​ន វី​រៈ ប្រធាន​ក្រុម​កង​វិស្វកម្ម​នាយកដ្ឋាន​ភ័ស្តុភារ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រុម​របស់​លោក​ជីក​យក​អាចម៍ដី​ពីមុខ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ដោយសារ​តែ​ពុំ​អាច​រក​អាចម៍ដី​ពី​កន្លែង​ផ្សេង​បាន ។ ឯ​រយៈពេល​នៃ​ការ​ធ្វើ​ផ្លូវ​មាន​កំណត់ ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​បង្ខំចិត្ត​ជីក​យក​អាចម៍ដី​ពីមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មក​ប្រើប្រាស់​សិន ដល់​ពេល​ធ្វើ​ផ្លូវ​រួច​ទើប​លុបរណ្តៅ​ទាំងនោះ​ឱ្យ​វិញ ។ លោក អុ​ន វី​រៈ បាន​បន្ត​ថា ដើម្បី​កុំឱ្យ​មានការ​ថ្នាំងថ្នាក់ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​តទៅ​ទៀត លោក​បាន​បញ្ឈប់​ការ​ជីក​យក​អាចម៍ដី ពីមុខ​ផ្ទះ​អ្នកស្រុក​ទៀត​ហើយ ហើយ​ចំពោះ​រណ្តៅ​ដែល​ជីក​ហើយ​នោះ លោក​ក៏​បាន​កាយ​លុប​ឱ្យ​វិញ​អស់ហើយ​ដែរ ។

ចំណែក​ខាង​ប្រជាពលរដ្ឋ​វិញ នៅ​ពេល​បានឮ​ខាង​កង​វិស្វកម្ម​អះអាង​បែប​នេះ ពួក​គាត់​ក៏​មានការ​ត្រេកអរ និង​ព្រម​ទទួលយក​ដែរ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​គេ​ជីក​យក​អាចម៍ដី​មុខ​ផ្ទះ​នោះ ហាក់​នៅ​មិន​ទាន់​ស្ងប់ចិត្ត​នៅឡើយ​ទេ នៅ​ខឹង​ខ្លាំង​ណាស់ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ការ​កាយ​លុបរណ្តៅ​វិញ​របស់​ក្រុម​កង​វិស្វកម្ម គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​រណ្តៅ​ទាំងអស់​ដែល​ត្រូវ​គេ​ជីក​នោះ ពេល​លុប​វិញ គឺ​មិន​បាន​ដូច​សភាព​ដើម​ទេ ដោយសារ​តែ​គេ​មិន​បាន​ដឹក​ដី​ពី​កន្លែង​ផ្សេង​យក​មក​ចាក់ បើ​គ្រាន់តែ​កាយ​កៀរ​ដី​ភូមិ ដីស្រែ​ចម្ការ​របស់​អ្នកស្រុក​ដែល​នៅ​ជាប់មាត់​រណ្តៅ​នោះ​ទម្លាក់់​ចូល​រណ្តៅ​តែ​ម្តង ។ អ្នកស្រុក​ទាំងនោះ​បាន​អះអាង​ថា ចំពោះ​រណ្តៅ​ដែល​គេ​កាយ​ដី​ជាប់មាត់​រណ្តៅ​លុប​នោះ កន្លែង​ខ្លះ​លុប​បាន​កន្លះ​រណ្តៅ និង​កន្លែង​ខ្លះ​បាន​ជិត​ពេញ​រណ្តៅ ។ ប៉ុន្តែ​សម្រាប់​កន្លែង​មួយ​ចំនួន​ទៀត ដែល​គេ​មិន​អាច​កាយ​ដី​ក្បែ​ៗ​នោះ​មក​លុប​បាន គឺ​គេ​បាន​កាយ​យក​គល់ឈើ និង​គុម្ព​ឫស្សី​ដែល​គេ​គាស់​រំលើង​ចោល​នោះ រុញ​ទម្លាក់​ចូល​រណ្តៅ​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី មិន​អាច​ប្រើប្រាស់​ដី​នោះ​បាន​ទៀត​នោះ​ទេ សូ​ម្បី​តែ​ដើរ​ឆ្លងកាត់​ក៏​មិន​បាន​ផង ព្រោះ​មែកឈើ មែក​ឫស្សី​នៅ​ច្រូងច្រាង​ពេញ​រណ្តៅ​តែ​ម្តង គឺ​គេ​កាយ​លុប​ឱ្យ​តែ​មានឈ្មោះ​ថា​លុប​ប៉ុណ្ណោះ តើ​លោក​ចៅហ្វាយស្រុក​មាន​ទៅ​អើត​មើល​ស្នាដៃ​នេះ​ដែរ​ទេ ? លោក​អភិបាលស្រុក​ពេញចិត្ត​ការ​លុប​នេះ​ដែរ​ទេ ?

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ពេល​ជួប​ជាមួយនឹង​អាជ្ញាធរ ព្រមទាំង​មន្ត្រី​ជំនាញ​នោះ​អ្នកស្រុក​ដែល​មិន​ទាន់​បាន​ស្ងប់ចិត្ត​នោះ គឺ​មិន​បាន​ឡើង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ឱ្យ​លោក អភិបាលស្រុក ដែល​ជា​អ្នក​ចុះ​ទៅ​ដោះស្រាយ​បានដឹង​នោះ​ទេ ដោយ​ពួក​គាត់​បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា ពួក​គាត់​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​លោក​អភិបាលស្រុក​មាន​សម្តី​កាច​បាន​និយាយ​ដាក់​មេក្រូ​ខ្លាំង​ៗ មិន​ឱ្យ​ពួក​គាត់​ខ្សឹបខ្សៀវ​គ្នា ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ពាក្យ​ក្នុង​ន័យ​សម្លុត​ធ្វើ​ឱ្យ​ពួក​គាត់​ខ្លាច ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​ចុះ​ទៅ​ជួប​ប្រជុំ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ទាំងនោះ​១​ថ្ងៃ លោក ម៉​ន នី​បណ្ឌិត អភិបាលស្រុក​ស៊ី​ធរ​កណ្តាល បាន​បង្ហោះ​ជា​សាធារណៈ នូវ​អត្ថបទ​បកស្រាយ​មួយ​របស់​លោក ដោយ​បាន​អះអាង​ថា អ្នក​ភូមិ​ព្រហ្ម​នី​នាំ​គ្នា​ប្រតិកម្ម​តវ៉ា​រឿង​កង​វិស្វកម្ម​ធ្វើ​ផ្លូវ​នេះ គឺ​ដោយសារ​មាន​សកម្មជន​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់ ជា​អ្នក​ដើរ​ចាក់​ឆ្កឹះ​ប្រជាពលរដ្ឋ​ឱ្យ​តវ៉ា ក្នុង​ន័យ​ចង់​យកចំណេញ​ផ្នែក​នយោបាយ ទាំង​ដែល​រឿងរ៉ាវ​ពិត​ដែល​កើតឡើង គឺ​ដោយសារ​តែ​ក្រុម​កង​វិស្វកម្ម​ជា​អ្នក​ទៅ​ជីក​យក​ដី​ពី​ផ្ទះ​អ្នកស្រុក​សោះ​នោះ ។ ការ​បកស្រាយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​លោក ម៉​ន នី​បណ្ឌិត មាន​ចេតនា​ក្នុង​ការ​ទាញ​យក​រឿង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឱ្យ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នយោបាយ​ទៀត ទើប​សាធារណៈ​មតិ​មួយ​ចំនួន​បាន​លើក​ជា​សំណួរ​ឡើង​ថា ក្នុង​រឿង​ពលរដ្ឋ​ប្រតិកម្ម​តវ៉ា​នេះ តើ​សកម្មជន​បក្ស​ប្រឆាំង ឬ​មួយ​លោក​អភិបាលស្រុក ដែល​ជា​អ្នក​ចង់​យកចំណេញ​ផ្នែក​នយោបាយ​នោះ ?

អ្នកស្រុក​ខ្លះ​និយាយ​ថា ខ្លួនឯង​គណបក្សកាន់អំណាច​ធ្វើបាប​ទឹកចិត្ត​ប្រជាជន បែរជា​ទៅ ទម្លាក់​កំហុស​ដាក់​អ្នក​ផ្សេង ចោទ​គេ​ថា​ជា​បក្ស​ប្រឆាំង​ឱ្យ​ក្លាយជា​រឿង​នយោបាយ ។ បើ​គ្រាន់តែ​គ្នា​តវ៉ា​ចោទ​គ្នា​ថា​បក្ស​ប្រឆាំង ទើប​ធ្វើ​ឱ្យ​ប្រជាជន​ស្លូតត្រង់​មិន​ហ៊ាន​និយាយ ។ ឱ​លោក​អភិបាលស្រុក​អើយ​... មើលទៅ​ចាញ់ឆ្នោត​លឹ​ម​ៗ ពី​ចម្ងាយ​ទៅ​ហើយ​អ្នក​ណា​តវ៉ា​ចោទ​គេ​បក្ស​ប្រឆាំង ។

តើ​លោក​អភិបាលស្រុក មាន​ទៅ​អើត​មើល​រណ្តៅ​ដី​ដែល​កង​វិស្វកម្ម លុប​ឱ្យ​វិញ​នោះ​ដែរទេ ? លោក​មាន​ខុស​ភ្នែក លោក​មាន​មិន​ពេញចិត្ត​ដែរ​ឬទេ ?
ប្រជាជន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​តាំងពី​ដើម​មក​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា លោក​អភិបាលស្រុក​លេង​មួយ​ក្បាច់​នេះ ចាញ់​តោ​ទ្រា​ហើយ​... ចាញ់​ហៅ​លែង​ឮ​ហើយ ។

យក​ល្អ​គួរ​ឈូស​ដី​ដែល​មាន ដែល​មិន​ទាន់​ធ្វើ​ផ្លូវ​ពង្រាប​ឱ្យ​ស្អាត​ក្នុង​ដី​ភូមិ​ប្រជាជន​វិញ ហើយ​ខ្វះ​ប៉ុន្មាន​ទៅ​ដឹក​ដី​ពី​ក្រៅ​ភូមិ​មក​ចាក់​វិញ​ទៅ ទើប​អាច​ចប់​បញ្ហា ព្រោះ​សុទ្ធតែ​ជា​ប្រាក់​ចំណាយ​របស់​រដ្ឋ​ទាំងអស់ ឬ​មួយ​មាន​អ្នកបច្ចេកទេស​ចង់​កេង​ចំណេញ ? មិន​ខ្វះ​ទេ ដី​ទួល​ក្រៅ​ភូមិ ប៉ុន្តែ​សង្ស័យ​ណាស់​មក​ពី​កង​វិស្វកម្ម​ចង់​កេង​ចំណេញ​ថ្លៃ​ប្រេង ថ្លៃ​ដឹក​ប៉ុណ្ណោះ មែន​ទេ ?