​មាត់​ឆ្នេរ​កោះ​ប៉ោ​ត្រូវ​ក្លាយជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ឯកជន​បន្តិច​ម្ដងៗ​ដោយ​គ្មាន​ការទប់ស្កាត់​

ថ្មីៗ​នេះ​ប្រជា​ពល​រដ្ន​ក៏​ដូច​ភ្ញៀវទេសចរ​មួយចំនួន​ដែល​មក​កម្សាន្ត​និង​ហាត់ប្រាណ​តាម​មាត់សមុទ្រ​បណ្ដោយ​កោះ​ប៉ោ​បាន​និយាយ​រិះគន់​តៗ​គ្នា​ថា​មិនគួរណា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មើលមិនឃើញ ឬ ឃើញ​ហើយ​ធ្វើ​មិនឃើញ ចំពោះ​ទង្វើ​រំលោភបំពាន​ឆ្នេរ​ព្រែក កោះ​ប៉ោ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​ទន្ទ្រាន​យក​ឆ្នេរសមុទ្រ​របស់​រដ្ឋកំ​ពុង​តែមាន​ទ្រង់ទ្រាយ​កាន់​ធំ​ឡើងៗ ហើយ​មន្ត្រី​ជំនាញ​បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន​ប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​រៀបរាប់ថា សកម្មភាព ទន្ទ្រាន​យក​ឆ្នេរ​កោះ​ប៉ោ​បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ តែ​នៅពេល​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​មានការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មាន​ផ្សេងៗ​ខ្លាំង​ទើប​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​មួយពេលៗ ហើយ​ក្រោយពី​ស្ងប់ស្ងាត់​សកម្មភាព​ខុសច្បាប់​ក៏​ចេះតែ​បន្ត​កើតឡើង​វិញ​ដដែល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​មិនបាន​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​អនុវត្តន៍​តាមតែ​ថ្នាក់លើ​ប៉ុណ្ណោះ ហើយ​បើ​ថ្នាក់លើ​ស្ងាត់ស្ងៀម​ពួកគេ​ក៏​ស្ងាត់ស្ងៀម​ដូច​ថ្នាក់លើ​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​ខេត្តកោះកុង បាន​បញ្ជាក់ថា សំណង់​ខុសច្បាប់​និង​អនាធិបតេយ្យ​បាន​កើន​ឡើងជា​លំដាប់​នៅក្នុង​ខេត្តកោះកុង គេ​មិនដែល​ឃើញ​អាជ្ញាធរ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ គេ​ឃើញតែ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​រុះរើ​តែប៉ុណ្ណោះ ដល់ពេល​ចេញផុត​អ្នកធ្វើ​នៅតែ​ធ្វើ​អ្នកខ្លាច​នៅតែ​ខ្លាច ដែល​បង្ហាញថា ច្បាប់​គ្មាន​ប្រសិទ្ធភាព​ចំពោះ​នាក់​មាន​លុយ​និង​មានអំណាច​នោះទេ ជាក់ស្ដែង​ដូចជា​រឿង​សំណង់​ខុសច្បាប់​នៅ​កោះ​ប៉ោ​។​

ប្រជា​ពល​ល​រដ្ឋ​បាន​សំណូមពរ ដល់​អាជ្ញាធរ​ខេត្តកោះកុង គប្បី​ចុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅ​ឆ្នេរ​កោះ​ប៉ោ និង​សំណង់​ខុសច្បាប់​មួយចំនួនទៀត​នៅ​ខេត្តកោះកុង​ឡើងវិញ ព្រោះ​សព្វថ្ងៃនេះ​នៅ​ខេត្តកោះកុង​មាន​សំណង់​ខុសច្បាប់​ច្រើនណាស់​។ ដូច្នេះ​អាជ្ញាធរ​គប្បី​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​បើ​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត​សំណង់​ខុសច្បាប់​នឹង​ចេះតែ​បន្ត​កើនឡើង ដែល​ប៉ះពាល់​ខ្លាំង​ដល់​សោភ័ណភាព​ខេត្ត និង​បរិស្ថាន​ផងដែរ​៕

received_1757614001118216 received_1757614021118214