ដើមចេកជ្វានេះ ពិតជាចម្លែកណាស់

ខេត្តស្វាយរៀង ៖ ដើម​ចេកជ្វាមួយ​ដើម មាន​ធ្លាក់​ផ្លែ​មួយ​ស្ទង​​ធំ​ទៅ​ហើយ ​ស្រាប់តែ​ចេញ​នូវ​ត្រ​យ៉ូ​ង​ពី​ស្ទង​ចុង​ស្និត​ចំនួន​​៤​ត្រ​យ៉ូ​ង​ទៀត​ និង​ចេញ​ផ្លែ​ជា​ច្រើន​​ស្និត​​បន្តបន្ទាប់​​ទាំង​៤​ត្រ​យ៉ូ​ងនោះ ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​​​​មើល​ដើម​ចេក​ចម្លែក​​នោះ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពលរដ្ឋ ​កាលពី​វេលា​ម៉ោង​១០​​ព្រឹក​ថ្ងៃ​ទី​១៥ ​កញ្ញា ​២០១៦ ​នេះ​​ថា គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ឈើភ្លើង ​ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក ​បាន​ដាំ​ដើម​ចេកជ្វា​ជា​ច្រើន​គុម្ព​ ក្នុង​ទីធ្លា​ដី​ភូមិ​របស់​គាត់ ​ស្រាប់​មាន​ដើម​ចេក​មួយ​ដើមចេញ​ត្រ​យ៉ូ​ង​មក​មួយ​ស្ទង​បាន​ផ្លែ​បួន​ស្និត​ លុះ​ផ្លែ​ចេក​នោះ​ធំ​ប៉ុន​ៗ​​មេជើង​ ស្រាប់តែ​មាន​ហេតុភេទ​ចម្លែក​ចេញ​ត្រ​យ៉ូ​ង​ពី​ស្ទង​ចុង​ស្និត​ចំនួន​​៤​
ត្រ​យ៉ូ​ង​ទៀត​ និង​បាន​ធ្លាក់​ផ្លែ​គ្រប់​ត្រ​យ៉ូ​ង ធ្វើ​ឱ្យ​ម្ចាស់​ដើម​ចេកភ្ញាក់ផ្អើល​ ។

ដោយ​ឃើញ​ដើម​ចេក​របស់​គាត់​កើត​ហេតុភេទ​ចម្លែក​ដូច្នេះ ក៏​និយាយ​ប្រាប់​បងប្អូន ​និង​អ្នក​ភូមិ​នាំ​គ្នា​មក​មើល​ហើយ​និយាយ​ត​ៗ​គ្នា​បង្ក​ឱ្យ​ផ្អើល​ពេញ​​ភូមិ​ឈើភ្លើង​ និង​អ្នក​ភូមិ​ផ្សេង​ទៀត មក​មើល​ដើម​ចេក​ចម្លែក​នេះ​ ។

ទោះជា​យ៉ា​ណា​ ​ដើម​ចេក​នេះ​ ត្រូវម្ចាស់​គាត់​មិន​ទាន់​ធ្វើ​ពិធី​អ្វី​តាម​ជំនឿ​​​​ទេ ​ប៉ុន្តែ​អ្នក​ភូមិ​​នាំ​គ្នា​និយាយ​ថា ​វា​ជា​រឿង​ចម្លែក​​សំរាប់​ភូមិ​ឃុំ​របស់​ពួក​គាត់​ ដោយ​ពី​មុន​មិន​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង​នោះ​ទេ​ ហើយ​មាន​ចាស់ទុំ​ខ្លះ​និយាយ​ថា​ គួរតែ​ធ្វើ​ពិធី​ដុត​ធូប​ដុត​ទៀន ​បន់ស្រន់​សុំ​សេចក្តីសុខ ​ក្រែង​មាន​ហេតុភេទ​មិនល្អ​ដល់​ភូមិ​ស្រុក ។