ប្រធានគណៈកម្មារអឺរ៉ុបគាំទ្រអោយមានកងទ័ពរួមនៅអឺរ៉ុប

នៅចំពោះមុខសភាអឹរ៉ុប នៅថ្ងៃពុធនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លូត យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់អោយមានកងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោកយ៉ុងកឺបានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខ ដែលអឺរ៉ុបត្រូវទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំងក៏បានគាំទ្រ អោយមានការពង្រឹងសន្តិសុខ និងផ្នែកយោធា នៅអឺរ៉ុបផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លូត យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺរ៉ុប ថ្ងៃពុធនេះនូវបំណងចង់អោយអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោកយ៉ុងកឺចង់អោយអឺរ៉ុបមានធនធានយោធារួមគ្នា។

កង្វះកិច្ចសហប្រតិបត្តិការយោធារួមគ្នារបស់អឺរ៉ុប ក្នុងការការពារសុវត្ថិភាពសន្តិសុខ ធ្វើអោយអឺរ៉ុបខាតបង់ថវិកាពី២០ពាន់លានអឺរ៉ូ ទៅ១០០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ យោងតាមប្រធានគណៈកម្មការអឺរ៉ុប ការដែលសហភាពអឺរ៉ុបធនធានយោធារួម ក៏អាចជាលក្ខណៈបំពេញគ្នាទៅវិញទៅមកជាមួយអង្គការអូតង់ដែរ។

ថ្ងៃពុធនេះ លោកយ៉ុងកឺ ក៏បានបង្ហាញការគាំទ្រសកម្មភាពរបស់គណៈកម្មការអឺរ៉ុប ប៉ុន្មានខែចុងក្រោយនេះ ក្នុងការការពារព្រំដែនខាងក្រៅអឺរ៉ុប ដែលកំពុងរងបញ្ហាលំហូចូលនៃជនភៀសខ្លួន។ លោកបានសន្យាពង្រាយកងការពារព្រំដែននៅក្រៅព្រំដែនប្រទេសប៊ុលហ្ការី យ៉ាងហោច២០០នាក់ ចាប់ពីខែតុលាក្រោយនេះទៅ។

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុបបានឆ្លៀតស្នើអោយមានការពង្រឹងទីភ្នាក់ងារអឺរ៉ុបប៉ូល ដែលជាប៉ូលិសផ្នែកឧក្រិដ្ឋអន្តររដ្ឋាភិបាល។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក៏ទើបបានគាំទ្រអោយពង្រឹងអឺរ៉ុបឡើងវិញ តាមរយៈផ្នែកសន្តិសុខ និងការពារជាតិនេះឯង។ សម្រាប់លោកហូឡង់ ជាការពិតណាស់ ដែលអឺរ៉ុបមានអាមេរិកជាដៃគូការពារសន្តិសុខនៅអូតង់ តែបើអឺរ៉ុបចង់មានសម្លេងក្នុងឆាកអន្តរជាតិ អឺរ៉ុបក៏ត្រូវតែការពារព្រំដែនខ្លួនឯងដោយខ្លួនឯង ធានាសុវត្ថិភាពខ្លួនឯង ប្រយុទ្ធនឹងអំពើភេរវកម្មដែរ។

ប្រធានាធិបតីបារាំងចង់លើកយកបញ្ហាការពារសុវត្ថិភាពអឺរ៉ុប ទៅជជែកក្នុងជំនួបមិនផ្លូវការរបស់អឺរ៉ុប នៅថ្ងៃសុក្រនេះ នៅក្រុងប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី។ ជាជំនួបដែលគ្មានវត្តមានអង់គ្លេសចូលរួម៕

ប្រភព៖ RFI


Related Posts