ដើមកំណើត និងជំនឿផ្សេងៗ ដែលទាក់ទងជុំវិញនឹង «ពិធីបុណ្យសែនព្រះខែ»

ពិធីបុណ្យពាក់កណ្តាលសរទរដូវ (ពិធីបុណ្យសែនព្រះខែ) គឺជាពិធីបុណ្យអបអរសាទរ ការប្រមូលផល ដែលប្រារព្ធឡើងយ៉ាងខ្ជាប់ខ្ជួន ដោយជនជាតិចិន ជនជាតិកូរ៉េ និងជនជាតិវៀតណាម។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី ១៥ កើត ខែទី ៨ តាមច័ន្ទគតិ នៅពេលដែលមានព្រះច័ន្ទរះពេញវង់ ពេលយប់។ ឈ្មោះរបស់ពិធីបុណ្យនេះ បានមកពីការពិត ដែលពិធីបុណ្យនេះ តែងតែប្រារព្ធឡើង នៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងក៏ដោយសារតែ ពិធីបុណ្យនេះធ្វើឡើងនៅពេលដែលព្រះច័ន្ទ មានរាងមូលបំផុត និងភ្លឺបំផុត ប្រចាំឆ្នាំ។

ប្រទេសចិន បានចាត់ទុកពិធីបុណ្យនេះជា “បេតិកភ័ណ្ឌវប្បធម៌អរូបី” នៅក្នុងឆ្នាំ ២០០៦ និងចាត់ចូលជាថ្ងៃបុណ្យជាតិសម្រាប់ឈប់សម្រាក នៅក្នុងឆ្នាំ ២០០៨។ សម្រាប់ឆ្នាំ ២០១៦ យើងនេះ ពិធីបុណ្យសែនព្រះខែ គឺត្រូវនឹងថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញានេះផងដែរ។

# អត្ថន័យនៃ ពិធីបុណ្យសែនព្រះខែ

ពិធីបុណ្យសែនព្រះខែ ត្រូវបានប្រារព្ធឡើង ដោយឈរលើមូលដ្ឋានចំនួន ៣ ដូចខាងក្រោមនេះ ៖

• ការជួបជុំ ៖ ជាពេលដែលគ្រួសារ និងមិត្តភក្តិ មកជួបជុំគ្នា។ គេតែងតែនិយាយថា វាជាពេលដែលព្រះច័ន្ទមានរាងមូល និងភ្លឺបំផុត ដែលបញ្ជាក់ពី ការជួបជុំគ្រួសារទាំងមូល។

• ការថ្លែងអំណរគុណ ៖ ដើម្បីសម្តែងការអរគុណ សម្រាប់ការប្រមូលផល និងអរគុណសម្រាប់ភាពចុះសម្រុងគ្នា រវាងគ្នានឹងគ្នា។

• ការអធិដ្ឋាន ៖ ជាការបូងសួង សម្រាប់កូន សម្រាប់ប្តី ឬប្រពន្ធ បួងសួងឲ្យអាយុវែង ឬសុំសេចក្តីសុខនៅថ្ងៃអនាគត។

ទោះបី ប្រពៃណី និងជំនឿជុំវិញពិធីបុណ្យនេះ បង្កើតឡើងដោយឈរលើគោលបំណងទាំង ៣ នេះក៏ពិតមែន ប៉ុន្តែវានឹងអាចផ្លាស់ប្តូរទៅតាមពេលវេលា ដោយការវិវត្តនូវ បច្ចេកវិទ្យា វិទ្យាសាស្រ្ត សេដ្ឋកិច្ច វប្បធម៌ និងសាសនា។ ប៉ុន្តែ វាមានគោលបំណងរួមធំតែមួយគឺ ការរស់នៅជាមួយគ្នា ប្រកបដោយសេចក្តីសុខ។ 

# ដើមកំណើតនៃ ពិធីបុណ្យសែនព្រះខែ

ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យដែលទាក់ទងនឹង ព្រះច័ន្ទ។ រឿងព្រេងរបស់ ទេពធីតា ឆាងអ៊ឺ (Chang E) ជារឿងព្រេងនិទាន ដែលត្រូវបានគេទទួលស្គាល់ ទូលំទូលាយជាងគេ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖

“កាលពីសម័យបុរាណ ព្រះអាទិត្យចំនួន ១០ បានរះឡើង និងផ្តល់ជាកម្តៅក្តៅយ៉ាងខ្លាំង បណ្តាលឲ្យមានការលំបាក ដល់ការរស់នៅរបស់មនុស្ស។ ហេតុនេះ ទើបវីរៈបុរស ហ័រអ៊ី (Hou Yi) ដែលជាអ្នកពូកែបាញ់ព្រួញបំផុតនោះ បានប្រើប្រាស់កម្លាំងធាតុរបស់គាត់ បាញ់ទម្លាក់ព្រះអាទិត្យចំនួន ៩ ចោល និងបន្សល់ព្រះអាទិត្យ ១ សម្រាប់ផ្តល់ជាពន្លឺ។ ដោយសារតែ វីរៈភាពដ៏ខ្លាំងក្លានេះ បានធ្វើឲ្យមនុស្សជាច្រើនខិតខំ ស្កាត់ពីឆ្ងាយ មកសុំរៀនចំណេះវិជ្ជាពីគាត់។ ក្រោយមក គាត់បានរៀបការជាមួយនឹង ឆាងអ៊ឺ ដែលជាស្រ្តីដែលមានសម្រស់ស្រស់ស្អាត ហើយថែមទាំងមានចិត្តល្អទៀតផង។

ថ្ងៃមួយ ហ័រអ៊ី បានជួបជាមួយនឹង វ៉ាងមូ (Wangmu) ដែលជាម្ចាស់ក្សត្រីនៃឋានសួគ៌ នៅតាមផ្លូវទៅជួបមិត្តចាស់របស់គាត់។ ម្ចាស់ក្សត្រី វ៉ាងមូ បានប្រគល់ ថ្នាំទិព្វ ដែលអាចឲ្យគាត់ប្រែក្លាយជាទេវតានៅលើឋានសួគ៌ មានជីវិតអមតៈបាន។ ប៉ុន្តែ គាត់បែរជាយកថ្នាំទិព្វនោះទៅផ្ទះ និងប្រគល់ឲ្យ ឆាងអ៊ឺ ជាប្រពន្ធទុកទៅវិញ ដោយហេតុមិនចង់បែកចេញពីប្រពន្ធ ឲ្យរស់នៅឋានកណ្តាលតែម្នាក់ឯង។ បីថ្ងៃក្រោយមក នៅពេលដែល ហ័រអ៊ី ចេញទៅបរបាញ់សត្វ ផឹងម៉ឹង (Peng Meng) ដែលជាកូនសិស្សម្នាក់របស់ហ័រអ៊ី បានស្ទុះទៅរក ឆាងអ៊ឺ និងបង្ខំឲ្យនាងប្រគល់ ថ្នាំទិព្វ មកឲ្យខ្លួន។ ឆាងអ៊ឺ ដឹងថាខ្លួនមិនអាចតតាំងឈ្នះ ផឹងម៉ឹង បាន ក៏សម្រេចចិត្តយកថ្នាំទិព្វនោះចេញមកលេបចូលពោះបាត់។ ភ្លាមៗនោះ នាងក៏បានហោះចេញតាមបង្អួច សំដៅទៅលើមេឃ ឆ្ពោះទៅព្រះច័ន្ទ ដែលជាឋានសួគ៌។

បន្ទាប់ពីទទួលដំណឹងនេះ ហ័រអ៊ី មានការឈឺចាប់ណាស់ និងបានស្រែកហៅឈ្មោះរបស់ ឆាងអ៊ឺ ពាសពេញផ្ទៃអាកាស។ គាត់ក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់ហាក់ដូចជាឃើញរូបរាងរបស់ប្រពន្ធគាត់ លេចឡើងនៅលើព្រះច័ន្ទ។ គាត់ក៏បានរៀបចំម្ហូបដែល ឆាងអ៊ឺ ចូលចិត្ត រៀបលើអាសនៈមួយ រួចដាក់សែន សម្រាប់នាង។ បន្ទាប់ពីដឹងថា ឆាងអ៊ឺ បានក្លាយជាទេវតា អ្នកស្រុកអ្នកភូមិទាំងឡាយ ក៏នាំគ្នាធ្វើការបូងសូងសុំសេចក្តីសុខ និងសំណាងល្អ តៗគ្នារហូតមក។” 

# ដើមកំណើត នំសែនព្រះខែ

នៅចុង រាជវង្សយាន (មុនគ.ស ១២៧១ - ១៣៦៨) ប្រជាពលរដ្ឋជាច្រើន មិនអាចទ្រាំទ្រនឹងច្បាប់ដ៏ឃោរឃៅរបស់រដ្ឋាភិបាលបានឡើយ ហើយពួកគេបាន ធ្វើការបះបោរ ជាច្រើនសា។ ក្រោយមក លោក ជូយានចាង (Zhu Yuanzhang) ដែលជាអ្នកបង្កើត រាជវង្សម៉េង (មុនគ.ស ១៣៦៨ - ១៦៤៤) បានធ្វើការរួបរួមកម្លាំងតស៊ូ ដើម្បីរៀបចំគម្រោងការបះបោរ។ ប៉ុន្តែ ដោយសារតែ រដ្ឋាភិបាលមានការតាមដានល្អិតល្អន់ពេក ទើបពួកគេមិនអាចផ្តល់ដំណឹងឲ្យគ្នាទៅវិញទៅមកបាន។ ហេតុនេះ លោកទីប្រឹក្សា លីប៉កវិន (Liu Bowen) បានលើកឡើងនូវគំនិត ដ៏អស្ចារ្យមួយ ដោយលាក់សារសម្ងាត់ ដែលបានសរសេរថា “ងើបបះបោរ នៅយប់ថ្ងៃ ១៥ កើត ខែសីហា” នៅក្នុងនំសែនព្រះខែ និងបានផ្ញើរទៅឲ្យប្រជាពលរដ្ឋទាំងឡាយ។ បន្ទាប់មក ការបះបោរនោះក៏បានទទួលជ័យជំនះ ទើប ជូយានចាង បានយកនំសែនព្រះខែ ជាតំណាងពិធីបុណ្យនោះ។ ចាប់តាំងពីពេលនោះមក ការទទួលទាននំសែនព្រះខែ នៅថ្ងៃពិធីបុណ្យសែនព្រះខែ បានក្លាយជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ។ 

# ហេតុអ្វីត្រូវទទួលទាន នំសែនព្រះខែ ក្នុងពិធីបុណ្យនេះ?

នំសែនព្រះខែ មានច្រើនប្រភេទ ទៅតាមប្រទេសនីមួយៗ ប៉ុន្តែ នំសែនព្រះខែភាគច្រើន មានសំបកម្សៅស្តើង ទន់ និងផុយ ដែលបំពេញដោយស្នូលផ្អែម ជាពិសេស មានផ្នែកក្រហមនៃពងទាប្រៃ នៅចំកណ្តាល ដែលតំណាងឲ្យ ព្រះច័ន្ទពេញវង់។ នៅលើ នំសែនព្រះខែខាងលើ មានបោះជាតួអក្សរចិន ដែលមានន័យថា “ភាពយូរអង្វែង” និង “ភាពសុខដុមរមនា”។ ការតុបតែងបន្ថែមទៀត រួមមានដូចជា រូបព្រះច័ន្ទ រូបទេពធីតាឆាងអ៊ឺលើព្រះច័ន្ទ និងរូបទន្សាយ (ទន្សាយក៏តំណាងឲ្យព្រះច័ន្ទដែរ)។

នៅថ្ងៃបុណ្យសែនព្រះខែ នំសែនព្រះខែនេះ ជាអាហារដែលសំខាន់គេ និងត្រូវបានដាក់សែន ឧទ្ទិសទៅឲ្យព្រះច័ន្ទ រួចទទួលទានវា ជាការអបអរសាទរ។ នំសែនព្រះខែមានរាងមូល ដែលតំណាងឲ្យ ការជួបជុំគ្រួសារ ដូច្នេះមានន័យថា ការទទួលទាននំសែនព្រះខែ នៅក្រោមព្រះច័ន្ទពេញវង់ ត្រូវបានជឿថាធ្វើឲ្យទំនាក់ទំនងគ្រួសារ និងមិត្តភក្តិ មានភាពយូរអង្វែង។ សព្វថ្ងៃនេះ ការជូននំសែនព្រះខែទៅក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងបំណងចង់ឲ្យពួកគេមានសុភមង្គល និងអាយុយឺនយូរ។

# អាហារដែលគួរទទួលទានក្នុង ពិធីបុណ្យសែនព្រះខែ ផ្សេងទៀត

ខាងក្រោមនេះជា ប្រភេទអាហារផ្សេងទៀត គួរតែធ្វើការទទួលទាន បន្ទាប់ពីនំសែនព្រះខែ ដែលជាជំនឿ ដីពេញនិយមរបស់ជនជាតិចិន ៖

• ល្ពៅ ៖ ធ្វើឲ្យមានអាយុវែង

• ខ្យងស្រែ ៖ ធ្វើឲ្យភ្នែក មានភាពភ្លឺថ្លា

• ត្រាវ ៖ ផ្តល់សំណាងល្អ

• ស្រាមេ ជាមួយផ្កាចិន ៖ ផ្តល់ភាពរីករាយ ក្នុងជីវិត ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើមកំណើត និងជំនឿផ្សេងៗ ដែលទាក់ទងជុំវិញនឹង «ពិធីបុណ្យសែនព្រះខែ»

ដើមកំណើត និងជំនឿផ្សេងៗ ដែលទាក់ទងជុំវិញនឹង «ពិធីបុណ្យសែនព្រះខែ»

ដើមកំណើត និងជំនឿផ្សេងៗ ដែលទាក់ទងជុំវិញនឹង «ពិធីបុណ្យសែនព្រះខែ»

ដើមកំណើត និងជំនឿផ្សេងៗ ដែលទាក់ទងជុំវិញនឹង «ពិធីបុណ្យសែនព្រះខែ»