ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ប្រកាស​ឲ្យ​ប្រើ​សេវា​ទូទាត់​បែប​អេឡិចត្រូនិក​តាម​វីង ជាមួយ​ក្រសួង​ពាណិជ្ជកម្ម

ថ្ងៃ​នេះ​គឺ​ជា​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ទូទាត់​សេវាកម្ម​តាម​អេឡិចត្រូនិក និង​ការ​ប្រគល់​ជូន​អនុស្សរណៈ​យោគ​យល់ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ​ឯក​ទេស​វីង នៅ​ថ្ងៃ​ទី១៥ កញ្ញា ២០១៦។ កម្មវិធី​ត្រូវ​បាន​ចូល​រួម​ក្រោម​អធិបតេយ្យ​ភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នក​ឧកញ៉ា គិត ម៉េង អ្នក​តំណាង​ឲ្យ​ធនាគារ​វីង លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ប្រតិបត្តិ​ធនាគារ​វីង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត នៅ​ក្រសួង​ពាណិជ្ជកម្ម។

 

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា ការ​ទូទាត់​សេវាកម្ម​តាម​អនឡាញ និង​ដាក់​ឲ្យ​សាធារណជន​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ប្រកាស​ឲ្យ​ប្រើ​សេវា​ទូទាត់​បែប​អេឡិចត្រូនិក​តាម​វីង ជាមួយ​ក្រសួង​ពាណិជ្ជកម្ម

 

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ឯក​ទេស​វីង ថ្លែង​ថា៖ “កិច្ច​សហ​ប្រតិបត្តិការ​នេះ នឹង​នាំ​មក​នូវ​ការ​ទូទាត់​សេវាកម្ម​តាម​អនឡាញ​ថ្មី​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស​ដៃគូ​ទាំង​ពីរ​អាច​គ្រប់គ្រង​ចំណូល​របស់​សេវាកម្ម​រដ្ឋ​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់​តែ​លឿន សុវត្ថិភាព និង​ងាយ​ស្រួល​តាម​រយៈ​វីង។ យើង​ក៏​បាន​នាំ​យក​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​បង់​ប្រាក់ ដោយ​មិន​ចាំបាច់​ប្រើ​សាច់​ប្រាក់”។

 

លោក​បន្ត​ថា៖ “យើង​នឹង​ពង្រឹង​ដៃគូ​បន្ថែម​ទៀត​ជាមួយ​នឹង​វិស័យ​សាធារណៈ ដើម្បី​ឲ្យ​អតិថិជន​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​បង់​ថ្លៃ​សេវា។ ជាមួយ​វីង អ្នក​មិន​ចាំបាច់​ យក​សាច់​ប្រាក់ ឬ​ត្រូវ​ចំណាយ​ពេល​តម្រង់​ជួរ​យូរ​សម្រាប់​បង់​ថ្លៃ​សេវា​នោះ​ទេ អ្វី​ដែល​គេ​ត្រូវ​ធ្វើ​គឺ​ប្រើប្រាស់​គណនី​វីង ទូទាត់​តែ​ប៉ុណ្ណោះ”។

 

ដើម្បី​ប្រើ​សេវាកម្ម​វីង អតិថិជន​គ្រាន់​តែ​បើក​គណនី​វីង​ដោយ​ឥត​គិត​ថ្លៃ នៅ​ភ្នាក់ងារ វីង ណា​មួយ​នៅ​ទូទាំង​ប្រទេស ឬ​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​វីង។ អតិថិជន​គ្រាន់​តែ​មក​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ច្បាប់​ដើម​ណា​មួយ​ក៏​បាន ដូចជា អត្តសញ្ញាណ​ប័ណ្ណ លិខិត​ឆ្លង​ដែន ប័ណ្ណ​បើកបរ ឬ​កាត​មន្ត្រី​រាជការ។ ដើម្បី​ប្រើ​សេវាកម្ម​វីង​អតិថិជន​គ្រាន់​តែ ចុច *989# ដោយ​ឥត​គិត​ថ្លៃ ឬ​ទាញ​យក​កម្មវិធី​ទូរសព្ទ “Wing Money” តាម​ App Store ឬ Google Play Store។

 

ធនាគារ​ឯកទេស​វីង​គឺ​ជា​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ក្នុង​ប្រទេស និង​ជា​ក្រុមហ៊ុន​ឈាន​មុខ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ជា​ច្រើន ដូចជា ការ​វេរ​ប្រាក់ បញ្ចូល​លុយ​ទូរសព្ទ បង់​វិក្កយបត្រ វីង​គិត​លុយ (ការ​ទូទាត់​ដោយ​ប្រើ​កាត វីង នៅ​ហាង​លក់​រាយ) និង​ការ​ទូទាត់​តាម​បណ្តេញ​អ៊ីនធឺណិត គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​វិបសាយ www.wingmoney.com ឬ​ទាក់ទង ០២៣ ៩៩៩ ៩៨៩

 

អត្ថបទ៖ ពាណិជ្ជកម្ម