មួយប៉ប្រិចភ្នែក ! ផ្ទះ​លក់​បាយ​ម្ហូប​កម្ម​ង់​ឆេះ​អស់រលីង

ខេត្តក្រចេះ ៖ ត្រឹមតែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ផ្ទះ​លក់​បាយ​ម្ហូប​កម្ម​ង់​មួយ​កន្លែង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ មានឈ្មោះ អិត កឺ អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ែ​ន អឿ​ន អាយុ​៦០​ឆ្នាំ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ផ្ទះ​ឈើ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​១២​មែ​ត្រ ជា​ផ្ទះ​លក់​បាយ​ម្ហូប​កម្ម​ង់​មួយ​ខ្នង​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ម្តុំ​នោះ ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បន្ត​ទៀត​ថា គ្រោះ​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ គឺ​ឆេះ​អស់​ផ្ទះ​១​ខ្នង​ទាំងស្រុង​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ រួម​ទាំង​សម្ភារ​ប្រើប្រាស់ ម៉ូតូ និង​លុយ​មួយ​ចំនួន​ដែល​នៅ​ក្នុងផ្ទះ​ផង​ដែរ ដែល​ការ​ឆេះ​នេះ​គឺ​បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆាបឆេះ​ជាមួយ​សាំង​ជា​ច្រើន​ប៊ីដុង​ដែល​នៅ​ក្បែរ​នោះ ខណ​ម្ចាស់ផ្ទះ​ចំអិនម្ហូប​ទុក​ចោល រួច​ជាប់រវល់​ទទួលភ្ញៀវ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យរ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល និង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ៣​គ្រឿង​ធំ​ៗ​បាន​ចេញ​ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​ឡាន ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆាបឆេះ​រាលដាល ៕