រដ្ឋាភិបាល​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៣​បន្ថែមទៀត​ និពន្ធដោយ : ខន ចំប៉ា       September-15-2016, 5:14 pm         42

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៣​បន្ថែមទៀត​​រដ្ឋាភិបាល​កម្ពុជា ទើបតែ​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៣​ថ្មី​បន្ថែមទៀត ឲ្យ​ក្រសួង    បរិស្ថាន​គ្រប់គ្រង​។ រាប់ទាំង​ការដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​ថ្មី​ទាំង​៣​នេះ​ទៀត មាន​តំបន់ការពារធម្មជាតិ​សរុប ៤៥ ដែលមាន​ផ្ទៃ​សរុប ៥.៩០២.៤៤៤,០៦ ហិច​តា ស្ថិតក្រោម​ការ​គ្រប់​របស់​ក្រសួងបរិស្ថាន​។

​នៅ​ថ្ងៃទី​១៣ ខែកញ្ញា រដ្ឋាភិបាល​បានសម្រេច​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៣​ថ្មី​បន្ថែមទៀត ដែលមាន​ផ្ទៃដី​សរុប ២៧.៩៤១,០៦​ហិច​តា ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិ​ទាំង​៣​នោះ រួមមាន ឧទ្យាន​ជាតិ​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី​ទំហំ ២.៦៥៥,៣៥​ហិច​តា តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ក្នុង​ខេត្តព្រះវិហារ​មាន​ផ្ទៃដី​ទំហំ ២៥.២៦៩,៤១ ហិច​តា និង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទំហំ​១៦,៣​ហិច​តា​។

​ការដាក់​កោះរ៉ុង ជា​ឧទ្យាន​ជាតិ និង​ដាក់​បឹង​ព្រែក​ទប់ ជា​តំបន់​អភិរក្ស​ទឹកសាប គឺ​ដើម្បី​ធានា​ការថែរក្សា និង​ការពារ​សោភណភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ក្នុង​តំបន់​នោះ និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង​ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងបរិស្ថាន ដែល​បន្ត​ពន្យល់​ពី​មូលហេតុ​នៃ​ការដាក់​តំបន់ភ្នំ​ត្បែង ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថា ដើម្បី​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់ ការពារ​សោភណភាព​ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ សម្រាប់​បម្រើ​ឲ្យ​កម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ  និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ ពុំ​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​នៅ​មូលដ្ឋាន​។

​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួងបរិស្ថាន ក៏​កំពុង​សិក្សា​លើ​តំបន់​មួយចំនួនទៀត ដែលមាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដើម្បី​រៀបចំ​បង្កើតជា​តំបន់ការពារធម្មជាតិ ទាំង​នៅ​តំបន់​ដីគោក តំបន់ដីសើម និង​តំបន់​ឆ្នេរសមុទ្រ​ដែរ​។

​សូមបញ្ជាក់ បើ​រាប់ទាំង​ការដាក់បញ្ចូល​តំបន់​ទាំង​៣​នេះ​ទៀត ក្រសួងបរិស្ថាន​កំពុង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​សរុប​ចំនួន​៤៥ ដែលមាន​ផ្ទៃ​ទាំងអស់​ចំនួន ៥.៩០២.៤៤៤,០៦ ហិច​តា​៕