PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក

PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក

ក្រោយពីបានចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តភាគខ្មែរចំនួនពីររឿងរួចមកហើយនោះ ស្ថានីយទូរទស្សន៍ភីអិនអិន នៅតែបន្តអនុវត្តគោលដៅរបស់ខ្លួនក្នុងការលើកស្ទួយខ្សែភាពយន្តភាគខ្មែរបន្ថែមទៀត ដោយបន្តគាំទ្រលើកទឹកចិត្តស្នាដៃរបស់អ្នកនិពន្ធក្នុងស្រុក។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ភីអិនអិនបានរៀបចំនូវកិច្ចពិភាក្សាដ៏មានអត្ថប្រយោជន៍មួយជាមួយនឹងអនុប្រធាន និងសមាជិកនៃសមាគមក្រុមអ្នកនិពន្ធខ្មែរចំនួន៨រូប ដែលសុទ្ធសឹងជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការតែងនិពន្ធរឿង កំណាព្យ ចម្រៀង។ល។ សមាសភាពអ្នកចូលរួមទាំង៨រូបមានដូចជា៖ ឯកឧត្តម ខៀវ កុសល, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ្ឍិ, អ្នកស្រី ប៉ុល ពិសី, អ្នកស្រី អ៊ុក សំណាង, លោក ពៅ សុខ, លោក ជា សំអាត, លោក ប្រាក់ សុទ្ធធី និងអ្នកស្រី សុត សុជាតា។

នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកនិពន្ធខ្មែរនោះដែរ ភីអិនអិន បានបើកទូលាយ ដល់ពួកគាត់ទាំង៨រូប ដើម្បីបញ្ចេញជាមតិយោបល់ គោលដៅដើម្បីពង្រឹងការសរសេរScript រឿង ឲ្យកាន់តែមានគុណភាព ដែលវាជាចំណុចសំខាន់មួយដើម្បីធានាបានការផលិតចេញនូវខ្សែភាពយន្តភាគដ៏ល្អឯកសម្រាប់អ្នកទស្សនា។

ការផលិតចេញនូវខ្សែរឿងមួយល្អចាំបាច់ត្រូវមានចំណុចប្រាំយ៉ាងសំខាន់ៗ ក្នុងនោះមានដូចជា ១) ការនិពន្ធរឿង ២) ការដឹកនាំរឿង ៣) ការសម្ដែងរបស់តួ ៤) បច្ចេកទេសនៃការថត និងទី៥) ការកាត់ត ដែលទាមទារឲ្យមានការច្របាច់ចូលគ្នាតែមួយ ដើម្បីផលិតចេញនូវរឿងដែលល្អសម្រាប់អ្នកមើល។ នេះគឺជាមតិរួមមួយនៅក្នុងជំនួបក្រុមអ្នកនិពន្ធខ្មែរនៅព្រឹកថ្ងៃអង្គារ នៅឯអគារអិលវ៉ាយភីគ្រុប។

ឯកឧត្តម ខៀវ កុសល អនុប្រធានអ្នកនិពន្ធនៃសមាគមអ្នកនិពន្ធខ្មែរ បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ដែលភីអិនអិនចាប់អារម្មណ៍ទៅដល់អ្នកនិពន្ធពីព្រោះកន្លងមកនៅក្នុងភាពយន្តគេស្គាល់តែអ្នកសម្តែង គេអត់ដែលស្គាល់អ្នកថត អ្នកកាត់ត អ្នកបញ្ចូលសំឡេង ហើយគេក៏អត់ស្គាល់អ្នកនិពន្ធយ៉ាងណាទេ ប៉ុន្តែពេលនេះអ្នកនិពន្ធទាំង៨រូបបានបញ្ចេញមុខហើយនៅភីអិនអិន»។

អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការតាក់តែងនិពន្ធ ហើយកន្លងមកស្នាដៃរបស់អ្នកស្រីក្នុងការផលិតរឿងភាគតាមទូរទស្សន៍ក៏មានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ផងដែរ។ សព្វថ្ងៃអ្នកស្រីកំពុងតែសរសេររឿងសម្រាប់ភីអិនអិន ហើយក្នុងពេលឆាប់ៗនេះ ទូរ ទស្សនិកជននឹងបានតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំពេញចិត្តដែលភីអិនអិនបានរៀបចំជំនួបជាមួយអ្នកនិពន្ធខ្មែរ នេះជាគំនិតមួយដ៏ល្អក្នុងការលើកទឹកចិត្តទៅដល់អ្នកនិពន្ធក្នុងស្រុក ពីព្រោះកន្លងមកអ្នកនិពន្ធរឿងគេមិនសូវនឹកឃើញ និងឲ្យតម្លៃទេ នៅពេលរឿងមួយល្អ ភាគច្រើនគេថាតួលេងល្អណាស់ ប៉ុន្តែចំពោះអ្នកនិពន្ធវិញគេអត់ដែលនឹកឃើញទេ»។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន បានបញ្ជាក់ថា៖ «យើងមើលឃើញថា Script writer គឺជាចំណុចសំខាន់មួយក្នុងការផលិតរឿងភាគដែលមានគុណភាពល្អ ដូច្នេះហើយទើបភីអិនអិនទំនាក់ទំនងទៅខាងសមាគមអ្នកនិពន្ធខ្មែរ យើងបានសិក្សាជាមួយពួកគាត់ ដើម្បីអញ្ជើញពួកគាត់ដែលជាអ្នកនិពន្ធល្បីៗក្នុងស្រុកដើម្បីមកពិភាក្សា ដើម្បីធ្វើម៉េចឲ្យគុណភាពកុនផលិតចេញទៅបានល្អ»។

កញ្ញាបានបន្ថែមផងដែរថា៖ «ភីអិនអិនក៏ស្វាគមន៍ទៅដល់អ្នកនិពន្ធដែលមានទេពកោសល្យទាំងឡាយ ដើម្បីលើកឡើងជាគំនិតមកកាន់យើង ប្រសិនបើពួកគាត់មានសាច់រឿងដែលល្អ សូមផ្ញើរមកខាងយើងខ្ញុំ យើងនឹងជជែក និងពិនិត្យមើលពីលទ្ធភាពដើម្បីផលិត ចេញជាភាពយន្តសម្រាប់ទូរទស្សន៍»។

ភីអិនអិនជាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយដែលហ៊ានផ្តល់ទុនវិនិយោគយ៉ាងច្រើនទៅលើការផលិតខ្សែភាពយន្តភាគខ្មែរដ៏ល្អគួរជាទីចាប់អារម្មណ៍ដល់ពលរដ្ឋកម្ពុជា ដោយមិនត្រឹមតែគាំទ្រផលិតកម្មក្នុងស្រុក អ្នកដឹកនំារឿងក្នុងស្រុក និងតួសម្តែងក្នុងស្រុកប៉ុននោះទេ តែភីអិនអិនក៏មានការផ្តោតសំខាន់ខ្ពស់ផងដែរទៅលើស្នាដៃអ្នកនិពន្ធក្នុងស្រុក។

ខ្សែភាពយន្តភាគខ្មែរចំនួន២រឿងកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅរៀងរាល់ម៉ោង៨យប់។ រឿងទីមួយគឺ ម្ទេសហឹរ ប៉ះអំបិលប្រៃ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ហើយរឿងទី២ គឺ សង្គ្រាមបេះដូង ចាក់បញ្ចាំងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់៕

PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក

ប្រភព ៖ kqube

  • PNN ​បន្ត​លើក​ស្ទួយ​ភាពយន្ត​ភាគ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​អ្នកនិពន្ធ​ក្នុង​ស្រុក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:ជីវិតនិងសង្គម
Tags: