អាជ្ញាធរ​ខេត្ត​កំពង់ធំ​កំពុង​តាមដាន​ស្ថានភាព​ទឹក​ស្ទឹង​សែន​ដែល​ហក់​ឡើង​ខ្ពស់

អាជ្ញាធរ​ខេត្ត​កំពង់ធំ កំពុង​តាមដាន​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹងសែន ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​ទឹក​ស្ទឹងសែន ហក់​ឡើង​ខ្ពស់ បណ្ដាល​ឱ្យ​លិច​ផ្លូវ​ធ្វើ​ដំណើរ និង​ប៉ះពាល់​តំបន់​មួយ​ចំនួន​នៅ​តាម​ដង​ស្ទឹងសែន និង​តំបន់​ផ្សេង​ទៀត។ បើ​​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា កម្ពស់​ទឹក​ក្នុង​ស្ទឹង​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ឡើយ។ អាជ្ញាធរ​ខេត្ត​ថា ប្រសិនបើ​ស្ថានភាព​មេឃ ស្រឡះ មិន​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត កម្រិត​ទឹក​ស្ទឹង​សែន មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​ទេ។

អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​តាមដាន​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ស្ទឹង​មួយ​ចំនួន រួម​មាន​ស្ទឹង​ជីនិត ស្ទឹងសែន ឱ្យ​ពួកគាត់​ប្រុង​ប្រយ័ត្ន​ខ្ពស់។

លោក​ថា ផល​ប៉ះពាល់​ដោយសារ​ទឹក​ស្ទឹង​ឡើង​ខ្ពស់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​មិន​ទាន់​ដឹង​ជា​ផ្លូវការ​ទេ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្រង់​ស្ថិតិ​អ្នក​រង​ប៉ះពាល់​ទាំង​នោះ៖ «យើង​បាន​ដាក់​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ដាក់​ផែនការ​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក​ទាំង​អស់​ហ្នឹង​ឱ្យ​ពិនិត្យ​លើ​ទីតាំង​មួយ​ចំនួន​ដែល​ទទួល​បាន​នូវ​ការ​ធ្លាក់​ទឹក​ភ្លៀង​ខ្លាំង»

ស្រុក​ចំនួន​បី និង​ក្រុង​មួយ​ដែល​នៅ​ជាប់​ដង​ស្ទឹង​សែន និង​អាច​រង​ផល​ប៉ះពាល់ ពី​ជំនន់​ទឹកភ្លៀង ឬ​ជំនន់​ទឹក​ស្ទឹងសែន មុន​គេ រួម​មាន​ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទសំបូរ  ស្រុក​កំពង់ស្វាយ  និង​ក្រុង​ស្ទឹងសែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។