អ្នក​ដឹក​ជន្លង់​ម្រេច​នៅ​ខេត្ត​ក្រចេះ​ប្រតិកម្ម​នឹង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រឿង​បង់​ប្រាក់​ផាក​ពិន័យ

ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ប្រតិកម្ម​នឹង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដែល​មិន​បាន​ប្រគល់​រថយន្ត​ឲ្យ​ពលរដ្ឋ​វិញ បើ​ទោះ​បី​ពួក​គាត់​បាន​បង់​ប្រាក់​ពិន័យ​រួច​ហើយ​ក្តី។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់​រថយន្ត​ដឹក​ជន្លង់​ម្រេច និង​ឈើ​ធ្វើ​គ្រឿង​ផ្ទះ​របស់​ពលរដ្ឋ​ជាង ៣០​គ្រឿង​កាល​ពី​ខែ​កក្កដា

ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៥ កញ្ញា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់​រថយន្ត​ពលរដ្ឋ​ជាច្រើន​គ្រឿង តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់ តែ​នៅ​ពេល​ពលរដ្ឋ​បាន​យក​ប្រាក់​បង់ អាជ្ញាធរ​ជំនាញ​បាន​ឆ្លើយ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​កំណត់​កាលបរិច្ឆេទ​ប្រគល់​រថយន្ត។

ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​រស់នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​លោក អ៊ុក សំអឿន និយាយ​ទាំង​កំហឹង​ថា ក្រុម​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ដែល​ឃាត់​រថយន្ត​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច ហើយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ជាង០០​​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​រថយន្ត ហើយ​នៅ​ពេល​ដែល​ពលរដ្ឋ​បាន​បង់​ប្រាក់​រួច អាជ្ញាធរ​ជំនាញ​នៅ​តែ​មិន​ប្រគល់​រថយន្ត​ឲ្យ​ពួក​គាត់លោក​ត្អូញ​ថា នីតិវិធី​ការងារ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ប្រើ​រយៈពេល​យូរ បង្ក​ឲ្យ​ប៉ះពាល់​ជីវភាព​ពួក​គាត់​ធ្ងន់ធ្ងរ។

លោក​រំឭក​ថា ឈើ​ជន្លង់​ម្រេច​របស់​លោក គឺ​ទិញ​ពី​អ្នក​ភូមិ​ដែល​ប្រមូល​បាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បំណង​ដឹក​ទៅ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​កាល​ពី​ដើម​ខែ​កក្កដា។ លោក​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ពុំ​មាន​តម្លាភាព ខណៈ​ឈ្មួញ និង​អ្នក​មាន​អំណាច​មួយ​ចំនួន នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន និង​កាប់​ឈើ​រាន​យក​ដី​តាម​អំពើ​ចិត្ត ពុំ​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់«»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ លោក ទ្រី សុភ័ក្រ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

រំដោះ​រថយន្ត​ជន្លង់​ម្រេច ក្រចេះ ២០១៦ ៨៥៥
ក្រុម​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​នាំ​គ្នា​រំដោះ​រថយន្ត​ចេញ​ពី​ទីស្នាក់ការ​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo Provided

ពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​សមត្ថកិច្ច បាន​ឃាត់​រថយន្ត​ដឹក​ជន្លង់​ម្រេច ដឹក​ក្ដារ និង​ឈើ​ធ្វើ​គ្រឿង​ផ្ទះ​ជាង ៣០​គ្រឿង​នៅ​ស្រុក​ចិត្របុរី និង​តម្រូវ​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​តាម​ប្រភេទ​រថយន្ត​ថ្មី ឬ​ចាស់​ចាប់​ពី ២​លាន​រៀល​ដល់ ១២​លាន​រៀល។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា វិធានការ​របស់​អាជ្ញាធរ​ជំនាញ​មាន​ស្តង់ដារ​ពីរ ដែល​តឹងតែង​ចំពោះ​ពលរដ្ឋ​ក្រីក្រលោក​ថា បើ​ពលរដ្ឋ​បង់​ប្រាក់​ផាក​ពិន័យ​រួច​ហើយ មន្ត្រី​ជំនាញ​ត្រូវ​សម្រួល​ផ្តល់​រថយន្ត​ជូន​ពលរដ្ឋ​តាម​នីតិវិធី។ លោក​ផ្តល់​មតិ​ថា ពលរដ្ឋ​មាន​បញ្ហា​នេះ​គួរ​តែ​រួម​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌៖ «»

កាល​ពី​ថ្ងៃ​ទី​៣ សីហា ពលរដ្ឋ​ប្រមាណ ៥០​នាក់ បាន​លើក​គ្នា​ចូល​ទីស្នាក់ការ​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ រំដោះ​រថយន្ត​ប្រភេទ​សាំងយ៉ុង (ssangyong) ដឹក​ជន្លង់​ម្រេច និង​ឈើ​គ្រឿង​ផ្ទះ ២​គ្រឿង។ ការ​សម្រុក​ចូល​រំដោះ​រថយន្ត​នេះ បង្ក​ឲ្យ​ពលរដ្ឋ ៥​នាក់​របួស និង​បុរស​ម្នាក់​ស្លាប់​ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​មន្ត្រី​អាវុធហត្ថ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។